ពិភពលោក

បៃដិន គ្រោងចេញក្រឹត្យ​ជាច្រើន ភ្លាមៗ​បន្ទាប់ពី​ចូលកាន់តំណែង

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជាប់ឆ្នោត នៃសហរដ្ឋអាមេរិក បានត្រៀមចុះហត្ថលេខា ទៅលើក្រឹត្យមួយចំនួន ភ្លាមៗ​បន្ទាប់ពី​ចូលកាន់តំណែង ជាពិសេសក្រឹត្យ ក្នុងការភ្ជាប់សហរដ្ឋអាមេរិកឡើងវិញ ចូលមកក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស ស្ដីពីអាកាសធាតុ។ នេះ បើតាមការលើកឡើង របស់លោក «Ron Klain» នាយខុទ្ទកាល័យរបស់លោក បៃដិន ក្នុងចុងសប្ដាហ៍​កន្លងមក។

វិធានការរបស់លោក បៃដិន ក្នុងការចេញក្រឹត្យដ៏ច្រើននេះ គឺដើម្បីបញ្ចៀសរាល់នីតិវិធីផ្លូវច្បាប់ ដែលត្រូវឆ្លងកាត់តាមរដ្ឋសភា និងព្រឹទ្ធសភា ដែលពេលនេះ​កំពុងជាប់រវល់ នៅក្នុងការចំណាត់ការ ដកប្រធានាធិបតីចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) ឲ្យចេញពីតំណែង។

វិធានការមួយ ពីក្នុងចំណោមនោះ មានការលើកចេញ នូវការហាមឃាត់ជាន់ទឹកដីអាមេរិក នូវបណ្ដាជនបរទេសទាំងឡាយ ដែលធ្វើដំណើរចេញពីប្រទេសជាច្រើន ក្នុងនោះមួយភាគធំ ជាបណ្ដាប្រទេស​ដែលកាន់សាសនាអ៊ីស្លាម។ ការហាមឃាត់នេះ ត្រូវបានធ្វើឡើង ដោយលោក ដូណាល់ ត្រាំ នៅប៉ុន្មានថ្ងៃ​ក្រោយលោក​ចូលកាន់តំណែង កាលពីខែមករា ឆ្នាំ២០១៧។

យ៉ាងណា លោក«Ron Klain» មិនបានលំអិតបន្ថែម អំពីរាល់ក្រឹត្យទាំងអស់នោះទេ ដោយគ្រាន់តែនិយាយថា ជាវិធានការ​ដែល​ទាក់ទង​នឹងចំណាត់ការ​ជាអាទិភាពចំនួន៤ របស់ប្រធានាធិបតី បៃដិន ក្នុងនោះមាន (១)​ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (Covid-19) (២)​ការប្រយុទ្ធនឹងការផ្លាស់ប្ដូរអាកាសធាតុ (៣)​ការផ្ដល់សន្ទុះឡើងវិញសម្រាប់សេដ្ឋកិច្ច និង(៤)ការប្រយុទ្ធដើម្បីយុត្តិធម៌សង្គម និងយុត្តិធម៌​ពូជសាសន៍​ពណ៌សម្បុរ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។

Tags: Joe BidenUSA