ពិភពលោក

អតីត​ប្រធានាធិបតី​អាមេរិក ហ្សក ប៊ូស ទទួល​មរណភាព

អតីតប្រធានាធិបតីជំនាន់ទី៤១ នៃសហរដ្ឋអាមេរិក លោក ហ្សក ប៊ូស (George H.W. Bush) បានទទួលមរណភាពហើយ កាលពីយប់ថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ អតីតមេដឹកនាំប្រទេសមហាអំណាច ដែលឡើងកាន់តំណែង បានតែមួយអាណត្តិនោះ (ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៣) បានផុតដង្ហើម នៅវេលាម៉ោងជាង២២ ក្នុងជន្នាយុ ៩៤ឆ្នាំ។ នេះ បើតាមការប្រកាសឲ្យដឹង របស់លោក ហ្សក​ វីល្លៀម ប៊ូស (George W. Bush) កូនប្រុសរបស់លោក និងជាអតីតប្រធានាធិបតីអាមេរិក ជំនាន់ទី៤៣ (ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៩)។

លោក ហ្សក ប៊ូស បានរៀបការជាមួយអ្នកស្រី បាបារ៉ា ប៊ូស (Barbara Bush) ដែលបានលាចាកលោក តាំងពី៨ខែមុន។ ក្នុងជីវិតអាពាហ៍ពិពាហ៍ ដែលមានរយៈពេល៧៣ឆ្នាំ អ្នកទាំងពីរមានកូន ចំនួន៥នាក់ និងមានចៅ ចំនួន១៧នាក់។ លោកបានចូលសម្រាក ក្នុងមន្ទីរពេទ្យ ចាប់ពីរដូវផ្ការីកឆ្នាំទៅ ដើម្បីព្យាបាលអាការៈរោគម្យ៉ាង ដែលកើតមាននៅក្នុងឈាម។

លោកបានក្លាយខ្លួន ជាប្រធានាធិបតីអាមេរិក នៅក្នុងរយៈពេលមួយ ដែលសង្គ្រាមត្រជាក់​បែងចែកប្លុកសេរី និងប្លុកកុម្មយនីស្ដិ៍ បានបិទបញ្ចប់។ ក្នុងរយៈពេលនោះ លោកបានដឹកនាំ និងឈ្នះសង្គ្រាមលើកទី១ នៅអៀរ៉ាក់។ នៅចុងអាណត្តិ (ចុងឆ្នាំ ១៩៩២) លោកបានចាញ់ឆ្នោតប្រធានាធិបតី នៅចំពោះបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ លោក ប៊ីល គ្លីនតុន (Bill Clinton) ដែលធ្វើឲ្យលោកបានកាន់អំណាច តែមួយអាណត្តិប៉ុណ្ណោះ។

មរណភាពរបស់លោក ហ្សក ប៊ូស បានទទួលប្រតិកម្មភ្លាមៗ ពីសំណាក់ប្រធានាធិបតីអាមេរិបច្ចុប្បន្ន លោក ដូណាល់ ត្រាំ (Donald Trump) ដោយហៅលោក ថាជា «មេដឹកនាំ ដែលមានជំហររឹងមាំ ឥតងាករេ»។ លោក ត្រាំ ដែលកំពុងមានវត្តមានក្នុងជំនួបកំពូល «G20» នាប្រទេសអាហ្សង់ទីន បានបង្ហោះសារ នៅបណ្ដាញសង្គមទ្វីសធើរថា៖

«តាមរយៈភាពត្រឹមត្រូវ ស្មារតី និងការប្តេជ្ញាចិត្តឥតឈប់ឈរ របស់លោក ចំពោះសាសនា ក្រុមគ្រួសារ និងប្រទេសរបស់លោក លោកប្រធានាធិបតី ប៊ូស បានធ្វើជាគំរូដ៏អស្ចារ្យមួយ ទៅដល់ពលរដ្ឋជំនាន់ក្រោយ នៃសហរដ្ឋអាមេរិក»។

ពិធីបុណ្យសពលោក នឹងត្រូវប្រកាសឲ្យដឹង ជាលក្ខណៈលំអិត នៅពេលក្រោយ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។