ពិភពលោក

ប្រធានរដ្ឋសភា​អាមេរិក ត្រៀមបើកនីតិវិធី​បណ្ដេញ «ត្រាំ» ចេញពីតំណែង

អ្នកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានរដ្ឋសភា​អាមេរិក ដែលមានអ្នកតំណាងរាស្ត្រភាគច្រើន មកពីគណបក្ស​ប្រជាធិបតេយ្យ បានប្រកាសត្រៀមបើកនីតិវិធី ដើម្បីបណ្ដេញលោក ដូណាល់ ត្រាំ (Donald Trump) ឲ្យចេញពី​តំណែង បើទោះជា​ប្រធានាធិបតីចប់អាណត្តិរូបនេះ នៅសល់ពេល​អង្គុយក្នុងតំណែង តែជាង១០ថ្ងៃទៀតក៏ដោយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំសប្ដាហ៍ ក្នុងព្រឹកថ្ងៃព្រហស្បត្តិ៍នេះ អ្នកស្រី ផេឡូស៊ី បានចោទលោក ត្រាំ ថាបានចូលរួម​ក្នុង«ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» នៅក្នុងព្រឹត្តិការណ៍​​ចូលទន្ទ្រានកាន់កាប់​វិមានកាពីតូល (វិមានសភា​ទាំងពីរថ្នាក់ របស់សហរដ្ឋអាមេរិក) កាលពីរសៀលថ្ងៃពុធ ដោយក្រុម​អ្នកនិយម-គាំទ្រ​លោក ដូណាល់ ត្រាំ។

អ្នកស្រីបានថ្លែងក្នុងជំហានដំបូង ជំរុញលោក មៃ ផេន (Mike Pence) ដែលជាអនុប្រធានាធិបតី ឲ្យប្រើ​ច្បាប់វិសោធនកម្ម​​ទី២៥ នៃរដ្ឋធម្មនុញ្ញ ដើម្បីប្រកាសថា លោក ដូណាល់ ត្រាំ គ្មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដឹកនាំសហរដ្ឋអាមេរិក​​តទៅទៀតទេ។

បន្ទាប់មកអ្នកស្រី បានបញ្ជាក់ថា៖

«បើសិនជាលោក មៃ ផេន មិនបញ្ចេញប្រតិកម្មទេ នោះរដ្ឋសភា​អាចនឹងត្រៀមខ្លួន​រួចជាស្រេច ដើម្បីបោះជំហាន​​ទៅបើកនីតិវិធី​ដកតំណែងប្រធានាធិបតី (ចេញពីលោក ដូណាល់ ត្រាំ)។»

សម្រាប់អ្នកស្រីប្រធានរដ្ឋសភា ការដកលោក ត្រាំ ចេញពីអំណាច ជាកិច្ចការដ៏បន្ទាន់បំផុត។ អ្នកស្រីពន្យល់ថា៖

«ម្សិលម៉ិញ (ថ្ងៃពុធទី៦ ខែមករា) ប្រធានាធិបតី​នៃសហរដ្ឋអាមេរិករូបនេះ បានញុះញង់​ឲ្យមានការបះបោរ​ប្រដាប់អាវុធ ប្រឆាំងនឹង​ប្រទេសអាមេរិក (…) ការលោតរំលង​បន្ទាត់ក្រហម គឺជាសភាពគ្រោះថ្នាក់​ដ៏ខ្លាំងបំផុត រហូតដល់ថ្នាក់ថា យើងមិនត្រូវទុក​ឲ្យប្រធានាធិបតី​ម្នាក់នេះ មានអំណាច​ក្នុងការសម្រេច​អ្វីៗ​ទៀតឡើយ។»

យ៉ាងណា ក្រុមអ្នកជំនាញ​បានបង្ហាញទុទិដ្ឋិនិយម ចំពោះនីតិវិធីរបស់អ្នកស្រី ផេឡូស៊ី និងរដ្ឋសភា ក្នុងការដកតំណែង​លោក ដូណាល់ ត្រាំ ដោយហេតុថា (១) ត្រូវប្រើរយៈពេលវែង និង(២) ត្រូវឆ្លងកាត់តាមព្រឹទ្ធសភា ដែលភាគច្រើន មានសមាជិក​មកពីគណបក្ស​សាធារណរដ្ឋ។

នៅចុងឆ្នាំ២០១៩ រដ្ឋសភានៃសហរដ្ឋអាមេរិក បានបើកនីតិវិធីបណ្ដេញលោក ត្រាំ ម្ដងហើយ តែនីតិវិធីនោះ បានទទួលបរាជ័យ នៅពេលឡើង​ទៅដល់​ព្រឹទ្ធសភា ក្នុងដើមឆ្នាំ២០២០។ តែអ្នកស្រី ផេឡូស៊ី មិនអស់សង្ឃឹមទេ ដោយថ្លែងទៀតថា៖

«ប្រសិនជាលោក (ត្រាំ) ចង់ក្លាយជាមនុស្សតែមួយ ដែលទទួលរងនូវនីតិវិធីបណ្ដេញចេញ ចំនួនពីរដងដូច្នេះ អញ្ចឹងរឿងនេះ វាអាស្រ័យ​ទៅលើ​លោកខ្លួនឯង និងខុទ្ទកាល័យ​របស់លោក ដើម្បីសម្រេចថា តើលោកចង់នៅក្នុង​តំណែងបន្តទៀត ឬយ៉ាងណា។»

មេដឹកនាំស្ថាប័ននីតិបញ្ញត្តិ ដែលចេញពីគណបក្សប្រជាធិបតេយ្យ​រូបនេះ បានបន្តព្រមានថា៖

«ទោះបីជាលោក (ត្រាំ) នៅសល់ពេលតែ១៣ថ្ងៃទៀតក្ដី តែជារៀងរាល់ថ្ងៃ អ្វីៗនឹងអាចក្លាយជាខ្សែភាពយន្ដ ដ៏ភ័យរន្ធត់ សម្រាប់សហរដ្ឋអាមេរិក៕»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។