តាំងពីព្រឹកព្រហាម ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ប្រទេសរុស្ស៊ីរបស់លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន (Vladimir Poutine) បាន«ប្រកាសសង្គ្រាម» និងលើកកងទ័ព វាយលុកឈ្លានពាន ចូលប្រទេសអ៊ុយក្រែន ដែលជារដ្ឋអធិបតេយ្យមួយ នៅជាប់ព្រំដែនជាមួយខ្លួន។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមបើកទំព័រផ្សាយផ្ទាល់ និងផ្សាយចេញ នូវដំណើងទាំងឡាយ ដែលទាក់ទងនឹងព្រឺត្តិការណ៍ ដ៏អកុសលនេះ។ ទស្សនាវដ្ដីនឹងធ្វើបច្ចុប្បន្នភាព ជារៀងរាល់១៥នាទីម្ដង។
រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក «Zbigniew Rau» ដែលកាន់តំណែងប្ដូរវេន ជានាយកអង្គការដើម្បីសន្ដិសុខ និងសហប្រតិបត្តិការអ៊ឺរ៉ុប «OSCE» បានបរិហារពីឧក្រិដ្ឋប្រឆាំងមនុស្សជាតិ» ជុំវិញការឈ្លានពាន ពីសំណាក់ប្រទេសរ៉ុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។ លោកថ្លែងតាមរយៈវីដេអូ ដែលផ្សាយនៅលើ បណ្ដាញសង្គមទ្វីសធើរថា៖
«យើងធ្វើការថ្កោលទោស យ៉ាងដាច់អហង្កា នូវទង្វើរំលោភបំពាននេះ។»
អ្នកស្រី «Svetlana Tikhanovskaïa» មេដឹកនាំប្រឆាំងរបស់ប្រទេសប៊ីយេឡូរ៉ុស្ស៊ី បានហៅទង្វើរបស់របបដឹកនាំ នៅរដ្ឋធានី «Minsk» ដែលផ្ដល់ទឹកដីប៊ីយេឡូរ៉ុស្ស៊ី ឲ្យកងទ័ពរ៉ុស្ស៊ីប្រើប្រាស់ ដើម្បីចូលវាយលុក ប្រទេសអ៊ុយក្រែន ថា«ទង្វើក្បត់»។ នៅក្នុងវីដេអូមួយ ដែលផ្សាយនៅលើបណ្ដាញសង្គម អ្នកស្រី «Svetlana Tikhanovskaïa» បានអំពាវនាវឲ្យមានទណ្ឌកម្ម ដាក់ទៅលើរបបដឹកនាំប៊ីយេឡូរ៉ុស្ស៊ីសព្វថ្ងៃ ដែលនិយមប្រទេសរ៉ុស្ស៊ី។
ក្នុងរសៀលថ្ងៃព្រហស្បត្តិ៍នេះ កងទ័ពរ៉ុស្ស៊ីតាមរយៈអ្នកនាំពាក្យ លោក «Igor Konachenkov» បានអះអាងតាមកញ្ចក់ទូរទស្សន៍ថា បានកម្ទេចមូលដ្ឋានយោធាអ៊ុយក្រែន ចំនួន៧៤កន្លែង ក្នុងនោះព្រលានយន្ដហោះយោធា ចំនួន១១កន្លែង។ លោកបន្តទៀតថា សម្ភារៈយោធា នៅក្នុងមូលដ្ឋានមួយចំនួន ពីចំណោមនោះ ត្រូវបានកម្ទេចទាំងស្រុង និងមួយចំនួនទៀត ត្រូវបានធ្វើឲ្យខូចខាត ប្រើប្រាស់មិនកើត។
ក្រសួងមហាផ្ទៃ រួមនឹងស្ថាប័នអយ្យការ និងគណៈកម្មការស៊ើបអង្កេត របស់ប្រទេសរ៉ុស្ស៊ី បានឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយរួមគ្នា ក្នុងរសៀលថ្ងៃព្រហស្បត្តិ៍នេះថា នរណាក៏ដោយ ដែលចេញធ្វើ ឬចូលរួមធ្វើបាតុកម្ម «ដោយគ្មានការអនុញ្ញាតិ» នឹងអាចប្រឈម នឹងការផ្ដន្ទាទោស។
