ពិភពលោក

Covid-19៖ នៅអ៊ីតាលី គ្រូពេទ្យ​១៥១នាក់ បាន​ទទួល​មរណភាព

នៅប្រទេសអ៊ីតាលី គ្រូពេទ្យ​១៥១នាក់ បាន​ទទួល​មរណភាព ដោយសារពួកគេបានឆ្លងជំងឺ ព្រោះស្ថិតនៅជួរមុខ នៅផ្ទាល់ជាមួយអ្នកជំងឺ«Covid-19»។ នេះ បើតាមរបាយការណ៍ចេញផ្សាយ កាលពីដើមសប្ដាហ៍ ដោយសហព័ន្ធជាតិ នៃគណៈគ្រូពេទ្យ (FNOMCEO) របស់ប្រទេសអ៊ីតាលី។

មកដល់ម៉ោងនេះ បើទោះតុល្យភាព បានថយចុះយ៉ាងច្រើននោះក្ដី ក៏ប្រទេសអ៊ីតាលី មានករណីឆ្លងកើនឡើង រហូតដល់ ២០៥ ៤៦៣នាក់ និងអ្នកជំងឺស្លាប់សរុប ២៧ ៩៦៧នាក់ ខណៈអ្នកជំងឺស្លាប់ សម្រាប់រយៈពេល២៤ម៉ោងចុងក្រោយ មានចំនួន ២៨៥នាក់។ 

នៅក្នុងចំនួនអ្នកស្លាប់សរុប ទាំងជាង២៧ម៉ឺននាក់ ក៏មានក្រុមគ្រូពេទ្យ ១៥១នាក់ ដែរ ដែលបានស្លាប់ ដោយសាររោគរាតត្បាត «Covid-19»។ សហព័ន្ធជាតិ នៃគណៈគ្រូពេទ្យ របស់ប្រទេសអ៊ីតាលី បានអះអាងថា តួលេខដែលបានបង្ហាញខាងលើ បានរាប់ពីថ្ងៃទី១១ ខែមីនា មកទល់នឹងថ្ងៃទី២៦ ខែមេសា ពោលគឺក្នុងរយៈពេល ៦សប្ដាហ៍ចុងក្រោយ។

យ៉ាងណា នៅចំពោះការថយចុះ នៃចំនួនអ្នកឆ្លង និងអ្នកជំងឺស្លាប់ តាំងពីច្រើនថ្ងៃមកនោះ ប្រទេសអ៊ីតាលីគ្រោងនឹងបើកប្រទេស បន្តិចម្ដងៗឡើងវិញ ចាប់ពីថ្ងៃទី៤ ខែឧសភានេះតទៅ។

សាលារៀនក្នុងប្រទេសអ៊ីតាលី នៅតែបន្តបិទទ្វា រហូតដល់ខែកញ្ញា ពោលគឺរហូតដល់បវេសនកាល សម្រាប់ឆ្នាំសិក្សា ២០២០-២០២១។ ការពាក់ម៉ាស់ ត្រូវកំណត់ឲ្យធ្វើជាកំហិត នៅតាមមធ្យោបាយដឹកជញ្ជូន ជាសាធារណៈ និងនៅក្នុងការងារ។ ភោជនីយដ្ឋាន ឬហាងជួបជុំផឹកស៊ី នឹងអាចបើកទ្វា ទទួលអតិថិជនឡើងវិញ ចាប់ពីថ្ងៃទី១ ខែមិថុនាតទៅ។

រីឯព្រលានយន្ដហោះវិញ នឹងអាចបើកឲ្យយន្ដហោះ ហោះចុះឡើងបាន ក្នុងពេលខាងមុខ ដែលត្រូវប្រកាស ពីពេលវេលាជាក់លាក់​ណាមួយនោះ ដោយនាយករដ្ឋមន្ត្រី អ៊ីតាលី លោក ហ្សូហ្សេប៉េ កុងតេ (Giuseppe Conte)៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។