ពិភពលោក

មានសាកសពមួយ ក្នុង​យន្ដហោះ​ដឹក​កីឡាករ សាឡា ដែលធ្លាក់​ក្នុងសមុទ្រ

មានសាកសពមួយ ត្រូវបានគេរកឃើញ នៅក្នុងយន្ដហោះ ដែលដឹកកីឡាករ អេមីលីយ៉ាណូ សាឡា (Emiliano Sala) និងអ្នកបើកយន្ដហោះ ដេវីដ អាយបូតសុន (David Ibbotson)។ នេះ បើតាមការប្រកាសឲ្យដឹង ពីសំណាក់ការិយាល័យអង្កេតគ្រោះថ្នាក់ផ្លូវអាកាស របស់ចក្រភពអង់គ្លេស ហៅកាត់ថា «AAIB» ។

សេចក្ដីប្រកាសមួយ របស់ការិយាល័យខាងលើ បានអះអាងថា វីដេអូ ដែលបានថតចេញពីតួយន្ដហោះ ដោយយានយន្ដជ្រមុជទឹកតូចមួយ ឬហៅជាភាសាអង់គ្លេស «Remotely Operated Vehicle (ROV)» បានបង្ហាញឲ្យឃើញ ពីរូបរាងសាកសពមួយ នៅក្នុងតួយន្ដហោះ។

យន្ដហោះបានហោះចេញពីក្រុង ណង់ (បារាំង) ឆ្ពោះទៅក្រុង កាឌីហ្វ (អង់គ្លេស) នៅក្នុងយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ហើយបានបាត់ដំណឹងសូន្យឈឹង នៅលើសមុទ្រ ម៉ង់ ត្រង់ចំណុចមួយ នៅខាងជើងប្រជុំកោះ «Guernesey» នៃចក្រភពអង់គ្លេស។

នៅក្នុងយន្ដហោះ មានកីឡាករ អីមីល្យាណូ សាឡា អាយុ២៨ឆ្នាំ ដែលទើបត្រូវបានផ្ទេរពីក្រុមបាល់ទាត់ ណង់ ទៅកាន់ក្រុមបាល់ទាត់ កាឌីហ្វ និងអ្នកបើកបរ លោក ដេវីដ អាយបូតសុន អាយុ៥៩ឆ្នាំ។

«មានសាកសពមួយ ពីក្នុងចំណោមអ្នកជិះ២នាក់»

នៅថ្ងៃទី២៦ ខែមករា ក្រុមគ្រួសារបស់កីឡាករ បានប្រកាសបន្តរុករកតួយន្ដហោះ ជាមួយនឹងថវិកា ដែលផ្ដល់ដោយសប្បុរសជន នៅតាមបណ្ដាញអ៊ិនធើណែត បន្ទាប់ពីអាជ្ញាធរនៃកោះ «Guernesey» បានសម្រេចបញ្ឈប់​ការរុករកតួយន្ដហោះ ហើយបានគិតថា កីឡាករ និងអ្នកបើកបរ គ្មានសង្ឃឹមនៅរស់នោះទេ។

កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុន «Blue Water Recoveries» ដែលត្រូវបានជួលដោយក្រុមគ្រួសារ ដើម្បីរុករកតួយន្ដហោះ បានប្រកាសថា នាវា «FPV Morven» របស់ខ្លួន ដែលមានបំពាក់ដោយប្រព័ន្ធរុករកក្រោមសមុទ្រ បានរកឃើញតួយន្ដហោះហើយ តាំងពីព្រឹកថ្ងៃដដែល (ថ្ងៃអាទិត្យ)៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។