ក្រោមហេតុផលសន្តិសុខជាតិ អាជ្ញាធរជាតិរបស់ប្រទេសលីទុយអានី គ្រប់គ្រងផ្នែកសោធទស្សន៍ បានបិទការផ្សាយរបស់ទូរទស្សន៍រ៉ុស្ស៊ី ចំនួន៣ ពីចំណោម៥ប៉ុស្ដ៍ ដែលត្រូវបានអនុញ្ញាតិឲ្យផ្សព្វផ្សាយ នៅក្នុងប្រទេសនាពេលកន្លងមក។ អាជ្ញាធរជាតិដែលមានឈ្មោះ ជាអក្សរកាត់ «NEPLP» បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ទូរទស្សន៍ «Rossiya RTR» ត្រូវបានបិទការផ្សាយចំនួន៥ឆ្នាំ, ទូរទស្សន៍ «Rossiya» ចំនួន៤ឆ្នាំ និងទូរទស្សន៍ «TVCI» ចំនួន៣ឆ្នាំ។
យន្ដហោះយោធាមួយគ្រឿង ដែលមានដឹកមនុស្ស១៤នាក់ បានធ្លាក់បោកឃ្លួន នៅប្រមាណជា៤០គីឡូម៉ែត្រ ខាងត្បូងរដ្ឋធានីគៀវ។ នេះ បើតាមភ្នាក់ងាររដ្ឋអ៊ុយក្រែន ដើម្បីគ្រប់គ្រងស្ថានការណ៍អាសន្ន។ ប្រភពមិនបានបញ្ជាក់ ពីមូលហេតុដែលបណ្ដាញឲ្យយន្ដហោះខាងលើធ្លាក់នោះទេ។
រដ្ឋមន្ត្រីការបរទេសអៀរ៉ង់ លោក «Hossein Amir-Abdollahian» បានថ្លែងនៅថ្ងៃព្រហស្បត្តិ៍នេះថា សង្គ្រាមមិនមែនជាដំណោះស្រាយទេ ហើយបានភ្ជាប់ជម្លោះរវាងប្រទេសរ៉ុស្ស៊ី និងអ៊ុយក្រែន ទៅនឹង«ការបង្ករឿង»របស់អង្គការ «NATO»។
លោកថា៖
«យើងមិនចាត់ទុកថា សង្គ្រាមជាដំណោះស្រាយមួយនោះទេ (…) វិបត្តិនៅអ៊ុយក្រែន រកឃើញឫសគល់របស់វា នៅក្នុងការបង្ករឿងរបស់អង្គការ NATO។»
លោករដ្ឋមន្ត្រីបានបន្ថែមថា វាចាំបាច់ណាស់ ក្នុងការបង្កើតឲ្យមាន នូវបទឈប់បាញ់មួយឡើង និងរកដំណោះស្រាយ តាមបែប«ប្រជាធិបតេយ្យ និងតាមផ្លូវ«នយោបាយ»។
តាមរយៈសម្លេង របស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ដែលបានជជែកជាមួយសមភាគីរ៉ុស្ស៊ី លោក «Sergueï Lavrov» ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បានឲ្យដឹងថា ប្រទេសចិន«យល់ក្ដីបារម្ភដ៏ត្រឹមត្រូវ របស់ប្រទេសរ៉ុស្ស៊ី។ ការឆ្លើយឆ្លង ដែលត្រូវបានផ្សព្វផ្សាយ នៅលើប្រពន្ធផ្សព្វផ្សាយ របស់ក្រសួងការបរទេសចិន បានបន្តថា៖
«ប្រទេសចិន តែងតែគោរពដល់បូរណភាពទឹកដី និងភាពមិនអាចបំបែកទឹកដី នៃប្រទេសនីមួយៗ (…) ក្នុងពេលជាមួយគ្នានេះ យើងបានយល់ឃើញថា បញ្ហារបស់ប្រទេសអ៊ុយក្រែន ភ្ជាប់មកជាមួយ នូវប្រវត្តិសាស្ត្រដ៏ពិសេស និងស្មុគ្រស្មាញ។ យើងយល់ពីក្ដីបារម្ភដ៏ត្រឹមត្រូវ របស់ប្រទេសរ៉ុស្ស៊ី ជុំវិញបញ្ហាសន្តិសុខ។»
