ពិភពលោក

ចូ បៃដេន៖ «យើងគិតថា យើងនឹងឈ្នះការបោះឆ្នោត»

«ខ្ញុំមកកាន់ទីនេះ មិនមែនដើម្បីនិយាយថា យើងបានឈ្នះហើយទេ។ តែខ្ញុំមក ដើម្បីនិយាយថា នៅពេលការរាប់សន្លឹកឆ្នោត បានបញ្ចប់ យើងគិតថា យើងនឹងឈ្នះ​ការបោះឆ្នោត។»

ឃ្លាខាងលើ ជាការអះអាងឡើង របស់លោក ចូ បៃដេន (Joe Biden) បេក្ខជន​ប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ ក្នុងរសៀលថ្ងៃពុធនេះ ទៅកាន់អ្នកគាំទ្រ​របស់លោក ក្នុងក្រុង «Wilmington» នៃរដ្ឋ «Delaware» (ភាគខាងកើត)។

តាមលទ្ធផលស្ទាបស្ទង់ ដែលប្រមូលបាន ដោយបណ្ដាញព័ត៌មានធំៗ នៅសហរដ្ឋអាមេរិក បានឲ្យដឹងថា លោក បៃដេន ទទួលបាន២៦៤សម្លេង នៃអ្នកតំណាងម្ចាស់ឆ្នោត ទល់នឹង​២១៤សម្លេង ទទួលបានដោយប្រធានាធិបតីចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump)។

លទ្ធផលខាងលើ ធ្វើឲ្យលោក បៃដេន នៅសល់តែ៦សម្លេងទៀតប៉ុណ្ណោះ ដើម្បីបម្រប់​ចំនួន​អ្នកតំណាងម្ចាស់ឆ្នោត ២៧០សម្លេង ក្នុងការប្រកាសខ្លួន ថាបានឈ្នះ​ការបោះឆ្នោត ជ្រើសតាំងប្រធានាធិបតី ក្នុងឆ្នាំ២០២០នេះ។

តែលោក បៃដេន នៅតែសំដែង ការប្រយ័ត្នប្រយែង ចំពោះការប្រកាស​ជ័យជំនះ​របស់លោក ។ លោកថ្លែងថា៖

«ពិតហើយថា យើងកំពុងឈ្នះបានរដ្ឋជាច្រើន ដើម្បីឈានទៅទទួលបាន ២៧០សម្លេង នៃអ្នកតំណាងម្ចាស់ឆ្នោត សម្រាប់ឈ្នះការបោះឆ្នោត ជ្រើសតាំងប្រធានាធិបតីនេះ។»

សម្រាប់លោក ដូណាល់ ត្រាំ វិញ កំពុងត្រៀមប្ដឹងឡើងទៅ តុលាការធម្មនុញ្ញអាមេរិក ជុំវិញការលើកឡើង របស់ប្រធានាធិបតីផុតតំណែងរូបនេះ ដែលថា មានការលួចបន្លំ នៅក្នុងការបោះឆ្នោត និងស្នើសុំឲ្យបញ្ឈប់ ការរាប់សន្លឹកឆ្នោត។ ប៉ុន្តែការអះអាង​របស់លោក ត្រាំ មិនបានភ្ជាប់មកជាមួយ នូវភស្ដុតាងណាមួយទេ។

លោក បៃដេន បានអំពាវនាវ ទៅកាន់លោក ត្រាំ ឲ្យងាកមករកហេតុផលវិញ ហើយអះអាងថា ពលរដ្ឋអាមេរិក នឹងមិនត្រូវបាននរណាបំបាត់សម្លេង ហើយក៏​គ្មាននរណា លួចបន្លំសម្លេង របស់នរណាដែរ។

អតីតអនុប្រធានាធិបតី ជំនាន់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បានថ្លែងបន្តថា៖

«ដើម្បីបោះជំហានទៅមុខ យើងត្រូវឈប់ចាត់ទុកគូប្រជែង ថាជាសត្រូវរបស់យើង។ យើងមិនមែនជាសត្រូវ នឹងគ្នាទេ (…) ខ្ញុំធ្វើយុទ្ធនាការបោះឆ្នោត ក្នុងនាម​ជាបេក្ខជន មកពីគណបក្សប្រជាធិបតេយ្យ តែខ្ញុំនឹងដឹកនាំ ក្នុងនាមជាប្រធានាធិបតី នៃសហរដ្ឋ​អាមេរិកទាំងមូល៕»

ក. កល្យាណ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កែវ កល្យាណ មានជំនាញខាងការស្រាវជ្រាវ និពន្ធ និងជីវិត។