ពិភពលោក

ដូណាល់ ត្រាំ ប្រកាស​បេក្ខភាព​ប្រធានាធិបតី សម្រាប់​អាណត្តិ​ទី២

ប្រធានាធិបតីក្នុងតំណែង នៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសនៅថ្ងៃសុក្រនេះ ថាលោកនឹងបើកយុទ្ធនាការឃោសនា ចាប់ពីថ្ងៃទី១៨ ខែមិថុនាខាងមុខ ក្នុងការបោះឆ្នោត ជ្រើសតាំងប្រធានាធិបតីអាមេរិក ដែលរូបលោក ជាបេក្ខជនជាថ្មី សម្រាប់​អាណត្តិ​ទី២ (ឆ្នាំ២០២០-២០២៤)។

នៅថ្ងៃនោះ លោកនឹងចាប់ផ្ដើមយុទ្ធនាការ នៅក្នុងរដ្ឋផ្លរីដា ដែលលោកបានឈ្នះឆ្នោត នៅក្នុងការបោះឆ្នោត កាលពីឆ្នាំ២០១៦។ លោក ត្រាំ បានអះអាងតាមបណ្ដាញសង្គមទ្វីសធើរថា៖

«ខ្ញុំនឹងប្រកាសបេក្ខភាពរបស់ខ្ញុំ សម្រាប់អាណត្តិទីពីរ នៃប្រធានាធិបតីសហរដ្ឋអាមេរិក ជាមួយនឹងស្ត្រីទីមួយ មេឡានី (Melania Trump) និងលោកអនុប្រធានាធិបតី ម៉ៃ ផេន (Mike Pence) នៅថ្ងៃទី១៨ ខែមិថុនា ក្នុងក្រុងអូឡេនដូ រដ្ឋផ្លរីដា។»

សម្រាប់​អាណត្តិ​ទី២ នរណាជាគូប្រជែង?

លោក ត្រាំ តែងបានថ្លែង នៅចំពោះអ្នកគាំទ្រ នៅក្នុងការជួបប្រជុំទាំងឡាយ នាប៉ុន្មានខែចុងក្រោយនេះថា លោកនៅសល់ពេល ៦ឆ្នាំទៀត (២+៤ឆ្នាំ) នៃអាណត្តិប្រធានាធិបតីរបស់លោក ដោយចាត់ទុកជាមុនថា បន្ទាប់ពីបញ្ចប់អាណត្តិ ក្នុង២ឆ្នាំទៅមុខនេះ លោកនឹងបន្តឈ្នះឆ្នោត សម្រាប់អាណត្តិ៤ឆ្នាំ បន្ថែមទៀត ក្នុងការបោះឆ្នោត ឆ្នាំ២០២០។

គូរប្រជែងរបស់លោក នៅខណៈនេះ នៅមិនទាន់ដឹងថា នឹងជានរណា ឲ្យប្រាកដនៅឡើយ ខណៈបេក្ខជន និងបេក្ខនារីដែលបានដាក់បេក្ខភាព របស់ពួកគេ មានចំនួនដល់ទៅ ២៣នាក់។

រដ្ឋផ្លរីដា ស្ថិតនៅភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក ជារដ្ឋដែលប្រទាញប្រទង់ជាងគេ នៅសឹងរៀងរាល់ការបោះឆ្នោត ជ្រើសតាំងប្រធានាធិបតី នៅក្នុងពេលកន្លងមក។

នៅក្នុងរដ្ឋមួយនេះ កាលពីឆ្នាំ២០១២ លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានឈ្នះ​លោក មីដ រ៉ូមណី (Mitt Romney ) ដោយទទួលបានសម្លេង លើស១% ខណៈក្នុងឆ្នាំ២០១៦ អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានចាញ់លោក ដូណាល់ ត្រាំ ដោយទទួលបានសម្លេង តិចជាង១% ដូចគ្នា៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។