ពិភពលោក

ហ៊ីឡារី គ្លីនតុន ប្រកាស​គាំទ្រ​បេក្ខជន ចូ បៃដេន ជាប្រធានាធិបតី

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក និងជាបេក្ខនារីប្រធានាធិបតី​ចាញ់ឆ្នោត អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានចេញមុខប្រកាសគាំទ្រលោក ចូ បៃដេន (Joe Biden) ជាបេក្ខជនប្រធានាធិបតី នៃសហរដ្ឋអាមេរិក ដើម្បីប្រជែងទល់នឹងលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីក្នុងតំណែង។ 

អ្នកស្រី គ្លីនតុន បានថ្លែងឡើង ក្នុងថ្ងៃអង្គារទី២៨ ខែមេសានេះថា៖

«ខ្ញុំចង់បន្ថែមសម្លេងរបស់ខ្ញុំ ចូលជាមួយអ្នកទាំងឡាយ ដែលគាំទ្រអ្នកឯង ដើម្បីក្លាយជាប្រធានាធិបតីរបស់យើង។»

ការបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងត្រូវប្រព្រឹត្តិទៅ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។ ប៉ុន្តែអ្នកស្រី ហ៊ីឡារី គ្លីនតុន មិនបានភ្លេចឌឺដង ឲ្យលោក ដូណាល់ ត្រាំ ប្រធានាធិបតីសព្វថ្ងៃ ដែលបានឈ្នះឆ្នោតប្រធានាធិបតី ទល់នឹងអ្នកស្រី កាលពីឆ្នាំ២០១៦នោះឡើយ។

តាមរយៈកិច្ចប្រជុំតុមូល ជាមួយលោក ចូ បៃដេន តាមប្រព័ន្ធវីដេអូ ដែលផ្សាយបន្តផ្ទាល់ អ្នកស្រី គីនតុន បានមានប្រសាសន៍ទៀតថា៖

«សូមអ្នកគិតត្រឹម តែ​ពីភាពខុសគ្នា ​ដែលត្រូវមាន​ក្នុងពេលនេះថា បើសិនជាយើងមានប្រធានាធិបតីមួយរូប ដែលមិនត្រឹមតែស្ដាប់អ្នកវិទ្យាសាស្ត្រ ហើយធ្វើការងារពិតប្រាកដ ជាជាងការសម្ដែងនោះឡើយ តែជាប្រធានាធិបតី ដែលបង្រួបបង្រួមយើងទាំងអស់គ្នា បង្ហាញពីការអាណិតអាសូរ និងការយកចិត្តទុកដាក់ ដែលយើងត្រូវការ ពីប្រធានាធិបតីរបស់យើង ហើយដែលលោក ចូ បៃដេន គឺជាគំរូមួយ។»

លោក ចូ បៃដេន ជាអនុប្រធានាធិបតី ជំនាន់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ខណៈអ្នកស្រី ហ៊ីឡារី គ្លីនតុន ជារដ្ឋមន្ត្រីការបរទេស ដែលដឹកនាំវិស័យការទូត របស់សហរដ្ឋអាមេរិក។

ក្នុងអាណត្តិទី២ របស់លោកប្រធានាធិបតី អូបាម៉ា អ្នកស្រី គ្លីនតុនបានចាកចេញពីតំណែង នៅឆ្នាំ២០១៣ ដើម្បីត្រៀមបេក្ខភាពរបស់អ្នកស្រី ក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១៦ (ដែលអ្នកស្រីបានចាញ់ ទល់នឹងលោក ដូណាល់ ត្រាំ)។

អ្នកស្រី គ្លីនតុន បន្តឌឺដងឲ្យលោក ដូណាល់ ត្រាំ ទៀតថា៖ 

«សូមគិតពីអ្វី ដែលវានឹងមានន័យថា ប្រសិនបើយើងមានប្រធានាធិបតី ពិតប្រាកដម្នាក់ ដែលមិនមែនគ្រាន់តែ ជាតួសំដែង នៅលើកញ្ចក់ទូរទស្សន៍ទេ។»

នៅចំពោះការប្រកាសខាងលើ លោក ចូ បៃដេន បានថ្លែងអំណរគុណអ្នកស្រី គ្លីនតុន ខណៈក្រុមការងារឃោសនាបោះឆ្នោត របស់លោក ដូណាល់ ត្រាំ ឯណោះវិញ បានស្វាគមន៍ការប្រកាសនេះ ដោយបន្តលើកយក ការចោទប្រកាន់ផ្នែកផ្លូវភេទមួយ មកវាយប្រហារលោក បៃដេន។

លោក បៃដេន ត្រូវបានស្ត្រីម្នាក់ ឈ្មោះ «Tara Reade» ចោទថា បានបំពានលើរាងកាយនាង កាលពីអំឡុងឆ្នាំ១៩៩៣ នៅពេលដែលលោក បៃដេន ជាសមាជិកព្រឹទ្ធសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ នៅអំឡុងពេលនោះ នាង «Tara Reade» បានធ្វើការក្នុងក្រុមការងារ របស់លោក បៃដេន។

ប៉ុន្តែការចោទប្រកាន់ខាងលើ ត្រូវបានអ្នកនាំពាក្យ របស់លោក ចូ បៃដេន ប្រកាសច្រានចោល កាលពីចុងខែមីនារួចហើយ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។