ពិភពលោក

ចេញវីសេតវិមាន ត្រាំ ត្រឡប់​ទៅរស់នៅ​ក្នុងភូមិគ្រឹះ «Mar-a-Lago»

គឺនៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃ «Mar-a-Lago» ដែលស្ថិតនៅឆ្នេរខាងកើត ឈ្មោះ«Palm Beach» នៃរដ្ឋផ្លរីដា ដែលលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិតីទី៤៥ នៃសហរដ្ឋអាមេរិក បានត្រឡប់ទៅរស់នៅវិញ បន្ទាប់ពីលោកបានចាកចេញ ពីសេតវិមានកាលពីថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។

តាមរយៈឧទ្ធម្ភាគចក្រ លោក ដូណាល់ ត្រាំ បានចាកចេញ ពីវិមានប្រធានាធិបតីអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅប៉ុន្មានម៉ោង​មុនពិធីស្បថ ចូលកាន់តំណែង​ជាប្រធានាធិបតី​ទី៤៦ របស់លោក ចូ បៃដិន (Joe Biden) ដែល​បានឈ្នះ​ការឆ្នោតប្រធានាធិបតី កាលពីដើម​ខែវិច្ឆិកា ឆ្នាំ២០២០។

មុននឹងឡើងយន្ដហោះប្រធានាធិបតី «Air Force One» លោក ត្រាំ បានថ្លែងប៉ុន្មានម៉ាត់ ទៅកាន់អ្នកគាំទ្រលោក ដែលមានចំនួន​ប្រមាណ​ជា ៥០០នាក់ នៅនឹងបន្ទាយយោធា «Andrews» (ស្ថិតនៅ​ជាយក្រុង នៃរដ្ឋធានី​វ៉ាស៊ីនតោន)។ លោកបានថ្លែង​នៅទីនោះថា៖

«យើងមានប្រទេសមួយ ដែលធំជាងគេ ក្នុងលោក (SIC) (…) ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ និងឱកាសដ៏អស្ចារ្យបំផុត ដែលបានធ្វើជា​ប្រធានាធិបតី​របស់លោកអ្នក។»

បន្ទាប់មក លោក«អតីត»ប្រធានាធិបតី បានបន្តដំណើរ តាមយន្ដហោះ «Air Force One» ទៅចុះចត នៅក្នុង​រដ្ឋផ្លរីដា និងបានធ្វើដំណើរ​តាមរថយន្ដ ទៅដល់ភូមិគ្រឹះរបស់លោក ដោយមានការហែហម ដោយក្បួនរថយន្ដ ប្រមាណជា​​៣០គ្រឿង​ផ្សេងទៀត ក្នុងនោះរថយន្ដមួយ​គ្រឿង បានដឹកនាំប្រអប់លេងកូដ​សម្ងាត់ សម្រាប់បញ្ជា​មីស៊ីលនុយក្លេអ៊ែរ​ ទៅជាមួយផង។

ដោយសារលោក ចូ បៃដិន ត្រូវស្បថចូលកាន់តំណែង នៅវេលាថ្ងៃត្រង់ (គឺម៉ោង១១ និង៤៨នាទី) ថ្ងៃពុធទី២០ ខែមករានេះ ទើបលោក ដូណាល់ ត្រាំ ត្រូវចាំបាច់ទៅដល់ភូមិគ្រឹះ «Mar-a-Lago» ឲ្យបានមុនថ្ងៃត្រង់បន្តិច ដើម្បីអនុញ្ញាតឲ្យលោក ទទួលបានការប្រើប្រាស់យន្ដហោះ និងក្បួនហែហម របស់ប្រធានាធិបតី។

គួរបញ្ជាក់ដែរថា សមាជិកគ្រួសាររបស់លោក ដែលរួមដំណើរជាមួយគ្នា មានភរិយាលោក អ្នកស្រី មេឡានី ត្រាំ (Melania Trump) និងកូនប្រុស កុមារ បារ័ន ត្រាំ (Barron Trump) រួមនឹង​កូនប្រុសស្រី (នៃភរិយាមុនៗ) រួមមានអ្នកស្រី អ៊ីវេនកា ត្រាំ (Ivanka Trump) លោក ដូណាល់ ជូញ័រ ត្រាំ (Donald Jr Trump) និងលោក អេរិក ត្រាំ (Eric Trump)៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។