កម្ពុជា

យុង ខេមរា ឡើង«ផ្កាយមួយ» និងជានាយទាហាន កងពលតូច​លេខ៧០

កញ្ញា យុង ខេមរា អតីតអ្នកសារព័ត៌មានមួយរូប ដែលមាននិន្នាការស្និត នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានតំឡើងឋានន្តរស័ក្ដិ ឲ្យឡើងជា «ឧត្ដមសេនីយ៍ត្រី (ផ្កាយមួយ)» បន្ទាប់ពីស្ត្រីវ័យ ៣២ឆ្នាំរូបនេះ ត្រូវបានតែងតាំង ឲ្យក្លាយជានាយទាហាន នៃកងពលតូចលេខ៧០ កាលពីចុងខែកន្លងទៅរួច។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលចុះព្រះហត្ថលេខា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ និងដែលធ្លាក់​មកដល់​ ដៃអ្នកសារព័ត៌មាន ក្នុងថ្ងៃនេះ បានឲ្យដឹងថា វរសេនីយ៍ឯក យុង ខេមរា អតីតអ្នករាយការណ៍ព័ត៌មាន ទូរទស្សន៍អប្សរា ក្នុងកម្មវិធី «Apsara net» ត្រូវបានដំឡើងឋានន្តរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) បន្ទាប់ពី«ទ្រង់បានយល់ សេចក្ដីក្រាបបង្គំទូលថ្វាយ» ពីលោក ហ៊ុន សែន។

ក្នុងលិខិតតែងតាំងមួយទៀត ដែលចុះហត្ថលេខា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ បានតែងតាំងអតីតស្ត្រី​អ្នកសារព័ត៌មាន ឲ្យមានតំណែងជា «នាយទាហាន នៃកងយោធពលខេមរភូមិន្ទ» ពីលើឋានៈសព្វថ្ងៃ ដែលជានាយសេនាធិការ និងជានាយការិយាល័យទី៥ នៃកងពលតូចលេខ៧០ ។

ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដ៏មុតមាំមួយរូប កញ្ញា យុង ខេមរា ធ្លាប់​បម្រើ​ការងារ ​នៅ​​មជ្ឈមណ្ឌល​​ព័ត៌មាន​​ដើមអម្ពិ​ល និង​ទូរទស្សន៍អប្សរា សម្រាប់កម្មវិធី «Apsara Net» មុននឹង​បម្រើ​ការងារ​ នៅ​កងពលតូច​លេខ​៧០ និងមាន​តួនាទី ​ជា​នាយរង​សេនាធិការ និង​ជា​នាយការិយាល័យ​ទី​៥ ទទួលបន្ទុក​ការងារ​អប់រំ​ផ្សព្វផ្សាយ និង​កិច្ចការងារ​នយោបាយ​យោធា​៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។