ពិភពលោក

Covid-19៖ សញ្ញា​សង្ឃឹម​នៅ​អ៊ឺរ៉ុប ខណៈ​តួលេខ​បន្ត​កើន​ឡើង​នៅ​អាមេរិក

ខណៈអ្នកស្លាប់បន្តកើនឡើង នៅសហរដ្ឋអាមេរិក ចំនួនអ្នកស្លាប់ បានថយចុះ នៅក្នុងប្រទេសអ៊ិតាលី អេស្ប៉ាញ និងបារាំង ដែលធ្វើឲ្យ«សញ្ញា​សង្ឃឹម​នៅ​អ៊ឺរ៉ុប» កំពុងរីកដុះដល់ នៅទន្ទឹមនឹងព្រះសុវណ្ណី របស់ព្រះមហាក្សត្រីយ៉ានីអង់គ្លេស ដែលបានធ្វើឡើង តាមកញ្ចក់ទូរទស្សន៍ ដើម្បីជំរុញឲ្យប្រជាជាតិ ងើបឈរឡើង នាំគ្នាប្រយុទ្ធទល់នឹងជំងឺ «Covid-19»។

ចំនួនអ្នកស្លាប់ ដោយជំងឺរាតត្បាតមួយនេះ នៅជុំវិញពិភពលោក បានកើនឡើងដល់ ៦៩ ៣០៩នាក់ ពីក្នុងចំណោមករណីឆ្លង ប្រមាណជា ១ ២៧០ ០៦៩នាក់។ នេះ បើតាមតួលេខចុងក្រោយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ កាលពីប៉ុន្មាននាទីមុន។

សញ្ញា​សង្ឃឹម​នៅ​អ៊ឺរ៉ុប….

ពីក្នុងតួលេខខាងលើ «សញ្ញាសង្ឃឹម»បានពន្លេចខ្លួនឡើង បន្តិចម្ដងៗ នៅទ្វីបអ៊ឺរ៉ុប។ សញ្ញាវិជ្ជមាននោះ ចាប់ផ្ដើមចេញពីប្រទេសអ៊ីតាលី ដែលមកដល់ម៉ោងនេះ មានចំនួនអ្នកស្លាប់ច្រើនជាងគេ ជិត ១៦ ០០០នាក់។

ស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» លោក «Silvio Brusaferro» នាយកវិទ្យាស្ថានជាន់ខ្ពស់សុខាភិបាល ក្នុងប្រទេសអ៊ិតាលី បានថ្លែងកាលពីថ្ងៃអាទិត្យថា «ចំនួនអ្នកស្លាប់ កំពុងចាប់ផ្ដើមថយចុះ»។

យ៉ាងណា រដ្ឋមន្ត្រីសុខាភិបាល លោក «Roberto Speranza» នៅតែពញាក់អារម្មណ៍ បណ្ដាជនរួមឈាមរបស់លោក ដោយអះអាងថា ប្រទេសអ៊ីតាលី នឹងត្រូវឆ្លងកាត់ «រយៈពេលដ៏ពិបាក ជាច្រើនខែខាងមុខទៀត»។ ដូចគ្នានេះ លោក «Giuseppe Conte» នាយករដ្ឋមន្ត្រីអ៊ីតាលី បានគូសបញ្ជាក់ សារជាថ្មីថា «គេមិនត្រូវកាត់បន្ថយ ភាពប្រុងប្រយ័ត្ន» នោះឡើយ។

ក្នុងប្រទេសអេស្ប៉ាញ ស្ថានភាពបានធូរស្រាលបន្តិច ដោយហេតុថា មានការថយចុះ យ៉ាងច្រើន សម្រាប់អ្នកជំងឺធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវសម្រាក ក្នុងមន្ទីរពេទ្យ និងត្រូវសង្គ្រោះបន្ទាន់។ នេះ បើតាមការអះអាង របស់អ្នកស្រី «Maria José Sierra» អ្នកទទួលខុសត្រូវមួយរូប នៃមជ្ឈមណ្ឌលប្រកាសអាសន្ន ផ្នែកសុខភាពរបស់ប្រទេស។

ប៉ុន្តែប្រទេសអេស្ប៉ាញ ដែលមានអ្នកស្លាប់ ច្រើនជាង ១២ ៦០០នាក់ (ទីពីរបន្ទាប់ ពីអ៊ីតាលី) អាចនឹងដាក់កំហិត ឲ្យពលរដ្ឋខ្លួនពាក់ម៉ាស់ នៅពេលចេញដើរ ខាងក្រៅផ្ទះ នៅប៉ុន្មានថ្ងៃខាងមុខ។

«ចំណុចក្ដៅបំផុត» សម្រាប់សហរដ្ឋអាមេរិក…

នៅចក្រភពអង់គ្លេស ខណៈចំនួនអ្នកឆ្លងជំងឺ និងអ្នកស្លាប់ កំពុងបន្តកើនឡើង ព្រះមហាក្សត្រីយ៉ានី អេលីហ្សាប៊ែដ ទី២ (Elisabeth II) បានចេញព្រះភ័ក្រ ដ៏កម្រ និងជាប្រវត្តិសាស្ត្រ តាមកញ្ចក់ទូរទស្សន៍ ដើម្បីលើកទឹកចិត្ត ឲ្យធ្វើការប្រយុទ្ធ ទល់នឹងជំងឺដ៏កំណាច។ ព្រះអង្គ​មានបន្ទូលថា៖

«យើងនឹងឈ្នះ ! ហើយជ័យជំនះនេះ គឹជាជ័យជំនះរបស់ពួកយើងគ្រប់ៗគ្នា។ យើងត្រូវពង្រឹងជំហរទាំងអស់គ្នាថា បើទោះជាយើងត្រូវប្រឈម ទល់នឹងវិបត្តិនេះយូរប៉ុណ្ណា តែថ្ងៃដែលប្រសើរបំផុត ក៏នឹងមកដល់ដែរ នោះគឺយើងនឹងរស់នៅជាថ្មី ជាមួយមិត្តភ័ក្ររបស់យើង ជាមួយគ្រួសាររបស់យើង !»

រីឯនៅសហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងបានហក់ឡើង ដល់ចំនួន ៣៣៧ ៦៤៦នាក់ ខណៈអ្នកស្លាប់បានកើនឡើង ជិត១០ ០០០នាក់។ លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានប្រកាសកាលពីថ្ងៃអាទិត្យ អះអាងថា ក្នុងច្រើនថ្ងៃខាងមុខ សហរដ្ឋ​អាមេរិក​នឹងត្រូវទ្រាំទ្រ ទល់នឹង«ចំណុចក្ដៅបំផុត» នៃមេរោគ«ដ៏ឧបទ្រព»មួយនេះ។

លោក ត្រាំ បន្តថា៖

«យើងទាំងអស់គ្នាដឹងថា យើងត្រូវឈានដល់កម្រិត​ជាក់លាក់មួយ ដើម្បីឲ្យអ្វីៗ អាចចាប់ផ្ដើមផ្លាស់ប្ដូរ។ កម្រិតនោះ នឹងមានសភាព គួរអោយរន្ធត់ បើនិយាយពីមរណភាព។ តែយើងបានមកដល់ ជិតកម្រិតនេះហើយ។ ខ្ញុំគិតថា ២សប្តាហ៍ខាងមុខ នឹងមានលក្ខណៈលំបាក ខ្លាំងណាស់៕»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។