ពិភពលោក

ទីភ្នាក់ងារ​ឃ្លាំមើល​រដ្ឋាភិបាល​ឲ្យដក​ទីប្រឹក្សា​ប្រធានាធិបតី ត្រាំ ចេញ​ពីតំណែង

មនុស្សជំនិតម្នាក់ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) គួរត្រូវបណ្តេញចេញពីតំណែង។ នេះបើតាមរបាយការណ៍មួយ របស់ទីភ្នាក់ងារឃ្លាំមើលរដ្ឋាភិបាល របស់សហរដ្ឋអាមេរិក ហៅកាត់តាមភាសាអង់គ្លេសថា «OSC»។

ទីភ្នាក់ងារ «OSC» បានសរសេរក្នុងរបាយការណ៍របស់ខ្លួនថា អ្នកស្រី «Kellyanne Conway» ទីប្រឹក្សាផ្ទាល់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ  បានរំលោភបំពានជាច្រើនដង លើច្បាប់ «Hatch Act»។ ច្បាប់នេះហាមឃាត់មន្ត្រីរដ្ឋាភិបាលសហព័ន្ធ មិនឲ្យចូលរួមក្នុងសកម្មភាពនយោបាយ និងលូកដៃចូលក្នុងការបោះឆ្នោត។

របាយការណ៍បានបញ្ជាក់ទៀតថា អ្នកស្រី «Kellyanne Conway» ដែលឧស្សាហ៍ចេញមុខ តាមកញ្ចក់ទូរទស្សន៍ ដើម្បីការពារលោក ដូណាល់ ត្រាំ តែងធ្វើការវាយប្រហារជាច្រើនដង និងធ្ងន់ៗ ទៅលើមន្ត្រីមកពីគណបក្សប្រជាធិបតេយ្យ។ 

ដូចជានៅក្នុងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងរដ្ឋ «Alabama» អ្នកស្រីបានរិះគន់បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោក «Doug Jones» ក្នុងសំដីដើមដូច្នេះថា៖

«សូមកុំចាញ់ការបោកបញ្ឆោត! គាត់នឹងបោះឆ្នោត ប្រឆាំងការកាត់បន្ថយការបង់ពន្ធ។ គាត់មានសមត្ថភាពខ្សោយណាស់ ក្នុងសំនុំរឿងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម និងព្រំដែន។»

សប្ដាហ៍ចុងក្រោយនេះ អ្នកស្រីថែមទាំងបានវាយប្រហារ ទៅលើបេក្ខជនបឋមច្រើននាក់ របស់គណបក្សប្រជាធិបតេយ្យ ក្នុងដំណើរទៅរកការបោះឆ្នោត ជ្រើសតាំងប្រធានាធិបតីអាមេរិកថែមទៀត។

យ៉ាងណា ការលើកឡើងរបស់ទីភ្នាក់ងារ «OSC» គ្រាន់តែជាអនុសាសន៍មួយ ដែលប្រធានាធិបតីអាមេរិក មានសិទ្ធិអំណាច ក្នុងការបដិសេធ ឬការទទួលយក។

សេតវិមាន (វិមានប្រធានាធិបតីអាមេរិក) បានចេញមុខ ធ្វើប្រតិកម្មតបវិញ ដោយហៅរបាយការណ៍នោះ ថាមានលក្ខណៈលំអៀង «យ៉ាងជ្រាលជ្រៅ» និងបានរំលោភលើ «សិទ្ធិនៃការបញ្ចេញមតិ» របស់អ្នកស្រី «Kellyanne Conway» ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ សហរដ្ឋអាមេរិក។

បើតាមច្បាប់ «Hatch Act» តំណែងជាន់ខ្ពស់មួយចំនួន នៅក្នុងរដ្ឋាភិបាលសហព័ន្ធ មិនត្រូវបានរាប់បញ្ចូល ក្នុងការហាមឃាត់នោះទេ ដូចជាប្រធានាធិបតី និងអនុប្រធានាធិបតីជាដើម។ សេតវិមានបានបន្តទៀតថា អ្នកស្រីទីប្រឹក្សាផ្ទាល់របស់ប្រធានាធិបតី ក៏ត្រូវចាត់ទុក ក្នុងចំណោមមនុស្ស ដែលទទួលបានការលើកលែងនេះដែរ។

ក្នុងពេលភ្លាមៗ អ្នកស្រី «Kellyanne Conway» ផ្ទាល់ នៅមិនទាន់បញ្ចេញប្រតិកម្មយ៉ាងណា នៅឡើយ។ តែអ្នកស្រីធ្លាប់ចំអក ឲ្យទីភ្នាក់ងារ«OSC» កាលពីប៉ុន្មានសប្ដាហ៍មុនថា៖ «សូមជួយរំឭកខ្ញុំផង ពេលណាមានទោសជាប់ពន្ធនាគារ (ត្រូវបានប្រកាសផ្ដន្ទាទោស) ប្រឆាំងខ្ញុំ»៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។