ប្រទេសទួរគី បានអំពាវនាវនៅថ្ងៃព្រហស្បត្តិ៍នេះ ស្នើឲ្យប្រទេសរ៉ុស្ស៊ីបញ្ឈប់ប្រតិបត្តិការយោធា នៅក្នុងប្រទេសអ៊ុយក្រែន ដោយហៅទង្វើនេះ «អយុត្តិធម៌ និងខុសច្បាប់» ព្រមទាំង«គម្រាមដល់សន្តិសុខពិភពលោក និងតំបន់»។ នេះ បើតាមក្រសួងការបរទេសទួរគី តាមរយៈសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួន។
ក្រសួងបានបន្តថា៖
«ជាការរំលោភច្បាប់អន្តរជាតិ ដ៏ធ្ងន់ធ្ងរ (…) ប្រទេសទួរគី ប្រឆាំងយ៉ាងដាច់ខាត នូវរាល់ការផ្លាស់ប្ដូរព្រំដែនប្រទេស តាមរយៈអាវុធ។»
មេដឹកនាំនៃប្រទេសទាំង៣០ ដែលជាសមាជិករបស់អង្គការ «NATO» នឹងជួបប្រជុំគ្នា តាមប្រព័ន្ធវីដេអូ នៅថ្ងៃសុក្រទី២៥ ខែកុម្ភៈស្អែកនេះ។ នេះបើតាមប្រភព ពីមន្ត្រីការទូតស្និតនឹងអង្គការនេះ ដែលស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP»។ ប្រភពនោះបញ្ជាក់ថា អង្គការយោធាដ៏មានឥទ្ធិពលមួយនេះ នឹងពង្រឹកកិច្ចការពារសមាជិករបស់ខ្លួន ឲ្យបានកាន់តែខ្លាំងបន្ថែមទៀត នៅក្នុងតំបន់អ៊ឺរ៉ុបខាងកើត។
មុននេះបន្តិច ប្រទេសម៉ុលដាវី (ខាងត្បូងប្រទេសអ៊ុយក្រែន) តាមរយៈឧបនាយករដ្ឋមន្ត្រីរបស់ខ្លួន លោក«Andrei Spinu» បានប្រកាសបិទដែនអាកាសរបស់ប្រទេស ក្រោមហេតុផលទាក់ទងនឹង«ស្ថានភាពក្នុងតំបន់»។ សេចក្ដីប្រកាសនេះ នឹងចូលជាធរមានចាប់ពីថ្ងៃត្រង់ ថ្ងៃព្រហស្បត្តិ៍ទី២៤ ខែកុម្ភៈ នេះតទៅ។ ប្រភពព័ត៌មាន៖ Telegram របស់លោក«Andrei Spinu»។
ចំពោះប្រទេសប៊ីយេឡូរ៉ុស្ស៊ី (ខាងជើងប្រទេសអ៊ុយក្រែន) វិញ បានប្រកាសបិទដែនអាកាសមួយផ្នែករបស់ខ្លួន ក្រោមហេតុផល ដើម្បី«ធានាសុវត្ថិភាព ចំពោះបណ្ដាអ្នកប្រើប្រាស់លំហរអាកាស»របស់ប្រទេស។ នេះបើតាមក្រសួងការពារជាតិ របស់ប្រទេសប៊ីយេឡូរ៉ុស្ស៊ី នៅលើបណ្ដាញផ្សព្វផ្សាយរបស់ខ្លួន។
តាំងពីព្រឹកព្រហាមមក បណ្ដាតំបន់មួយចំនួន របស់ប្រទេសរ៉ុស្ស៊ី ដែលស្ថិតនៅជាប់ព្រំដែន ជាមួយប្រទេសអ៊ុយក្រែន ក៏បានប្រកាសបិទដែនអាកាសរបស់ផងខ្លួនដែរ។ ប្រភពព័ត៌មាន៖ «AFP»។
