ពិភពលោក

ការស្លាប់របស់ ជច៍ ផ្លយ៖ នគរបាល​ម្នាក់​ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់

«អតីត»ភ្នាក់ងារនគរបាល ដែលបានសង្កត«ក»លោក ជច៍ ផ្លយ (George Floyd) បុរសអាមេរិកាំង-ស្បែកខ្មៅ រហូតបណ្ដាលឲ្យបុរសរូបនេះស្លាប់ កាលពីដើមសប្ដាហ៍ ត្រូវបានចាប់ខ្លួន និង​ចោទប្រកាន់ ពីបទមនុស្សឃាត «ដោយអចេតនា» ក្នុងថ្ងៃសុក្រកន្លងមកនេះ។

លោក «John Harrington» ស្នងការនគរបាល នៃនាយកដ្ឋានសន្តិសុខស៊ីវិល របស់រដ្ឋមីនេសូតា (Minnesota – ខាងជើងសហរដ្ឋអាមេរិក) បានថ្លែងឲ្យដឹងថា៖

«អតីតភ្នាក់ងារនគរបាល ដែលពាក់ព័ន្ធ ក្នុងការស្លាប់របស់លោក ផ្លយ ដែលគេស្គាល់ឈ្មោះថា “Derek Chauvin” ត្រូវបានឃាត់ខ្លួន ដោយនគរបាលព្រហ្មទណ្ឌ និងយកទៅឃុំ ក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន។»

តាមរយៈ​រូបភាព​វីដេអូ (ខាងក្រោម) ដែលត្រូវបានថត ដោយសាក្សី​នៅផ្ទាល់កន្លែង គេឃើញ​ភ្នាក់ងារ​នគរបាល​ ដែលគេស្គាល់ឈ្មោះ ក្នុងពេលនេះ ថាជា«Derek Chauvin» បានប្រើជង្គង់របស់ខ្លួន​សង្កត់«ក»លោក ផ្លយ អស់រយៈពេល​ជាច្រើន​នាទី បើទោះ​ជា​លោក ផ្លយ បានស្រែកឡើង ជាច្រើនដងថា «ខ្ញុំមិនអាច​ដកដង្ហើម​បានទេ» ក៏​ដោយ។

ក្នុងពេលបន្ទាប់មក បុរសអាមេរិកាំងស្បែកខ្មៅ អាយុ៤៦ឆ្នាំខាងលើ ដែលហាក់លែងដឹងខ្លួនទៅហើយ ត្រូវបានក្រុមអ្នកសង្គ្រោះ បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ប៉ុន្តែបានស្លាប់ នៅក្នុងយប់​ថ្ងៃចន្ទ ចូលមកថ្ងៃអង្គារទី២៦ ខែឧសភា។

ការធ្វើកោសលវិច័យ ទៅលើសពលោក ផ្លយ នៅមិនទាន់ចេញលទ្ធផល ឲ្យដឹងថា យ៉ាងណានៅឡើយ តែអតីតភ្នាក់ងារនគរបាលខាងលើ ត្រូវបានចាប់ខ្លួន និង​ចោទប្រកាន់ ពីបទ​បានធ្វើ​ឲ្យថប់ដង្ហើម​លោក ជច៍ ផ្លយ។

នៅមួយថ្ងៃ ក្រោយហេតុការណ៍នោះ ពោលគឺនៅថ្ងៃអង្គារ ភ្នាក់ងារនគរបាល​ទាំងបួននាក់ ដែលជាប់ពាក់ព័ន្ធ នឹងការឃាត់ខ្លួនលោក ផ្លយ ត្រូវបានបញ្ឈប់ពីការងារ ខណៈការិយាល័យ ស៊ើបអង្កេត​សហព័ន្ធ «FBI» បានបើកសំនុំរឿងមួយឡើង ដើម្បីធ្វើការស៊ើបអង្កេត និងកំណត់ពីការទទួលខុសត្រូវ របស់អតីតភ្នាក់ងារទាំងនេះ ទៅលើ​មរណភាព​។

ប៉ុន្តែមានតែលោក «Derek Chauvin» ម្នាក់ប៉ុណ្ណោះ ដែលត្រូវបានឃាត់ខ្លួន។ ក្នុងពេលភ្លាមៗ លោករដ្ឋអាជ្ញារ នៃតំបន់ «Hennepin» ដែលរាប់បញ្ចូលទាំងក្រុង «Minneapolis» ផង បានអះអាងថា ការបំពេញការងារ ​របស់ភ្នាក់ងារនគរបាលរូបនេះ បានបង្ហាញពីទង្វើព្រៃផ្សៃ និងគ្រោះថ្នាក់ ដែលបណ្ដាលឲ្យស្លាប់ និងបង្ហាញពី​ទង្វើមនុស្សឃាត ដោយអចេតនា។

ចំណាត់ការជាបន្តបន្ទាប់ ទល់នឹងអតីតភ្នាក់ងារនគរបាល ធ្វើឡើងស្របពេល នឹងទង្វើហិង្សា បានផ្ទុះឡើងជាបន្តបន្ទាប់ និង៣យប់ជាប់គ្នា នៅក្នុងក្រុង «Minneapolis» ដែលក្រុងធំរបស់រដ្ឋមីនេសូតា។ កងរក្សាសន្តិសុខ ត្រូវបានដាក់ពង្រាយ ដើម្បីនាំភាពស្ងប់ស្ងាត់ត្រឡប់មកវិញ ខណៈស្នងការនគរបាលមួយកន្លែង ត្រូវបានដុតកម្ទេច និងហាងទំនិញជាច្រើន ត្រូវបានលួចឆក់៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។