ពិភពលោក

ត្រាំ មិនចូលរួម​ពិធីស្បថ​«ចូលកាន់តំណែង»​របស់ បៃដិន ថ្ងៃ២០មករាទេ

ប្រធានាធិបតីចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសនៅថ្ងៃសុក្រនេះ ថាលោកនឹងមិនចូលរួម ក្នុងពិធីស្បថ​«ចូលកាន់តំណែង»​របស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជាប់ឆ្នោត នៅថ្ងៃទី២០ ខែមករាខាងមុខនេះទេ។

តាមរយៈសារមួយ បង្ហោះនៅលើបណ្ដាញសង្គម​ទ្វីសធើរ លោក ដូណាល់ ត្រាំ បានសរសេរឲ្យដឹងថា៖

«ជូនចំពោះអ្នកទាំងឡាយ ដែលចង់ដឹងពីរឿងនេះ ថាខ្ញុំនឹងមិនចូលរួម ក្នុងកម្មវិធីស្បថ (ចូលកាន់តំណែង) នៅថ្ងៃទី ២០ ខែមករាទេ។»

ការសម្រេចខាងលើ បានធ្វើឲ្យលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីដំបូង នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលមិនបាន​ចូលរួម​ក្នុងពិធីស្បថ របស់ប្រធានាធិបតី ដែលត្រូវមកបន្តតំណែងពីខ្លួន រាប់ពីជំនាន់ប្រធានាធិបតី «Andrew Johnson» ក្នុងឆ្នាំ១៨៦៩​នោះមក។

ពិធីស្បថចូលកាន់តំណែង របស់លោក ចូ បៃដិន ក្នុងឋានៈជាប្រធានាធិបតី និងអ្នកស្រី កាម៉ាឡា ហារី (Kamala Harris) ក្នុងឋានៈ​ជាអនុប្រធានាធិបតី នៃសហរដ្ឋអាមេរិក នឹងប្រព្រឹត្តិទៅជាផ្លូវការ នៅថ្ងៃទី២០ ខែមករា វេលាថ្ងៃត្រង់ (ម៉ោងនៅរដ្ឋធានី វ៉ាស៊ីនតោន)។

នៅមុនសារបង្ហោះខាងលើ លោក ដូណាល់ ត្រាំ នៅបានសរសេរសារមួយផ្សេង ដែលមានសរសេរថា៖

«សម្លេងម្ចាស់ឆ្នោត ប្រមាណជា៧៥លានសម្លេង ដែលបានបោះឆ្នោតសម្រាប់ខ្ញុំ, “ប្រទេសអាមេរិក មុនគេបង្អស់ និងត្រូវផ្ដល់​ភាពអស្ចារ្យជាថ្មី ជូនប្រទេសអាមេរិក (*)”, នឹងឮរន្ទឺសារជាថ្មី និងយ៉ាងយូរ។ ក្នុងកាលៈទេសៈ​ណាក៏ដោយ សម្លេង​ម្ចាស់ឆ្នោត​ទាំងនេះ មិនត្រូវបានគេមើលងាយ ឬធ្វើបាបដោយអយុត្តិធម៌ ទោះតាមរបៀបណាក៏ដោយ៕»

(*) “AMERICA FIRST, and MAKE AMERICA GREAT AGAIN”

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។