ពិភពលោក

នេះ​ជារូបថត ដូណាល់ ត្រាំ ពាក់ម៉ាស់​ជាលើក​ដំបូង

រូបថតប្រធានាធិបតីអាមេរិក ពាក់ម៉ាស់​ជាលើក​ដំបូង ត្រូវបានទម្លាយចេញ និងបង្ហោះ នៅពាសពេញ​បណ្ដាញសង្គម។ រូបថតនោះ ថតនៅក្នុងដំណើរ របស់លោកប្រធានាធិបតី ទៅកាន់ក្រុង «Ypsilanti» ក្នុងរដ្ឋមីឈីហ្គែន (Michigan) ដើម្បីធ្វើទស្សនកិច្ច ក្នុង​រោងចក្រ «Ford» ដែលកំពុងផលិត ម៉ាស៊ីន​ដកដង្ហើម សិប្បនិមិត្ត។

នៅក្នុងរោងចក្រនោះ មានបទបញ្ញត្តិ ដ៏សំខាន់មួយ គឺគ្រប់គ្នាត្រូវពាក់ម៉ាស់ ជាកំហិត។ តែលោក ដូណាល់ ត្រាំ (Donald Trump) បានចេញមកថ្លែង ទៅកាន់អ្នកសារព័ត៌មាន ដោយមុខទទេ និងគ្មានពាក់អ្វីទាំងអស់។

នៅចំពោះការសាកសួរ អំពីការពាក់ម៉ាស់ លោក ត្រាំ បាននិយាយ បែបកំប្លែងឡើងថា៖

«អូ! ខ្ញុំបានពាក់ម៉ាស់មួយ កាលពីអំបាញ់មិញ (…) តែក្នុងពេលនេះ [នៅមុខ​អ្នកសារព័ត៌មាន] ខ្ញុំមិនចង់ឲ្យអ្នកសារព័ត៌មាន សប្បាយចិត្ត នឹងឃើញវានោះទេ។»

បន្តិចក្រោយមក លោកយកម៉ាស់មួយ មកកាន់នៅនឹងដៃ ដើម្បីបង្ហាញអ្នកសារព័ត៌មាន តែលោកមិនបានពាក់វាទេ។ លោកប្រធានាធិបតី បានរៀបរាប់ថា៖

«ខ្ញុំចូលចិត្តវាណាស់។ និយាយឲ្យពិតទៅ ខ្ញុំគិតថា បើខ្ញុំពាក់ម៉ាស់ វាប្រសើរជាង។»

យ៉ាងណា រូបថតលោក ត្រាំ ពាក់ម៉ាស់ ត្រូវបានទម្លាយចេញ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ រោងចក្រ «Ford» បានអះអាងដែរថា លោកប្រធានាធិបតី បានដោះម៉ាសចេញ នៅពេល​​បន្ទាប់មក និងមិនបានពាក់ម៉ាស់ឡើងវិញទេ នៅពេលធ្វើទស្សនកិច្ចនោះ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។