បុរសអាមេរិក-ស្បែកខ្មៅ លោក ជច៍ ផ្លយ (George Floyd) និងអតីតភ្នាក់ងារនគរបាល លោក «Derek Chauvin» ធ្លាប់ធ្វើការជាមួយគ្នា កាលពីពេលកន្លងមក នៅក្នុងរង្គសាលមួយកន្លែង។ នេះ បើតាមការបញ្ជាក់ របស់អ្នកស្រី «Maya Santamaria» អតីតម្ចាស់រង្គសាល នៅលើបណ្ដាញទូរទស្សន៍ «CNN»។
អ្នកស្រីថ្លែងឡើងថា លោក «Derek Chauvin» ដែលត្រូវបានបញ្ឈប់ ពីការងារនគរបាល ធ្លាប់ជាអ្នកទទួលខុសត្រូវ នៅក្នុងរង្គសាលអ្នកស្រី ខណៈលោក ជច៍ ផ្លយ ធ្លាប់ត្រូវបានអ្នកស្រី ហៅឲ្យមកធ្វើជាភ្នាក់ងារសន្តិសុខ នៅពេលណា រង្គសាលអ្នកស្រី មានកម្មវិធីធំដុំ។
រង្គសាលដែលអ្នកស្រី «Maya Santamaria» ធ្លាប់គ្រប់គ្រងនោះ មានឈ្មោះ «El Nuevo Rodeo» ដែលស្ថិតក្នុងក្រុង «Minneapolis» (រដ្ឋមីនេសូតា) ភាគខាងជើងសហរដ្ឋអាមេរិក។
អ្នកស្រីថា៖
«ខ្ញុំមិននិយាយថា ពួកគេស្គាល់គ្នាទេ តែយើងធ្វើការជាមួយគ្នា ច្រើនដងណាស់ ហើយយើងនៅក្នុងក្រុមការងារ តែមួយ។ អញ្ចឹង ពួកគេទាំងពីរនាក់ ពិតជាបានជួបគ្នារួចហើយ។»
កាលពីថ្ងៃសុក្រ លោក «Derek Chauvin» ត្រូវបានចាប់ខ្លួន យកទៅឃុំជាបណ្ដោះអាសន្ន និងចោទប្រកាន់ ពីបទមនុស្សឃាត «ដោយអចេតនា» នៅក្នុងហេតុការណ៍ឃាត់ខ្លួនលោក ជច៍ ផ្លយ ដ៏ហិង្សា កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍មុន ដែលបណ្ដាលឲ្យលោក ផ្លយ ស្លាប់។ នៅក្នុងហេតុការណ៍នោះ លោក «Chauvin» ដែលជាភ្នាក់ងារនគរបាលម្នាក់ ពីក្នុងចំណោមភ្នាក់ងារ៤នាក់ បានប្រើជង្គង់ ដើម្បីសង្កត់«ក»លោក ផ្លយ មិនឲ្យរើខ្លួនរួច។
អ្នកស្រីអតីតម្ចាស់រង្គសាល ដែលបានមើលឃើញវីដេអូ ដែលលោក «Derek Chauvin» សង្កត់«ក»លោក ផ្លយ នៅពេលចាប់ឃាត់ខ្លួននោះ បានឧទានឡើងថា៖
«ខ្ញុំស្រែកមិនឈប់ទេ ដាក់ទូរស័ព្ទខ្ញុំ នៅពេលដែលខ្ញុំមើលវីដេអូនោះ ថាហេតុអីក៏ “Chauvin” មិនបន្ធូរដៃឲ្យ “Floyd” បន្តិចទៅ? ក្នុងនាមអ្នកស្គាល់ “Chauvin” ម្នាក់ ខ្ញុំមិនជឿសោះទេ ថា “Chauvin” គ្មានមនុស្សធម៌នៅក្នុងខ្លួន ដើម្បីស្ដាប់ការសុំអង្វរ របស់មនុស្សម្នាក់ ដែលគ្រាន់តែចង់បាន ដង្ហើមដកនោះ៕»