ពិភពលោក

ស្លាប់​យ៉ាងតិច​«២០៨នាក់» ក្នុង​ការបង្ក្រាបកាលពី​ខែមុន​ នៅ​អៀរ៉ង់

មនុស្សយ៉ាងហោច ២០៨នាក់ បានស្លាប់ បន្ទាប់ពីមានការបង្ក្រាបទៅលើក្រុមបាតុករ ដែលបានងើបឡើងតវ៉ា កាលពីពាក់កណ្តាលខែវិច្ឆិកា។ នេះ បើតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលចេញផ្សាយ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍។

តួលេខខាងលើ បានកើនឡើង លើសពីតួលេខចេញផ្សាយ កាលពីថ្ងៃសុក្រមុន ដែលរាប់ឃើញថា មនុស្សស្លាប់ មានចំនួនយ៉ាងហោច ១៦១នាក់។ ប៉ុន្តែសម្រាប់របាយការណ៍ចេញថ្មីនោះ តួលេខ«ពិតប្រាកដ» នៃជនរងគ្រោះ អាចមានចំនួនច្រើនជាងនេះ ដ៏លើសលប់។

លោក «Philip Luther» អ្នកជំនាញប្រចាំតំបន់មជ្ឈឹមបូព៌ា និងតំបន់អាហ្វ្រិកខាងជើង របស់អង្គការលើកលែងទោសអន្តរជាតិ ត្រូវបានស្រង់សំដីមកបញ្ជាក់ថា៖

«តុល្យភាពដ៏ភ្ញាក់ផ្អើលនេះ ជាភស្ដុតាងបន្ថែមទៀត បញ្ជាក់ថា កងកម្លាំងរក្សាសណ្ដាប់ធ្នាប់ របស់ប្រទេសអៀរ៉ង់ បានចូលរួមនៅក្នុងទង្វើកាប់សម្លាប់ យ៉ាងរង្គាល។ វាបានបង្ហាញឲ្យឃើញច្បាស់ អំពើការយកជីវិតមនុស្ស មកធ្វើជាការលេងសើច ពីសំណាក់អាជ្ញាធរអៀរ៉ង់។»

រលកនៃការងើបឡើងតវ៉ា របស់បណ្ដាជនអៀរ៉ង់ បានផ្ទះឡើង បន្ទាប់ពីការសម្រេចតម្លើងថ្លៃប្រេងសាំង នៅថ្ងៃទី១៥ ខែវិច្ឆិកា។ បាតុកម្មទាំងនោះ បានរីករាលដាល នៅពាសពេញផ្ទៃប្រទេស ប្រមាណជា៤០ខេត្តក្រុង និងតំបន់។

សារព័ត៌ំមានក្នុងស្រុក បានរាយការណ៍ថា បាតុកម្មទាំងនោះ បានប្រែក្លាយជាហឹង្សា ដូចជាមានការដុតបំផ្លាញ ឬការវាយប្រហារ ទៅលើស្ថានីយចាក់ប្រេង ប៉ុស្ដិ៍នគរបាល មជ្ឈមណ្ឌលពាណិជ្ជកម្ម ព្រះវិហារ ឬអាគារសាធារណៈជាដើម។

២០៨នាក់ VS ៥នាក់…

របាយការណ៍លើកមុន របស់អង្គការលើកលែងទោសអន្តរជាតិ ទទួលបានប្រតិកម្មយ៉ាងចាស់ដៃរួចហើយ ពីរដ្ឋាភិបាលអៀរ៉ង់ ដោយហៅការលើកឡើង នៅក្នុងរបាយការណ៍នោះ ថាជា«ការពន្លើសហួសហេតុ» អំពីចលនា«ជ្រុលនិយម»មួយ ដែលត្រូវបាន«ញាក់ខ្សែ»ពីបរទេស។

អាជ្ញាធរអៀរ៉ង់ បានបញ្ជាក់ថា មានមនុស្សតែ៥នាក់ប៉ុណ្ណោះ ដែលបានស្លាប់ ក្នុងនោះ ៤នាក់ជាកងកម្លាំងរក្សាសណ្ដាប់ធ្នាប់ និងម្នាក់ទៀត ជាជនស៊ីវិល។ អាជ្ញាធរបានបន្ថែមថា មនុស្សប្រមាណជា៥០០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះ ១៨០នាក់ គឺជា«មេខ្យល់»។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយ កាលពីថ្ងៃចន្ទ អង្គការលើកលែងទោសអន្តរជាតិ ដែលមានស្នាក់ការកណ្ដាល នៅរាជធានី ឡុងដ៍ (ចក្រភពអង់គ្លេស) បានទាមទារឲ្យសហគមន៍អន្តរជាតិ ចាត់វិធានការយកអ្នកទទួលខុសត្រូវ ចំពោះ«ការបង្ក្រាបដ៏ព្រៃផ្សៃ»នោះ ឲ្យមកទទួលទោស។

អង្គការអន្តរជាតិ បានចោទអាជ្ញាធរអៀរ៉ង់ ថាមិនមាន«ឆន្ទះ» ក្នុងការដឹកនាំការស៊ើបអង្កេត ប្រកបដោយ«ឯករាជ្យភាព» និងដោយ«ត្រឹមត្រូវ»នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមគ្រួសារជនរងគ្រោះ បានរងការគម្រាមកំហែង ដូចជាការហាមមិនឲ្យនិយាយ ជាមួយអ្នកសារព័ត៌មាន ឬមិនឲ្យរៀបចំបុណ្យសព សម្រាប់ញាតិមិត្ត របស់ផងខ្លួនជាដើម។

ក្នុងអំឡុងពេលផ្ទុះព្រឹត្តិការណ៍នេះ ប្រព័ន្ធអ៊ិនធើណែតក្នុងប្រទេសអៀរ៉ង់ បានរងការរាំងខ្ទប់ មិនឲ្យមានដំណើរការដូចធម្មតាទេ។

យ៉ាងណា វីដេអូជាច្រើន ដែលត្រូវបានបង្ហោះ នៅវេលាក្រោយមកតាមបណ្ដាញសង្គម បានបង្ហាញពីសភាពដ៏រន្ធត់ នៃការបង្ក្រាបពីសំណាក់កងកម្លាំងអាជ្ញាធរអៀរ៉ង់។ ពីក្នុងចំណោមនោះ វីដេអូមួយចំនួន ត្រូវបានអង្គការលើកលែងទោសអន្តរជាតិ  យកមកសិក្សា និងចាត់ទុកជាភស្ដុតាង បង្ហាញថា «កងកម្លាំងបានបាញ់គ្រាប់កាំភ្លើងពិត ទៅលើក្រុមបាតុករ ដែលគ្មានអាវុធ នៅក្នុងដៃ»៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។