ពិភពលោក

«អាមេរិក​និងអ៊ឺរ៉ុប ដើរទន្ទឹមគ្នា ដើម្បីលើកកម្ពស់​គំរូ​លទ្ធិប្រជាធិបតេយ្យ»

សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប ដើរទន្ទឹមគ្នា ក្នុងការគាំទ្រដល់គំរូលទ្ធិប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះ នៃគោល​នយោបាយរួម​របស់ពួកគេ។ នេះ​ជាការអះអាងឡើង របស់លោក ឆាល មីឆែល (Charles Michel) ប្រធាន​ក្រុមប្រឹក្សា​អ៊ឺរ៉ុប នៅក្នុងជំនួបកំពូល (តាមរយៈប្រព័ន្ធវីដេអូ) នៃបណ្ដាមេដឹកនាំនៃរដ្ឋសមាជិកទាំង២៧ ដោយមាន​ការចូលរួម ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ផង។

លោក ឆាល មីឆែល បានបញ្ជាក់បន្ថែម នៅតាមបណ្ដាញសង្គមទ្វីសធើរ កាលពីថ្ងៃព្រហស្បត្តិ៍ថា៖

«តាមរយៈការដើរទន្ទឹមគ្នា សហភាពអ៊ឺរ៉ុប​និងសហរដ្ឋអាមេរិក អាចបង្ហាញថា លទ្ធិប្រជាធិបតេយ្យ​នឹងការពារ​ប្រជាជនរបស់ខ្លួន លើកកម្ពស់ឧត្ដមភាព និងនឹងបង្កើតឲ្យមាន នូវភាពរុងរឿង។»

ការលើកឡើងខាងលើ ធ្វើឡើងក្នុងខណៈពេល ដែលសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងពង្រឹកភាព​ជាដៃគូ​របស់ពួកគេ ដើម្បីដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសរុស្ស៊ី ជាពិសេសប្រឆាំងនឹងប្រទេសចិន។

ភ្ជាប់ជាមួយនឹងសារខាងលើ លោក ឆាល មីឆែល ក៏បានបង្ហោះឲ្យឃើញដែរ នូវរូបភាពបង្ហាញពីមេដឹកនាំ នៃបណ្ដា​ប្រទេសធំៗ នៅក្នុងសហភាពអ៊ឺរ៉ុប រួមនឹងលោក ចូ បៃដិន ដែលបានជួបជជែកគ្នា តាមរយៈវីដេអូ (Video Conference)។

សម្រាប់នាយករដ្ឋមន្ត្រី នៃរាជាណាចក្រប៊ែលហ្សិក លោក «Alexander De Croo» បានវាយតម្លៃថា ការចូលរួម​ក្នុងជំនួបកំពូល ពីសំណាក់ប្រធានាធិបតីអាមេរិក ជា«សញ្ញាដ៏សំខាន់»មួយ។ លោក បានសរសេរសារ នៅលើ​បណ្ដាញសង្គមទ្វីសធើរដែរថា៖

«នៅពេលដែលសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ធ្វើការរួមគ្នា យើងអាចបង្កើតបាន ជាកម្លាំងដ៏ខ្លាំងក្លាមួយ ដើម្បី​កសាងពិភពលោកមួយ ដែលមានភាពយុត្តិធម៌ ពណ៌បៃតង (បរិស្ថាន) និងរីកចម្រើនជាងមុន៕»

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។