កម្ពុជា

តើលក្ខខណ្ឌអ្វីខ្លះ ដែល EU ចង់បានពីរបប ហ៊ុន សែន ដើម្បីរក្សាទុក EBA?

ដើម្បីឲ្យល្អមើលល្អស្ដាប់ សហភាពអ៊ឺរ៉ុបតែងសរសេរ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ចង់ឃើញប្រទេសកម្ពុជា វិលត្រឡប់មករកគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញ ដែលជាលក្ខខណ្ឌមានចែងក្នុងកិច្ចព្រមព្រៀង កម្ពុជា-សហភាពអ៊ឺរ៉ុប (EU) ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)»។

តែបើគេបានស្ដាប់អ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី (Federica Mogherini) តំណាងជាន់ខ្ពស់ នៃសហភាព​អ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ ដែលបានឡើងថ្លែង នៅក្នុងសម័យប្រជុំពេញអង្គ នៃសភាអ៊ឺរ៉ុប នាក្រុងស្ត្រាស្បួរ៍ ភាគខាងកើតបារាំង កាលពីថ្ងៃព្រហស្បត្តិ៍ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ គេនឹងយល់ច្បាស់និងលំអិត ពីអ្វីដែលសហភាពអ៊ឺរ៉ុបទាមទារ ពីរបបដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃ បន្ទាប់ពីព្រឹត្តការណ៍នយោបាយ នៅចុងឆ្នាំ២០១៧ និងការបោះឆ្នោតជាតិដ៏ប្រទាំងប្រទើស ខែកក្កដា ឆ្នាំ២០១៨។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វ សូមដកស្រង់ការឡើងថ្លែង របស់អ្នកស្រីប្រមុខការទូតសហភាពអ៊ឺរ៉ុប នៅពេលនោះមកផ្សាយជូនទាំងស្រុង ដូចខាងក្រោម៖

«និន្នាការផ្ដាច់ការ​និយម ដែលកំពុងពង្រីកខ្លួន…»

ឆ្នាំកន្លងទៅ ត្រូវបានកត់សម្គាល់ ដោយការធ្លាក់ចុះដ៏សំខាន់ សម្រាប់លទ្ធិប្រជាធិបតេយ្យ ដែលកំពុងមានភាពផុយស្រួយស្រាប់ នៅក្នុងប្រទេសកម្ពុជា រួមមានការគ្រប់គ្រង ដោយគណបក្សតែមួយ – និន្នាការផ្ដាច់ការ​និយម ដែលកំពុងពង្រីកខ្លួន នៅក្នុងប្រទេស និងលំហសម្រាប់គណបក្សប្រឆាំង និងសង្គមស៊ីវិល ដែលបានបិទ។

ការបោះឆ្នោតជាតិ កាលពីខែកក្កដា បន្ទាប់ពីការរំលាយដោយបង្ខំ នូវគណបក្សប្រឆាំងដ៏សំខាន់ (គណបក្សសង្គ្រោះជាតិ) គណបក្សកាន់អំណាចបានឈ្នះអសនៈទាំងអស់ នៅរដ្ឋសភាជាតិ។

ការបោះឆ្នោតនេះ បានប្រព្រឹត្តិទៅ នៅក្នុងបរិយាកាសមួយ ដែលពោរពេញដោយភាពរឹតត្បិត និងមិនបានឆ្លុះបញ្ចាំង ពីឆន្ទះបែបប្រជាធិបតេយ្យ នៃពលរដ្ឋកម្ពុជាឡើយ។

