ពិភពលោក

Covid-19៖ ត្រាំ ផ្អាកប្រាក់បដិភាគ សម្រាប់​អង្គការ​សុខភាព​ពិភពលោក

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានសម្រេចផ្អាកការផ្ដល់ប្រាក់បដិភាគ របស់សហរដ្ឋអាមេរិក សម្រាប់​អង្គការ​សុខភាព​ពិភពលោក (WHO / OMS) ដោយចោទ​ស្ថាប័ន​​អន្តរជាតិ​មួយនេះ ថាគ្រប់គ្រងវិបត្តិជំងឺ «Covid-19» មិនបានល្អ។

បើតាមតួលេខក្នុងឆ្នាំកន្លងទៅ ឱ្យដឹងថា ទឹកប្រាក់បដិភាគ ដែលសហរដ្ឋអាមេរិក ត្រូវផ្ដល់ឲ្យ «WHO» មានប្រមាណជាជិត១ពាន់លានដុល្លារ ក្នុងនាមជារដ្ឋសមាជិកមួយ របស់អង្គការពិភពលោកខាងលើ។ ប៉ុន្តែ នៅពេលនេះ ប្រធានាធិបតីអាមេរិក បានសម្រេចផ្អាក ទឹកប្រាក់​ប្រមាណជា៥០០លានដុល្លារ ដែលសហរដ្ឋអាមេរិកត្រូវផ្ទេរឲ្យ «WHO» ក្នុងពេលខាងមុខ។

ការសម្រេចរបស់លោក ដូណាល់ ត្រាំ ត្រូវបានឱ្យដឹង កាលពីយប់ថ្ងៃអង្គារ ទី១៤ ខែមេសាម្សិលម៉ិញ នៅក្នុងសន្និសីទសារព័ត៌មានរបស់លោក។

២២% នៃគម្រោងថវិកា សម្រាប់​អង្គការ​សុខភាព​ពិភពលោក ជាចំណែករបស់អាមេរិក

មកដល់ម៉ោងនេះ ចំនួនមនុស្សស្លាប់ព្រោះជំងឺ «Covid-19» ក្នុងសហរដ្ឋអាមេរិក បានបន្តកើនឡើង រហូតដល់ជិត៣ម៉ឺននាក់ ខណៈអ្នកឆ្លងជំងឺបានកើនឡើង រហូតដល់ជាង៦១ម៉ឺនករណី។

នៅចំពោះការរាតត្បាត ដែលរកកោះត្រើយ មិនទាន់ឃើញនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ជាមនុស្សដំបូង ដែលរងការរិះគន់ កាន់តែខ្លាំងក្លាទៅៗ នៅចំពោះវិធានការ នៃរដ្ឋបាលរបស់លោក រាប់តាំងពីថ្ងៃដំបូងមក ដើម្បីប្រយុទ្ធ-ទប់ស្កាត់ ទល់នឹងជំងឺដ៏ចង្រៃ។

ប៉ុន្តែពេលនេះ គឺអង្គការសុខភាពពិភពលោក ដែលត្រូវទទួលទំងន់ថ្មបាក់ បន្ទាប់ពីលោក ត្រាំ បានសម្រេចព្យួរ មកផ្ដល់ប្រាក់បដិភាគ មកឲ្យស្ថាប័នអន្តរជាតិមួយនេះ។ ហើយអង្គការមួយនេះ មិនប្រាកដថា ទទួលរងថ្មបាក់ តែពីសំណាក់សហរដ្ឋអាមេរិកមួយទេ តែនៅមានប្រទេសជាច្រើនទៀត ក៏បានរិះគន់ ចំពោះ​«WHO»​ដែរ។

បណ្ដាប្រទេសទាំងនោះ បានរិះគន់ «WHO» ថាបានប្រើពេលយូរជ្រុល ក្នុងការធ្វើប្រតិកម្ម ទល់នឹងការរាតត្បាត។ ចំពោះលោក ត្រាំ បានបន្ថែមទម្លាក់ ការទទួលខុសត្រូវឲ្យ​«WHO»​ថា អង្គការនេះបានទាំងជួយ លាក់តួលេខពិត ដើម្បីយកចិត្តចិន ថែមទៀត។

អ្វីដែលលោក ត្រាំ ធ្វើខុសពីបណ្ដាប្រទេសទាំងនោះ គឺលោកបានសម្រេច ចាត់វិធានការភ្លាមៗ ដោយមិនរងចាំឲ្យការរាតត្បាត ថមថយកម្លាំងចុះ ដូចបណ្ដាប្រទេសដទៃឡើយ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។