ពិភពលោក

ចូ បៃដេន កំពុងឈ្នះ ត្រាំ ក្នុងការបោះឆ្នោត​​ប្រធានាធិបតី​អាមេរិក២០២០

ការរាប់សន្លឹកឆ្នោត​បន្ថែមទៀត ក្នុងថ្ងៃពុធទី៤ ខែវិច្ឆិកានេះ បង្ហាញទំនោរថា លោក ចូ បៃដេន (Joe Biden) បេក្ខជន​ពីគណបក្សប្រជាធិបតេយ្យ ទំនងជាឈ្នះលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ឆ្នាំ២០២០។

អ្នកឆ្លើយឆ្លងព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានធ្វើសេចក្ដីរាយការណ៍ជូន ពីករណីនេះ ផ្ទាល់ពី​សហរដ្ឋអាមេរិក។

មកដល់ម៉ោងនេះ លទ្ធផលស្ទាបស្ទង់ នៃការរាប់សន្លឹកឆ្នោត នៅក្នុងរដ្ឋជាច្រើន បានបង្ហាញថា លោក បៃដេន ទទួលបាន ២៣៨សម្លេង នៃតំណាងម្ចាស់ឆ្នោត ខណៈលោក ត្រាំ ទទួលបាន ២១៤សម្លេង នៃតំណាង​ម្ចាស់ឆ្នោត។

នៅសហរដ្ឋអាមេរិក ប្រព័ន្ធបោះឆ្នោតប្រធានាធិបតី តាមរយៈតំណាងម្ចាស់ឆ្នោត តម្រូវឲ្យបេក្ខជន ត្រូវទទួល​សន្លឹកឆ្នោត យ៉ាងហោច ២៧០សម្លេង នៃតំណាង​ម្ចាស់ឆ្នោត (ពីក្នុងចំណោម ៥៣៨តំណាងម្ចាស់ឆ្នោត) ដើម្បីឈ្នះ​ក្លាយជា​ប្រធានាធិបតី នៃប្រទេស​មហាអំណាច។

ដូច្នេះ បើយោងតាមក្រិត្យក្រម និងតួលេខខាងលើ លោក ចូ បៃដេន ត្រូវការ​៣២សម្លេង​បន្ថែម ខណៈលោក ដូណាល់ ត្រាំ ត្រូវការរហូតដល់ ៥៦សម្លេង ដើម្បី(បន្ត)ក្លាយជាម្ចាស់សេតវិមាន សម្រាប់៤ឆ្នាំទៅមុខ។

តាំងពីយប់ថ្ងៃអង្គាមកម្លេះ សេចក្ដីរាយការណ៍ពីបណ្ដារដ្ឋភាគច្រើន ឲ្យដឹងថា ការរាប់​សន្លឹកឆ្នោត  ដែលត្រូវ​បាន​​បោះផ្ទាល់ នៅនឹងមណ្ឌលនានា ទំនងជា​ត្រូវបាន​បញ្ចប់ទាំងស្រុង​ហើយ។ លើកលែងតែរដ្ឋចំនួន ៧ (ពីចំណោមរដ្ឋទាំង៥០) ដែលនៅសល់​សន្លឹកឆ្នោត​ជាច្រើនលាន និងរាប់មិនទាន់ចប់។

ហេតុអ្វីក៏សល់សន្លឹកឆ្នោត ច្រើនយ៉ាងនេះ?

សន្លឹកឆ្នោតទាំងនោះ ត្រូវបានពលរដ្ឋអាមេរិក បោះទុកជាមុន និងផ្ញើរទៅតាម​ប្រៃសណីយ៍ ដើម្បីបង្កាការរាតត្បាត នៃជំងឺ «Covid-19»។ សារព័ត៌មាន​អាមេរិក​ធំៗ បានអះអាងថា ពលរដ្ឋអាមេរិក​ ដែលបានបោះឆ្នោត ទុកជាមុននេះ  មានប្រមាណ​ជា៦០លាននាក់។

ហើយដំណឹង ដែលផ្ដល់ការខកចិត្ត សម្រាប់ក្រុមលោក ត្រាំ និងអ្នកគាំទ្រនោះ គឺការរាប់​សន្លឹក​ឆ្នោត​ទាំងនេះ កាន់តែច្រើនឡើងកាលណា គឺលទ្ធផលបានផ្ដល់ទំនោរ កាន់តែខ្លាំង​ឡើង សម្រាប់លោក បៃដេន ជាពិសេសនៅក្នុងរដ្ឋ «Nevada» រដ្ឋ «Wisconsin» និងរដ្ឋ «Michigan» ដែលមានតំណាងម្ចាស់ឆ្នោតសរុប ៣២សម្លេង (៦+១០+១៦) ដែលគ្រប់សមល្មម តាមតម្រូវការ ដើម្បីឲ្យបេក្ខជនពីគណបក្ស​ប្រជាធិបតេយ្យរូបនេះ ទទួលបាន២៧០សម្លេង។

នៅនាទីមុន ការចេញផ្សាយនៃអត្ថបទនេះ រដ្ឋ «Wisconsin» បានចេញលទ្ធផល​ស្ទាបស្ទង់ បង្ហាញថា លោក បៃដេន ឈ្នះលោក ត្រាំ រួចជាស្រេចហើយ ដែលធ្វើឲ្យសម្លេង​សរុប នៃអ្នកតំណាងម្ចាស់ឆ្នោត សម្រាប់លោក បែដេន កើនឡើងដល់២៤៨សម្លេង។

ដូច្នេះ អ្វីដែល​គេកំពុងទន្ទឹងរង់ចាំ ក្នុងប៉ុន្មានម៉ោងខាងមុខ គឺលោក បៃដេន ទំនងជាក្លាយ​ជា​​ប្រធានាធិបតីអាមេរិក បន្តពីលោក ត្រាំ ក្នុងអាណត្តិក្រោយនេះ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។