ក្នុងព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ប្រទេសលីទុយអានី (ខាងជើងប្រទេសអ៊ុយក្រែន) បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារពីសំណាក់កងទ័ពរ៉ុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីរបស់ប្រទេសលីទុយអានី លោក «Gitanas Nauseda» បានថ្លែងក្រោយពីការប្រជុំក្រុមប្រឹក្សាការពារជាតិ ឡើងថា៖
«នៅថ្ងៃនេះ ខ្ញុំនឹងចុះហត្ថលេខាដាក់ប្រទេស នៅក្នុងភាពអាសន្ន (…) ប្រទេសលីទុយអានី ស្នើឲ្យអនុវត្តភ្លាម នូវមាត្រា៤ របស់អង្គការ”NATO”។»
ប្រទេសលីទុយអានី ជាសមាជិកមួយ ពីក្នុងចំណោមសមាជិកទាំង៣០ របស់អង្គការយោធាដ៏មានឥទ្ធិពល ហៅថាអង្គការសន្ធិសញ្ញាអាត្លងទិកខាងជើង «North Atlantic Treaty Organization» ឬ«Organisation du traité de l’Atlantique nord»។ មាត្រា៤របស់អង្គការនេះ អនុញ្ញាតិឲ្យសមាជិកខ្លួន ដែលរងការគម្រាម អាចពិគ្រោះជាបន្ទាន់ ជាមួយបណ្ដាសម្ព័ន្ធមិត្តនៅក្នុងអង្គការ។
ប្រធានាធិបតីអ៊ុយក្រែន ប្រកាសពីការផ្ដាច់ចំណងទូត ជាមួយប្រទេសរ៉ុស្ស៊ី នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែកុម្ភៈនេះ ដែលជាថ្ងៃទី១ នៃការឈ្លានពានចូលប្រទេសរបស់លោក។ លោក «Volodymyr Zelensky» និយាយថា៖
«យើងបានផ្ដាច់ចំណងទូត ជាមួយប្រទេសរ៉ុស្ស៊ី។»
រហូតមកដល់ថ្ងៃនេះ ចំណងទូតរវាងប្រទេសអ៊ុយក្រែន និងប្រទេសរ៉ុស្ស៊ី នៅបន្តជានិច្ចមក បើទោះជាប្រទេសរ៉ុស្ស៊ី បានកញ្ឆក់យកឧបទ្វីប «Crimea» របស់ប្រទេសអ៊ុយក្រែន មកធ្វើជាទឹកដីខ្លួន ក្នុងឆ្នាំ២០១៤ក៏ដោយចុះ។
នៅក្នុងអង្គប្រជុំក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងក្នុងយប់ថ្ងៃពុធ ទី២៣ ខែកុម្ភៈ ក្នុងស្នាក់ការកណ្ដាល (ក្រុងញ៉ូយក សហរដ្ឋអាមេរិក) លោក«Antonio Guterres» អគ្គលេខាធិការអង្គការពិភពលោកមួយនេះ បានថ្លែងអំពាវនាវទៅលោក វ្លាឌីមៀ ពូទីន ឲ្យបញ្ឈប់ជាបន្ទាន់ នូវការវាយប្រហារ ប្រឆាំងប្រទេសអ៊ុយក្រែន។ លោកថា៖
«ក្នុងនាមប្រជាជាតិ លោកប្រធានាធិបតី ពូទីន, សូមលោកនាំកងទ័ពរបស់លោក ត្រឡប់ចូលប្រទេសរ៉ុស្ស៊ីវិញ។»
លោក«Antonio Guterres» បន្តថា៖
«ជាវេលាដ៏ក្រៀមក្រំបំផុត នៅក្នុងអាណត្តិរបស់ខ្ញុំ ក្នុងនាមជាអគ្គលេខាធិការ របស់អង្គការសហប្រជាជាតិ។»
ប្រភពព័ត៌មាន និងរូបភាព «The New York Time»
