ពិភពលោក

នគរបាលអន្តរជាតិ​រឹបអូស​​វ៉ាក់សាំង​ក្លែងក្លាយ នៅចិន​និងអាហ្វ្រិក​ខាងត្បូង

នគរបាលអន្តរជាតិ (Interpol) បានអះអាងថា បានកម្ទេច​បណ្ដេញវ៉ាក់សាំងក្លែងក្លាយ ក្នុងប្រទេសដ៏សំខាន់ពីរគឺ នៅចិន​និងអាហ្វ្រិក​ខាងត្បូង ។ នេះ បើតាមការសេចក្ដីប្រកាសព័ត៌មាន របស់ស្ថាប័នអន្តរជាតិ ដែលមានស្នាក់ការធំ នៅក្រុងលីយ៉ុង (Lyon ប្រទេសបារាំង) ក្នុងចុងសប្ដាហ៍កន្លងមក ដោយបានព្រមានថា ចំណាត់ការខាងលើ គ្រាន់តែ​ជាការចាប់ផ្ដើមមួយប៉ុណ្ណោះ។

កាលពីថ្ងៃពុធ ថ្នាំវ៉ាក់សាំងក្លែងក្លាយ ដែលបន្លំធ្វើជាវ៉ាក់សាំង បង្ការជំងឺកូវីដ (Covid-19) ចំនួនប្រមាណ​ជា​២៤០០ដូស ត្រូវបានរឹបអូស នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង បន្ទាប់ពីទទួលបាន ការជូនដំណឹងពីនគរបាល​អន្តរជាតិ ដែលបានសង្ស័យករណីនេះ ថាមានជាប់ទាក់ទង​​នឹងបណ្ដាញម៉ាហ្វីយ៉ា ចេញពីប្រទេសចិន។

នៅក្នុងព្រឹត្តិការណ៍នោះ ជនជាតិចិន៣នាក់ និងជនជាតិហ្សំប៊ីម្នាក់ ត្រូវបានឃាត់ខ្លួន និងអនុញ្ញាតឲ្យរកឃើញ «ម៉ាស់ក្លែងក្លាយ ក្នុងចំនួនជាច្រើន»​ថែមទៀត។

នគរបាលអន្តរជាតិ ក៏បានសហការជាមួយអាជ្ញាធរចិន ក្នុងការកំណត់អត្តសញ្ញាណ នៃបណ្តាញលក់​វ៉ាក់សាំង​ក្លែងក្លាយ និងកន្លែង​ផលិតវ៉ាក់សាំងទាំងនេះ ដែលឈានទៅដល់​​ការចាប់ខ្លួន​ជនសង្ស័យ​ចំនួន៨០នាក់ រួមនឹង​ការរឹបអូស​វ៉ាក់សាំងក្លែងក្លាយ ចំនួន៣០០០ដូស នៅនឹងកន្លែង។

នៅចិន​និងអាហ្វ្រិក​ខាងត្បូង ចំណុចចាប់ផ្ដើម…

អគ្គលេខាធិការរបស់នគរបាលអន្តរជាតិ លោក «Jürgen Stock» ត្រូវបានស្រង់សំដី នៅក្នុងសេចក្តី​ថ្លែងការណ៍​មួយថា៖

«បើទោះជាយើងស្វាគមន៍ ចំពោះលទ្ធផល​នៃចំណាត់ការ​ខាងលើនេះក៏ដោយ តែវាគ្រាន់តែជាចំណុចចាប់ផ្ដើមមួយ នៅពេលនិយាយ​អំពីឧក្រិដ្ឋកម្ម​នៃផលិតផលវ៉ាក់សាំងក្លែងក្លាយ។ ការចាប់ខ្លួន និងការរឹបអូសវត្ថុតាងទាំងអស់ បញ្ជាក់ពី​តួនាទីពិសេស របស់នគរបាល​អន្តរជាតិ ក្នុងការប្រមូលផ្តុំមុខសញ្ញាសំខាន់ៗ ដើម្បីចាត់វិធានការ ក្នុងការ​ការពារ​សុវត្ថិភាពសាធារណៈ។»

ក្នុងឱកាសនេះដែរ នគរបាលអន្តរជាតិបានព្រមានជាថ្មីទៀត ចំពោះថ្នាក់វ៉ាក់សាំងបង្ការជំងឺកូវីដទាំងឡាយ ដែលគ្មានការអនុញ្ញាត និងដែលកំពុងដាក់លក់ នៅតាមបណ្ដេញអ៊ីនធឺណិត។ ស្ថាប័ននេះបានសរសេរឲ្យដឹងថា៖

«គ្រប់ថ្នាំវ៉ាក់សាំង ដែលមានដាក់លក់ នៅតាមគេហទំព័រមួយចំនួន ឬនៅលើ “Darknet” មិនមានភាពស្របច្បាប់ទេ ហើយសុទ្ធសឹង​ជាវ៉ាក់សាំង ដែលមិនបានឆ្លងកាត់​ការពិសោធន៍​សាកល្បង និងអាចបង្កគ្រោះថ្នាក់ដល់សុខភាព ឬដល់​ជីវិត៕»

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។