កម្ពុជា

យន្ត មីន ឡើង​ផ្កាយ៤ និង​មាន​តំណែងជា​រដ្ឋលេខាធិការ​ការពារជាតិ

បន្ទាប់ពីត្រូវបានផ្លាស់ចេញ ពីអភិបាលខេត្ពព្រះសីហនុ លោក យន្ត មីន ដែលសារភាពថាលោក ទទួលខុសក្នុងហេតុការណ៍បាក់រលំអគារចិន កំពស់៧ជាន់ កាលពីចុងសប្ដាហ៍មុន ត្រូវបានព្រះមហាក្សត្រតម្លើងឋានន្តរស័ក្ដិ ជានាយឧត្ដមសេនីយ៍ (ផ្កាយ៤) នៃកងខេមរភូមិន្ទ និងតែងតាំងឲ្យកាន់តួនាទី ជារដ្ឋលេខាធិការ នៃក្រសួងការពារជាតិ។

ព្រះរាជ្យក្រឹត្យ របស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហ មុនី ដែលចុះព្រហស្ថលេខា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ការតែងតាំងនេះ ធ្វើឡើងបន្ទាប់ពីបានយល់ សេចក្ដីក្រាបបង្គុំទូលថ្វាយ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

លោក យន្ត មីន ត្រូវបានលោក ហ៊ុន សែន សម្រេចផ្លាស់ចេញពីខេត្តព្រះសីហនុ ក្រោមហេតុផល​ដែល​លោក​នាយករដ្ឋមន្ត្រី​អះអាងថា ព្រោះអតីតអភិបាលខេត្តរូបនេះ បានទទួលកំហុស​និងសុំលាលែងពីតំណែង បន្ទាប់ពីមានករណីរលំបាក់អគារកម្ពស់៧ជាន់ ដែលសាងសង់ឡើងគ្មានច្បាប់អនុញ្ញាត ដោយសហគ្រាសចិន នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឱ្យមានមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។