ពិភពលោក

ISIS ចេញមុខ​ទទួលស្គាល់​ភេរវកម្ម​អត្តឃាត​ផ្ទួនគ្នានៅ ទួរនេស៊ី

អង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS ) បានចេញមុខទទួលស្គាល់ ភេរវកម្មអត្តឃាតផ្ទួនគ្នា នៅប្រទេស ទួរនេស៊ី កាលពីម្សិលម៉ិញ ដែលបានសម្លាប់ ភ្នាក់ងារនគរបាលម្នាក់ និងធ្វើឲ្យរបួសមនុស្ស ៨នាក់ផ្សេងទៀត។

ស្ថាប័នឯករាជ្យ «Site» ដែលមានជំនាញ ខាងឃ្លាំមើលសកម្មភាព របស់អង្គការភេរវនិយម នៅលើបណ្ដាញអ៊ិនធើណែត បានស្រង់ការអះអាង របស់ភ្នាក់ងារឃោសនារបស់ក្រុមរដ្ឋអ៊ីស្លាម «AMAQ» មកបញ្ជាក់ថា អ្នករៀបចំការវាយប្រហារ ចំនួន«ពីរ»កន្លែង ប្រឆាំងនឹងកងកម្លាំងអាជ្ញាធរទួរនេស៊ី ជា«យុទ្ធជននៃក្រុមរដ្ឋអ៊ីស្លាម»។

កាលពីថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិថុនា វេលាម៉ោងប្រមាណ ជាង១០កន្លះព្រឹក នៅលើដងមហាវិថីដ៏សំខាន់ នៃរដ្ឋធានីទួរនីស (ប្រទេសទួរនេស៊ី) ភេរវជនអត្តឃាតម្នាក់ បានបំផ្ទុះគ្រាប់បែក នៅជាប់នឹងខ្លួន សំដៅរថយន្ដមួយគ្រឿង របស់នគរបាល បណ្ដាលឲ្យភ្នាក់ងារនគរបាលម្នាក់ស្លាប់ និងនគរបាលម្នាក់ផ្សេង រួមនឹងជនស៊ីវិលបីនាក់ទៀត រងរបួស។ នេះ បើតាមរបាយការណ៍ ចេញផ្សាយដោយក្រសួងមហាផ្ទៃទួរនេស៊ី។

របាយការណ៍បន្តថា នៅកន្លះម៉ោងក្រោយមក ភេរវកម្មអត្តឃាតមួយទៀត បានផ្ទុះឡើង សំដៅអគាររបស់ឆ្មាំជាតិទួរនេស៊ី ដែលស្ថិតនៅតំបន់ខ្សែក្រវ៉ាត់រដ្ឋធានី។ ការវាយប្រហារលើកទីពីរនេះ បានបណ្ដាលឲ្យនគរបាលបួននាក់រងរបួស។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក «Sofiène Zaaq» ត្រូវបានប្រព័ន្ធផ្សព្វផ្សាយស្រង់សំដី មកអះអាងថា៖

«មានមនុស្សម្នាក់ បានបំផ្ទុះគ្រាប់បែក នៅនឹងខ្លួន នៅខាងមុខទ្វាខាងក្រោយ នៃអគារ ដែលជាបញ្ជាការដ្ឋានរួមគ្នា នៃកងកម្លាំងឆ្មាំជាតិ និងកងកម្លាំងនគរបាលយុត្តិធម៌៕»

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។