ពិភពលោក

រកឃើញគ្រាប់បែកទំងន់​«១០តោន» ក្នុង​ទន្លេ​នៃក្រុង​កូឡូញ (អាល្លឺម៉ង់)

គ្រាប់បែកដ៏ធំមួយគ្រាប់ ទំងន់«១០តោន» ដែលមានអាយុកាល តាំងពីសង្គ្រាមលោកលើកទី២ ត្រូវបានរកឃើញ កាលពីថ្ងៃសៅរ៍ ទី១១ ខែមេសានេះ នៅក្នុងទន្លេ «Rhin» នៃក្រុងកូឡូញ ប្រទេសអាល្លឺម៉ង់។

អាជ្ញាធរតំបន់ បានឲ្យដឹងថា គឺពលរដ្ឋម្នាក់ ដែលបានដើរកំសាន្ដ នៅតាមបណ្ដោយទន្លេ ជាអ្នកមើលឃើញ គ្រាប់បែកនេះមុនគេ និងបានរាយការណ៍ ប្រាប់អាជ្ញាធរ។

ភ្លាមៗ ក្រុមអ្នកជំនាញខាងដោះមីន និងគ្រាប់បែក របស់ប្រទេសអាល្លឺម៉ង់ បានធ្វើអន្តរាគមន៍ ដើម្បីយកគ្រាប់បែកនេះចេញ ប្រកបដោយជោគជ័យ។

សារព័ត៌មានក្នុងស្រុក បានរាយការណ៍បន្ថែមថា តំបន់ជុំវិញទីនោះ ប្រមាណជា៧៥០ម៉ែត្រ ត្រូវបានបិត និងមនុស្ស ១៥១នាក់ ត្រូវបានជម្លៀសចេញ ជាបណ្ដោះអាសន្ន។ រោងចក្រសារជាតិគីមីមួយ នៅក្នុងតំបន់ ក៏ត្រូវបានផ្អាកសកម្មភាពដែរ។

ការរកឃើញគ្រាប់បែក ឬគ្រាប់មីនមិនទាន់ផ្ទុះ មិនមែនជារឿងថ្មីទេ សម្រាប់ប្រទេសអាល្លឺម៉ង់ ដែលត្រូវបានកងទ័ពសម្ព័ន្ធមិត្ត ឡោមព័ន្ធវាយប្រហារ ក្នុងអំឡុងសង្ក្រាមលោក។ តែប្លែកត្រង់ថា គ្រាប់បែកដែលទើបត្រូវបានរកឃើញ មានទំហំដ៏ធំ និងអាចបង្កវិនាសកម្ម ដែលមិនអាចស្មានត្រូវ ប្រសិនជាគ្រាប់បែកនេះ ផ្ទុះឡើង៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។

Tags: BombGermany