ពិភពលោក

អ៊ីស្ត្រាអែល​ហាម​តំណាងរាស្ត្រ​អាមេរិក​២រូប​ជាន់​ទឹកដី​ខ្លួន តាម​បំណង ត្រាំ

តាម​បំណង – អាជ្ញាធរអ៊ីស្ត្រាអែលបានប្រកាស កាលពីម្សិលម៉ិញ ហាមឃាត់អ្នកតំណាងរាស្ត្រអាមេរិកាំងពីររូប មិនឲ្យជាន់ទឹកដីអ៊ីស្ត្រាអែល បន្ទាប់ពីការលើកឡើង របស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ក្នុងបំណងចាក់រុកអ៊ីស្ត្រាអែល កុំឲ្យអ្នកទាំងពីរជាន់ទឹកដី នៃរដ្ឋអេប្រឺ (ឈ្មោះមុនរបស់ប្រទេសអ៊ីស្ត្រាអែល)។

សមាជិកសភាអាមេរិកទាំងពីររូប គឺអ្នកស្រី «Ilhan Omar» និងអ្នកស្ត្រី «Rashida Tlaib» មកពីគណបក្សប្រជាធិបតេយ្យ។ បើតាមគម្រោង អ្នកស្រីត្រូវជិះយន្ដហោះ ទៅចុះចតនៅព្រលាន​យន្ដហោះរដ្ឋធានី តែលអាវីល ក្នុងថ្ងៃព្រហស្បត្តិ៍នេះ ដើម្បីដំណើរ​ទស្សនកិច្ចមួយ ក្នុងតំបន់ប៉ាឡេស្ទីន ដែល​កាន់កាប់​ដោយ​អ៊ីស្ត្រាអែល។

ប៉ុន្តែនៅមុនការមកដល់ របស់ស្ត្រីតំណាងរាស្ត្រទាំងពីរ ក្រសួងមហាផ្ទៃអ៊ីស្ត្រាអែល បានសម្រេច ហាមឃាត់សមាជិកសភា​អាមេរិកទាំងពីរនេះ មិនឲ្យជាន់ទឹកដីអ៊ីស្ត្រាអែល ក្រោមហេតុផលថា ឥស្សរនារីទាំងពីររូបបានគាំទ្រ ដល់យុទ្ធនាការ​របស់សមាគមមួយ ដែលអំពាវនាវ​ឲ្យធ្វើពហិការ​​ប្រទេសអ៊ីស្ត្រាអែល។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃអ៊ីស្ត្រាអែល បានអះអាងថា ការសម្រេចនេះ ទទួលការយល់ព្រម ពីនាយករដ្ឋមន្ត្រីអ៊ីស្ត្រាអែល លោក «Benjamin Netanyahu» ពីរដ្ឋមន្ត្រីក្រសួងការបរទេស និងពីរដ្ឋមន្ត្រីក្រសួងកិច្ចការយុទ្ធសាស្ត្រ។

«តាម​បំណង»ប្រធានាធិបតីអាមេរិក…

ការសម្រេចរបស់អាជ្ញាធរ នៃរដ្ឋអេប្រឺ ទទួលបានប្រតិកម្មភ្លាមៗ ពីស្ថាប័នដឹកនាំមួយ របស់រដ្ឋប៉ាឡេស្ទីន ហៅថា អង្គការដើម្បីរំដោះប្រជាជនប៉ាឡេស្ទីន (OLP)។ លោក «Hanane Achraoui» សមាជិកមួយរូបរបស់អង្គការនេះ បានចាត់ទុកការហាមឃាត់ អ្នកតំណាងរាស្ត្រអាមេរិកាំង ទាំងពីររូប ថាជាទង្វើរើសអើង «យ៉ាងអាស្រូវ» ប្រឆាំងនឹងប្រជាជនអាមេរិក និងតំណាងរបស់ពួកគេ។

កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ លោក ដូណាល់ ត្រាំ បានបង្ហោះសារ នៅលើបណ្ដាញសង្គមទ្វីសធើរ វាយតម្លៃប្រទេសអ៊ីស្ត្រាអែល ថានឹង​បង្ហាញ​ពី«ភាពកម្សោយដ៏ធំធេង»​របស់ខ្លួន ប្រសិនណាជាប្រទេសនេះ អនុញ្ញាតឲ្យអ្នកស្រីទាំងពីរនាក់ ជាន់ទឹកដីអ៊ីស្ត្រាអែល ដើម្បីធ្វើទស្សនកិច្ច។ លោក ត្រាំ បានសរសេរថា៖

«ពួកគាត់ស្អប់ប្រទេសអ៊ីស្ត្រាអែល និងប្រជាជនជ្វីហ្វទាំងអស់ ហើយមិនមានអ្វី ដែលត្រូវនិយាយ ឬត្រូវធ្វើ ដើម្បីឲ្យពួកគាត់ផ្លាស់ប្ដូរគំនិតឡើយ។ ពួកគាត់ គឺជាការអាម៉ាសមួយ!»

សម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្ត្រាអែល បាននិយាយ កាត់បន្ថយ​ភាព​ប្រទាំងប្រទើស​ខ្លះមកវិញ។ លោក «Benjamin Netanyahu» បានសរសេរក្នុង​សេចក្ដីប្រកាស​ព័ត៌មានមួយថា គ្មានប្រទេសណាមួយ គោរពសហរដ្ឋអាមេរិក និងរដ្ឋសភាអាមេរិក ជាងប្រទេសអ៊ីស្ត្រាអែល របស់លោក​នោះទេ។ លោកថា៖

«ប្រទេសអ៊ីស្ត្រាអែល បើកទ្វាសម្រាប់រាល់ការទស្សនាទាំងឡាយ វៀលែងតែលក្ខខណ្ឌ ដែលសឹងតែមិនគួរមាន គឺសម្រាប់ជនណា ដែលធ្វើការអំពាវនាវ និងសម្រាប់សកម្មជនណា ដែលធ្វើសកម្មភាព ដើម្បីប្រឆាំងផលប្រយោជន៍អ៊ីស្ត្រាអែល៕»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។