នៅលើបណ្ដាញសង្គមទ្វីសធើរ លោក«Volodymyr Zelensky» ប្រធានាធិបតីអ៊ុយក្រែន អះអាងថា ពិភពលោកត្រូវបង្កើត«សម្ព័ន្ធភាពមួយ ដើម្បីប្រឆាំងពូទីន» ដើម្បីបង្ខំឲ្យប្រទេសរ៉ុស្ស៊ី «វិលមករកសន្តិភាពវិញ»។ លោកបានថ្លែងដូច្នេះ បន្ទាប់ពីបានជួបតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក នាយករដ្ឋមន្ត្រីអង់គ្លេស និងអធិកាបតីអាល្លឺម៉ង់។
ក្នុងវីដេអូដែលប្រកាស ដាក់ឲ្យប្រើ«ច្បាប់អាជ្ញាសឹក» នៅលើផ្ទៃប្រទេស និងផ្សាយនៅលើបណ្ដាញសង្គម ប្រធានាធិបតីអ៊ុយក្រែន លោក«Volodymyr Zelensky» បានស្នើឲ្យពលរដ្ឋអ៊ុយក្រែនរក្សាស្ងប់ស្ងៀម។ លោកថា៖
«សូមកុំជ្រួលច្របល់ យើងបានត្រៀមរួចរាល់ សម្រាប់គ្រប់យ៉ាង ហើយយើងនឹងឈ្នះ។»
«ហេដ្ឋារចនាសម្ព័ន្ធយោធា ប្រព័ន្ធការពារដែនអាកាស បន្ទាយកងទ័ពអាកាស និងព្រលានយន្ដហោះយោធា របស់ប្រទេសអ៊ុយក្រែន ត្រូវបានកម្ទេច ដោយអាវុធដ៏ទំនើបរបស់យើង» នេះ ជាការប្រកាសឡើង របស់ក្រសួងការពារជាតិរ៉ុស្ស៊ី ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានរ៉ុស្ស៊ី «TASS»។
នៅតាមក្រុងធំៗ សម្លេងសារ៉ែនប្រកាសអាសន្ន បានរោទ៍ឡើង ដើម្បីប្រាប់ពលរដ្ឋនៅក្នុងតំបន់ អំពីការវាយប្រហារ ដោយការទម្លាក់គ្រាប់បែក។ អាជ្ញាធរបានប្រាប់ពលរដ្ឋ ឲ្យរក្សាភាពស្ងប់ស្ងាត់ និងត្រូវរង់ចាំការណែនាំ ពីអាជ្ញាធរ។
នៅមុននេះ ប្រទេសអ៊ុយក្រែនបានប្រកាសថា ខ្លួនបានកម្ទេចយន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្រចំនួន៥គ្រឿង របស់កងទ័ពរ៉ុស្ស៊ី។ ខណៈប្រទេសរ៉ុស្ស៊ី បានអះអាងមកវិញថា ខ្លួនបានកម្ទេចបន្ទាយកងទ័ពអាកាស និងប្រព័ន្ធការពារដែនអាកាស របស់ប្រទេសអ៊ុយក្រែន។ ប្រភពព័ត៌មាន «AFP»។
លោក «Vassily Nebenzia» ឯកអគ្គរដ្ឋទូតរ៉ុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងក្នុងអង្គប្រជុំ នៃក្រុមប្រឹក្សាសន្តិសុខថា ប្រទេសរបស់លោក កំណត់មុខសញ្ញាចំពោះ «របបសឹក» ដែលកំពុងកាន់អំណាចនៅរដ្ឋធានី គៀវ ប្រទេសអ៊ុយក្រែន។
លោកឯកអគ្គរដ្ឋទូតថ្លែងថា៖
«យើងមិនបានឈ្លានពាន ចំពោះប្រជាជនអ៊ុយក្រែនទេ តែយើងធ្វើ និងកំណត់មុខសញ្ញា ចំពោះតែរបបសឹក ដែលកំពុងកាន់អំណាចនៅគៀវប៉ុណ្ណោះ។»
