កម្ពុជា

«ប្រ៊ែដ អាដាម ទៅណាហើយ? ខ្ញុំ​នៅ​កាលីហ្វ័រនីញ៉ា !»

ការប្រកាសសួររកលោក ប្រ៊ែដ អាដាម (Brad Adams) ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានការឆ្លើយតប ពីលោក អាដាម វិញថា «ខ្ញុំ​នៅ​កាលីហ្វ័រនីញ៉ា !»។ នាយករង​ទទួលបន្ទុកកិច្ចការអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានបន្ថែមចម្លើយ​ នៅលើទំព័រទ្វីសធើរផ្លូវការ របស់លោក ដោយហៅលោក ហ៊ុន សែន ថាជា«ជនផ្ដាច់ការ» របស់ប្រទេសកម្ពុជា​​ ដែលចេះតែចេញ​សេចក្ដីថ្លែងការណ៍ បែប​«ល្ងង់ខ្លៅ»។

កាលពីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅចំពោះមន្រ្តីរាជការ និងក្រុមការងារ​បច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅក្រុងព្រះសីហនុ លោក ហ៊ុន សែន បាន​ប្រកាសសួររកលោក ប្រ៊ែដ អាដាម ដើម្បីអ្វីមួយ ដែលលោកនាយករដ្ឋមន្ត្រីអះអាងថា ឲ្យលោក អាដាម និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស ត្រូវចេញមុខ មក«ស្រែករិះគន់»​អំពីបញ្ហា​សិទ្ធិមនុស្ស​នៅសហរដ្ឋ​អាមេរិក។

បុរសខ្លាំងនៅកម្ពុជា បានថ្លែងដោយសម្លេងធ្ងន់ៗថា៖

«ប្រ៊ែដ អាដាម ទៅណាហើយ? អា Human Right ស្អី Wacth ហ្នឹង ម៉េចមិនឮសូរស្រែក សិទ្ធិមនុស្សទៅឯណា? ពេលកម្ពុជាទប់បាតុកម្ម គេថាកម្ពុជារំលោភសិទ្ធិមនុស្ស ដល់ពេល​ប្រទេសដទៃទប់បាតុកម្ម គេថាវិធានការ ការពារសណ្តាប់ធ្នាប់សង្គម។ ខុសគ្នាខ្លាំងម្ល៉េះ?»

«ពេលកម្ពុជាមានវិធានការ ទប់ស្កាត់បាតុកម្ម គេថាកម្ពុជារំលោភ លើសិទ្ធិបញ្ចេញមតិ លើសិទ្ធិតវ៉ា ក៏ប៉ុន្តែដល់ប្រទេសប្រជាធិបតេយ្យគេធ្វើវិញ គេទប់ដូចគ្នា ជួនកាលមាន​ការប៉ះទង្គិចបង្ហូរឈាម គេថាវិធានការសណ្តាប់ធ្នាប់សង្គម។»

លោក ហ៊ុន សែន បានព្រមានលោក ប្រ៊ែដ អាដាម កុំបន្តនិយាយ ពីបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា និងបានហៅមេដឹកនាំ​អង្គការអន្តរជាតិរូបនេះ ថាមិនមែនជា«មនុស្ស» បើមិននិយាយ ពីបញ្ហាសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិក។ លោក ហ៊ុន សែន បានថ្លែងថា៖

«ប្រ៊ែដ អាដាម ត្រូវតែនិយាយ។ បើហ្អែងមិននិយាយ ថ្ងៃក្រោយហ្អែងកុំនិយាយប៉ះពាល់ខ្មែរ បើហ្អែងមិននិយាយ ពីស្រុកអាមេរិក។ ពួកសិទ្ធិមនុស្សទាំងឡាយ នៅលើលោកកីយ៍ ទៅណា​អស់ហើយ ម៉េចក៏ស្ងាត់ឈឹង? (…)រឿងបង្ក្រាបបាតុករ នៅអាមេរិកពេលនេះ បើ ប្រ៊ែដ អាដាម មិននិយាយទេ ប្រ៊ែដ អាដាម មិនមែនជាមនុស្សទេ។»

ក្នុងលិខិត​​មួយច្បាប់ ដែលផ្ញើរទៅកាន់​អ្នកសារព័ត៌មាន លោក ប្រ៊ែដ អាដាម បានតប​ទៅលោក ហ៊ុន សែន វិញថា លោករីករាយនឹងឆ្លើយ នឹងរាល់សំនួរខាងលើ របស់មេដឹកនាំកម្ពុជា។ លោកបានសរសេរថា៖

«ខ្ញុំ​នៅ​កាលីហ្វ័រនីញ៉ា ! ជាមួយនឹងសហការីដទៃទៀត ខ្ញុំបានចូលរួម ដើរដង្ហែរ​ជា​បាតុកម្ម​អហិង្សា ប្រឆាំងនឹងអំពើហិង្សា បង្កឡើងដោយក្រុមនគរបាល និងដើម្បីគាំទ្រ ដល់ចលនា “#BlackLivesMatter”។»

លោក អាដាម អះអាងទៀតថា លោកនិងកូនប្រុសលោក ត្រូវបាននគរបាល ប្រើឧស្ម័នបាញ់ ឲ្យហូរទឹកភ្នែក នៅក្នុងបាតុកម្មនោះផង។

ចំពោះសំនួររបស់លោក ហ៊ុន សែន ដែលថា អង្គការសិទ្ធិមនុស្ស «នៅឯណា» នាយករង​ទទួល​បន្ទុកកិច្ចការអាស៊ី របស់អង្គការអន្តរជាតិ បានលើកយកមកបង្ហាញ ដោយ​«ត្រួសៗ» នូវរបាយការណ៍ និងសេចក្ដីថ្លែងការណ៍សំខាន់ៗ ជាច្រើន ដែលចេញផ្សាយ ដោយអង្គការរបស់លោក ជុំវិញព្រឹត្តិការណ៍ចុងក្រោយ នៅសហរដ្ឋអាមេរិក។

លោក ប្រ៊ែដ អាដាម បានបញ្ជាក់ទៀតថា បើចង់ដឹងពីចម្លើយច្បាស់ជាងនេះ លោក ហ៊ុន សែន បណ្ដាអ្នកហែហម  និងប្រព័ន្ធឃោសនារបស់លោក គ្រាន់តែចូលទៅពិគ្រោះគេហទំព័រ របស់អង្គការរបស់លោក នោះនឹងដឹងពីសកម្មភាព របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សទាំងអស់ហើយ។

ប៉ុន្តែមេដឹកនាំរបស់អង្គការអន្តរជាតិ នៅបានបន្ថែមពាក្យប៉ុន្មានម៉ាត់ នៅលើ​ទំព័រ​ទ្វីសធើរ​ផ្លូវការ របស់លោកទៀតថា៖

«ជនផ្ដាច់ការរបស់​កម្ពុជា បានវាយប្រហារខ្ញុំ និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស ថាមិនបាន​រិះគន់ អំពើហិង្សារបស់ក្រុមនគរបាល នៅសហរដ្ឋអាមេរិក។ បើលោក ហ៊ុន សែន បាន​ពិគ្រោះ​គេហទំព័របស់យើង គាត់នឹងមិនធ្វើសេចក្ដីថ្លែងការណ៍​ ដ៏ល្ងង់ខ្លៅ ដូច្នេះទេ។»

«សិទ្ធិមនុស្ស មានលក្ខណៈជាសាកល។ មើល៍លោក ហ៊ុន សែន ! តើលោកនឹង​គោរព​សិទ្ធិ​ទាំង​នេះ នៅពេលណា?»

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។