ពិភពលោក

នគរបាលអន្តរជាតិ​ ដាក់ស្ត្រី​​ការទូត​អាមេរិកាំង​ម្នាក់ ចូល​ក្នុង​បញ្ជីក្រហម

ក្រុមគ្រួសារជនរងគ្រោះ បានអះអាងថា នគរបាលអន្តរជាតិ (Interpol) ដែលមានទីស្នាក់ការធំ ក្នុងក្រុងលីយ៉ុង (Lyon – បារាំង) បានដាក់អ្នកស្រី «Anne Sacoolas» ដែលជាអតីតមន្ត្រីការទូត ជាតិអាមេរិកាំងមួយរូប ចូលក្នុងបញ្ជីក្រហម បន្ទាប់ពីស្ត្រីរូបនេះ បានជាប់ពាក់ព័ន្ធ នឹងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្ដាលឲ្យយុវជន ជាតិអង់គ្លេសម្នាក់ ឈ្មោះ«Harry Dunn» អាយុ១៩ឆ្នាំ ទទួលមរណភាព។

រឿងរ៉ាងគ្រោះថ្នាក់ចរាចរណ៍នោះ កើតឡើងតាំងពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅខណៈ​យុវជន «Harry Dunn» បានជិះម៉ូតូបុក ជាមួយរថយន្ដ​ ដែលបើកបរ​ដោយ​អ្នកស្រី​«Anne Sacoolas» ដែលបានបើកខុសផ្លូវ នៅក្បែរមូលដ្ឋានយោធាមួយ នៅភាគ​កណ្ដាល នៃចក្រភពអង់គ្លេស។

នៅចុងខែធ្នូ ឆ្នាំ២០១៩ អ្នកស្រី «Anne Sacoolas» ត្រូវបានតុលាការអង់គ្លេស ផ្ដន្ទាទោស ពីបទបើកបរបង្កគ្រោះ បង្កឲ្យមានមនុស្សស្លាប់។ បញ្ហានៅត្រង់ថា ស្ត្រីខាងលើ​មានអភ័យឯកសិទ្ធិ ជាអ្នកការទូត ហើយបានចាកចេញ ពីប្រទេសអង់គ្លេស ទៅកាន់​សហរដ្ឋ​អាមេរិក​វិញ តាំងពីច្រើនខែមកហើយ។

ក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ជាថ្មី កាលពីថ្ងៃអង្គារកន្លងមក ថាសហរដ្ឋអាមេរិក​នឹង​មិនចាប់បញ្ជូនខ្លួន​អ្នកស្រី «Anne Sacoolas» មកទទួលការផ្ដន្ទាទោស ក្នុងចក្រភព​អង់គ្លេស តាមការទាមទារ របស់អាជ្ញាធរ​អង់គ្លេសនោះឡើយ។

ប៉ុន្តែបញ្ជី​«ក្រហម»​របស់នគរបាលអន្តរជាតិ អាចនឹងធ្វើឲ្យអតីតស្ត្រី អ្នកការទូត​អាមេរិក​ខាងលើ រស់មិនបានស្រួល បើអ្នកស្រីមានបំណងចង់ចេញ ពីទឹកដីសហរដ្ឋអាមេរិក។ លោក «Radd Seiger» អ្នកនាំពាក្យ​​របស់ក្រុមគ្រួសារ​យុវជន «Harry Dunn» បានអះអាង ​នៅលើ​ទំព័រទ្វីសធើរ របស់លោកថា៖

«ខ្ញុំអាចបញ្ជាក់បានថា នគរបាលអន្តរជាតិ បានដាក់អ្នកស្រី “Anne Sacoolas” ចុលក្នុងបញ្ជីក្រហម ដែលមានវិសាលភាព នៅជុំវិញពិភពលោក​ហើយ។»

យ៉ាងណា ឈ្មោះរបស់អ្នកស្រី «Anne Sacoolas» មិនមាន (ឬមិនទាន់មាន) នៅក្នុង​«បញ្ជី​ក្រហម» របស់នគរបាលអន្តរជាតិ ដែលដាក់ផ្សាយជាសាធារណៈ នោះឡើយ។

បញ្ជីក្រហម​របស់នគរបាលអន្តរជាតិ នឹងអនុញ្ញាតឲ្យអាជ្ញាធរ នៅក្នុង​ប្រទេស​ទាំង​១៩០ នៅលើពិភពលោក ដែលជាសមាជិក របស់នគរបាលអន្តរជាតិ ឲ្យធ្វើការចាប់ខ្លួន ឧក្រិដ្ឋជន​ដែលមានឈ្មោះ នៅក្នុងបញ្ជីនេះ ដោយមិនចាំបាច់មានដីកា ឲ្យចាប់ខ្លួន​ជា​អន្តរជាតិ ហើយអាចបញ្ជូនឧក្រិដ្ឋជនរូបនោះ ទៅឲ្យប្រទេស ដែល​ធ្វើការ​ទាមទារ។

គេមិនដែលឃើញ មានអ្នកនយោបាយ ឬបណ្ដាជន ដែលធ្វើការងារ ដើម្បីបុព្វហេតុរួម ជាប់ឈ្មោះក្នុង បញ្ជីក្រហមនេះទេ។

សំនុំរឿងអ្នកស្រី «Anne Sacoolas» បានបង្កឲ្យមានសង្គ្រាមប៉ាកកា មិនតិចទេ រវាង​ក្រុង​វ៉ាស៊ីនតោន និងឡុងដ៍។ ក្រុងវ៉ាស៊ីនតោន តាមរយៈក្រសួងការបរទេសអាមេរិក បានបញ្ជាក់ជំហរថា ខ្លួននឹងមិន​បញ្ជូន​ខ្លួន​ពលរដ្ឋអាមេរិក ឲ្យចេញទៅទទួលទោស នៅក្រៅប្រទេសឡើយ ហើយថាអ្នកស្រី «Anne Sacoolas» មានអភ័យឯកសិទ្ធិ ជាអ្នកការទូត។

សម្រាប់រដ្ឋាភិបាលអង់គ្លេសវិញ បានចាត់ទុកការបដិសេធ របស់ក្រុងវ៉ាស៊ីនតោន ថាជា​នីទណ្ឌភាពមួយ សម្រាប់ប្រព័ន្ធយុត្តិធម៌ និងបញ្ជាក់ថា អ្នកស្រី «Anne Sacoolas» មិនមែន​ជា​អ្នកការទូតទៀតទេ។ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីអង់គ្លេស បានថ្លែង​ឡើង​ថា៖

«លោកនាយករដ្ឋមន្ត្រី (លោក បូរីស ចនសុន – Boris Johnson) មានជំហរច្បាស់ណាស់ ក្នុងសំនុំរឿង ដែលលោកចង់បានយុត្តិធម៌ សម្រាប់យុវជន “Harry Dunn” និងក្រុមគ្រួសារ។ លោកនាយករដ្ឋមន្ត្រី ថែមទាំងបានជជែក អំពីរឿងនេះ ជាច្រើនដង ជាមួយលោកប្រធានាធិបតី ត្រាំ នោះផង៕»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។