សហរដ្ឋអាមេរិកបានស្នើសេចក្តីព្រាងដំណោះស្រាយមួយ នៅលើតុរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក្នុងថ្ងៃព្រហស្បតិ៍នេះ ដោយធ្វើការថ្កោលទោស ចំពោះប្រទេសរុស្ស៊ី ជុំវិញ«សង្រ្គាម» នៅអ៊ុយក្រែន។ នេះបើតាមឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ អ្នកស្រី «Linda Thomas-Greenfield»។
មន្ត្រីអាមេរិកម្នាក់បាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ការបោះឆ្នោតអនុម័ត ទៅលើសេចក្ដីព្រាងដំណោះស្រាយនេះ ត្រូវបានរំពឹងទុកជាគោលការណ៍ នៅថ្ងៃសុក្រស្អែក (ថ្ងៃទី២៥ ខែកុម្ភៈ)។
លោក «Dmytro Kuleba» រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានអះអាងនៅព្រឹកថ្ងៃព្រហស្បត្តិនេះ តាមបណ្ដាញសង្គមទ្វីសធើរថា៖
«លោក ពូទីន ទើបតែបើកការឈ្លានពានពេញទំហឹង មកលើប្រទេសអ៊ុយក្រែន។ ទីក្រុងជាច្រើនដែលពោរពេញដោយសន្តិភាព កំពុងស្ថិតក្រោមការវាយប្រហារ។ នេះគឺជាសង្រ្គាមឈ្លានពានមួយ។ អ៊ុយក្រែននឹងការពារខ្លួន ហើយនឹងឈ្នះ។ ពិភពលោក អាចនិងត្រូវបញ្ឈប់លោក ពូទីន ហើយត្រូវបង្ហាញឲ្យឃើញ ក្នុងពេលឥឡូវនេះ។»
រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធជាតិ របស់ប្រទេសអ៊ុយក្រែន បានប្រកាសនៅលើគេហទំព័ររបស់ក្រសួង អំពីការបិទដែនអាកាសរបស់ខ្លួន សម្រាប់ចរាចរណ៍ផ្លូវអាកាសស៊ីវិល ដោយលើកហេតុផល ពីសុវត្ថិភាពដ៏ផុយស្រួល នៅខណៈនេះ។
សម្លេងគ្រាប់ផ្ទុះខ្លាំងៗ ក៏បានលាន់ឮដែរ នៅក្នុងនិងក្បែរក្រុងជាច្រើន នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ជាពិសេសក្រុង «Marioupol» ដែលជាក្រុងកំពង់ផែ នៃសមុទ្រខ្មៅ។ ប្រភពព័ត៌មាន «AFP»។
នៅព្រឹកព្រហាមថ្ងៃព្រហស្បត្តិដដែល ពោលគឺប៉ុន្មាននាទីក្រោយការប្រកាសរបស់លោក ពូទីន ស្នូរគ្រាប់ផ្លោង ឬគ្រាប់មីស៊ីលផ្ទុះ បានលាន់ឮឡើងខ្លាំងៗ នៅក្នុងនិងនៅក្បែររដ្ឋធានី គៀវ នៃប្រទេសអ៊ុយក្រែន។ នេះ បើតាមការអះអាងរបស់អ្នកសារព័ត៌មាន របស់ទីភ្នាក់ងារព័ត៌មានបារាំង «AFP»។
នៅវេលាម៉ោងប្រមាណ៣ទៀបភ្លឺ ថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក វ្លាឌីមៀ ពូទីន បានប្រកាស ពី«ប្រតិបត្តិការយោធា» ថានឹងត្រូវផ្ដើមធ្វើក្នុងប្រទេស អ៊ុយក្រែន ដើម្បីអ្វីមួយ ដែលប្រធានាធិបតីរូបនេះ អះអាងថា ជាការការពារក្រុមនិយមបំបែកទឹកដីអ៊ុយក្រែន ដែលស្និតនឹងរ៉ុស្ស៊ី។