ពិភពលោក

បីនាក់ស្លាប់ ក្នុងការផ្ទុះអាវុធមួយ នាមណ្ឌលបោះប៊ូលីង ក្បែរក្រុង ឡូសអេនជឺឡេស

ជាថ្មីម្ដងទៀត ការបាញ់ប្រហារគ្នាមួយ បានផ្ទុះឡើង នៅក្នុងមណ្ឌលកំសាន្ដបោះប៊ូលីង ឈ្មោះ «Gable House Bowl» ស្ថិតក្នុងក្រុង «Torrance» នៅចំងាយប្រមាណជា ៣០គីឡូម៉ែត្រ ពីក្រុងឡូសអេនជឺឡេស (ភាគខាងលិច)។ នគរបាលតំបន់ បានរាយការណ៍ក្នុងជំហានដំបូងថា មនុស្សបីនាក់បានស្លាប់ និង៤នាក់រងរបួស។

ហេតុការណ៍បានកើតឡើង នៅមុនពាក់កណ្ដាលអាធ្រាត យប់ថ្ងៃសុក្រទី៤ ចូលមកថ្ងៃសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៩។ នគរបាលបានអះអាងបន្តថា ការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើ ដើម្បីស្វែងរកជនដៃដល់ នៅក្នុងទង្វើបាញ់បោះនេះ។

មកដល់ម៉ោងនេះ គេមិនទាន់ដឹង ពីមូលហេតុដែលនាំទៅដល់ការផ្ទុះអាវុធនេះទេ។ ប៉ុន្តែសាក្សីជាច្រើន នៅផ្ទាល់កន្លែង ត្រូវបានស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុកថា ការផ្ទុះអាវុធកើតចេញ ពីជម្លោះដ៏ធំមួយ រវាងក្រុមពីរ ដែលបានដកកាំភ្លើង នៅទីបំផុត ដើម្បីដោះស្រាយជម្លោះរបស់ពួកគេ។

សហរដ្ឋអាមេរិក មានច្បាប់ឲ្យពលរដ្ឋ អាចកាន់កាំភ្លើងបាន។ ប៉ុន្តែកាំភ្លើងក៏ត្រូវបាន យកមកប្រើ ដើម្បីការជម្រះបញ្ជីក្រៅច្បាប់ ឬដើម្បីការបាញ់បោះដោយសេរីនោះដែរ។ អាជ្ញាធរអាមេរិកាំង បានឲ្យដឹងថា នៅឆ្នាំ២០១៧កន្លងទៅ មនុស្សប្រមាណជិត ៤០ ០០០នាក់ ត្រូវបានសម្លាប់ដោយសារអាវុធ ក្នុងនោះរួមមានទាំងការធ្វើអត្តឃាត ដោយបាញ់សម្លាប់ខ្លួនឯងផង៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។