អៀរ៉ង់បានប្រកាស នៅព្រឹកថ្ងៃពុធនេះ ថាខ្លួនបានបាញ់កាំជ្រួច«ជាង១០គ្រាប់» ដាក់មូលដ្ឋានយោធាអាមេរិក នៅក្នុងប្រទេសអៀរ៉ាក់ ដើម្បីឆ្លើយតបនឹង«ការធ្វើឃាត» ឧត្ដមសេនីយយោធាអៀរ៉ង់ លោក កាសេម សូឡីម៉ានី (Qassem Soleimani) កាលពីសប្ដាហ៍មុន ដោយការវាយប្រហារ របស់យោធាអាមេរិក។
ប្រព័ន្ធផ្សព្វផ្សាយអៀរ៉ង់ បានព្រមានបន្តថា នឹងមាន«ការឆ្លើយតបដ៏រង្គាល»បន្ថែមទៀត ក្នុងករណីមានការវាយប្រហារជាថ្មី ពីសំណាក់សហរដ្ឋអាមេរិក។
ការឆ្លើយតបរបស់អៀរ៉ង់ ធ្វើឡើងក្នុងយប់ថ្ងៃអង្គារទី៧ ចូលមកថ្ងៃពុធទី៨ ខែមករា ឆ្នាំ២០២០នេះ ទៅលើមូលដ្ឋានកងទ័ពអាកាស របស់អាមេរិក នៅក្នុងប្រទេសអៀរ៉ាក់។ នេះ បើតាមការការអះអាងផ្ទាល់ ចេញពីមន្ទីរប៉ង់តាហ្គោន (ក្រសួងការពារជាតិអាមេរិក កាលពីមុននេះបន្តិច។
មន្ទីរប៉ង់តាហ្គោន បានឲ្យដឹង ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ខ្លួនថា៖
«នៅវេលាម៉ោងប្រមាណជា ១៧និង៣០នាទី (ម៉ោងនៅអាមេរិក ដែលត្រូវនឹងម៉ោង២ទៀបភ្លឺ ព្រឹកថ្ងៃពុធ ម៉ោងក្នុងប្រទេសអៀរ៉ាក់ ដែលជាកន្លែងកើតហេតុ) អៀរ៉ង់បានបើកការបាញ់ប្រហារ ដោយកាំជ្រួចរយៈឆ្ងាញ ប្រមាណជា១២គ្រាប់ ប្រឆាំងនឹងកងទ័ពអាមេរិក និងកងកម្លាំងសម្ព័ន្ធមិត្ត ដែលឈរជើងក្នុងប្រទេសអៀរ៉ាក់។»
«ច្បាស់ណាស់ថា កាំជ្រួចទាំងនេះ ត្រូវបានបាញ់ចេញ ពីប្រទេសអៀរ៉ង់ និងមានគោលដៅ វាយប្រហារ ទៅលើមូលដ្ឋានយោធា យ៉ាងហោចចំនួនពីរ ក្នុងស្រុក “Al-Assad” និងស្រុក “Erbil”។»
សេចក្ដីប្រកាសព័ត៌មានបានអះអាងថា ទំហំនៃការខាតបង់ កំពុងស្ថិតក្នុងការវាយតម្លៃនៅឡើយ។ ប៉ុន្តែថា មូលដ្ឋានយោធាទាំងនោះ ត្រូវបានដាក់ ឲ្យស្ថិតក្នុងភាពប្រុងប្រយ័ត្ន ហើយទាហានអាមេរិក បានស្ថិតក្នុងទីតាំងមានសុវត្ថភាព។
ទូរទស្សន៍អាមេរិក «CNN» បានរាយការណ៍ថា យ៉ាងណា កងកម្លាំងយោធាអៀរ៉ាក់ ដែលមានវត្តមាន នៅទីនោះ បានទទួលការខាត់បង់ តែគេនៅមិនទាន់ដឹង ពីចំនួនអ្នករបួស ឬស្លាប់ ថាមានប៉ុន្មាននោះទេ។
អ្នកនាំពាក្យរបស់សេតវិមាន អ្នកស្រី «Stephanie Grisham» បានថ្លែងថា៖
«យើងបានដឹងពីព័ត៌មាន ទាក់ទងនឹងការវាយប្រហារ លើមូលដ្ឋានយោធាអាមេរិក នៅក្នុងប្រទេសអៀរ៉ាក់។ ប្រធានាធិបតី ត្រូវបានជម្រាបឲ្យដឹង ពីព័ត៌មាននេះ ហើយកំពុងតាមដានស្ថានការណ៍ យ៉ាងយកចិត្តទុកដាក់ និងកំពុងពិគ្រោះជាមួយ មន្ត្រីរបស់លោក ផ្នែកសន្តិសុខជាតិ។»
ការវាយប្រហារ ពីសំណាក់ប្រទេសអៀរ៉ង់ ធ្វើឡើងក្នុងរយៈពេល ជាង២៤ម៉ោង ក្រោយព័ត៌មានដែលអះអាងថា យោធាអាមេរិកនឹងដកចេញ ពីប្រទេសអៀរ៉ាក់ ដើម្បីសម្របតាមការអំពាវនាវ របស់រដ្ឋសភាពអៀរ៉ាក់។ កងទ័ពរបស់ប្រទេសសម្ព័ន្ធមិត្តមួយចំនួន ក៏បានដកខ្លួន ចេញដែរ ដោយទំនងជាបារម្ភ ពីការវាយប្រហាររបស់ប្រទេសអៀរ៉ង់។
ប៉ុន្តែព័ត៌មាននៃការដកទ័ពនេះ ត្រូវបានមន្ទីរប៉ង់តាហ្គោន និងលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ចេញមុខមកធ្វើការច្រានចោល ដោយអះអាងជាថ្មីថា កងទ័ពអាមេរិកនឹងបន្តនៅទីណា ដែលខ្លួនកំពុងឈរជើង៕