កាលពីខែកុម្ភៈកន្លងទៅ នៅក្នុងកិច្ចប្រជុំ នៃក្រុមប្រឹក្សាការបរទេស នៃបណ្ដាប្រទេស សមាជិកសហភាពអ៊ឺរ៉ុប យើងបានគូសបញ្ជាក់រួចហើយថា ដំណើការនៃការបោះឆ្នោតកម្ពុជា នឹងមិនអាចចាត់ទុក ថាមានភាពស្របច្បាប់ទេ បន្ទាប់ពីការផាត់ចេញ តាមទំនើងចិត្ត នូវគណបក្សប្រឆាំងដ៏សំខាន់មួយនោះ។ យើងបានសម្រេចព្យួរ នូវជំនួយហិរញ្ញវត្ថុ របស់សហភាពអ៊ឺរ៉ុប សម្រាប់គណកម្មាធិការជាតិ រៀបចំការបោះឆ្នោតកម្ពុជា ហើយយើងបានបដិសេធ មិនចូលរួមសង្កេតការបោះឆ្នោត ខែកក្កដានេះទេ។

តាំងពីច្រើនឆ្នាំកន្លងមក អាជ្ញាធរកម្ពុជា បានប្រើប្រាស់​កាន់ច្រើនឡើងៗ នូវប្រព័ន្ធយុត្តិធម៌ ដើម្បីបង្ក្រាប ទៅលើសម្លេងប្រឆាំង មិនត្រឹមតែពីគណបក្សប្រឆាំងប៉ុណ្ណោះទេ ថែមទាំងពីសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ទៀតផង។

«ចាត់វិធានការថ្មីបន្ថែមទៀត…»

ក្នុងកិច្ចប្រជុំ នៃក្រុមប្រឹក្សាការបរទេសអ៊ឺរ៉ុប ក្នុងខែកុម្ភៈ យើងបានប្រកាសថា នឹងអាចប្រមើលមើល ពីវិធានការចំទិសដៅមួយចំនួន ប្រសិនជាស្ថានភាព មិនមានភាពល្អប្រសើរទេនោះ។ ប៉ុន្តែពីពេលនោះមក ស្ថានភាពនៅតែដដែល ហើយយើងកំពុងសម្លឹងមើល ក្នុងពេលនេះ ពីលទ្ធភាពនៃការចាត់វិធានការថ្មីបន្ថែម​ទៀត ដែលចាំបាច់ឲ្យមានការសម្រេច ដោយឯកច្ឆ័ន្ទ ពីក្រុមប្រឹក្សាអ៊ឺរ៉ុប ដូចអ្នកទាំងអស់ (អង្គប្រជុំនៃសភាអ៊ឺរ៉ុប) បានដឹងស្រាប់ហើយ។

យើងក៏បានអំពាវនាវដែរថា ការគោរពសិទ្ធិមនុស្ស និងសេរីភាព ជាមូលដ្ឋានគ្រឹះ រួមទាំងសិទ្ធិការងារផង មានសារៈសំខាន់ណាស់ សម្រាប់ការរក្សាទុក នូវប្រព័ន្ធអនុគ្រោះ ផ្នែកពាណិជ្ជកម្ម ពីសំណាក់សហភាពអ៊ឺរ៉ុប។

ដោយហេតុនេះហើយ ទើបយើងបានបញ្ជូន កាលពីដើមខែកក្កដា នូវបេសកកម្មអង្កេតមួយ ទៅកាន់ប្រទេសកម្ពុជា ដើម្បីវាយតម្លៃ ពីស្ថានភាពនៅផ្ទាល់កន្លែង។ ការសម្រេច ទាក់ទងនឹងជំហានផ្សេងទៀត នឹងត្រូវឈរ លើព័ត៌មានទាំងឡាយ ដែលទទួលបាន ពីបេសកកម្មនេះ។

«អ៊ឺរ៉ុប ធ្វើការជាមួយ និងដើម្បីប្រជាជនកម្ពុជា…»

សហភាពអ៊ឺរ៉ុប ធ្វើការជាមួយ និងដើម្បី ប្រជាជនកម្ពុជា តាំងពីសង្គ្រាមបានបញ្ចប់ទៅ។ មុនដំបូង យើងបានជួយកសាងប្រទេស យើងបានជួយ​បោសសំអាតមីន បង្កប់ក្នុងដី និងជួយបង្កើតសកម្មភាពជាមូលដ្ឋាន នៃសេដ្ឋកិច្ចកម្ពុជា។ នៅថ្ងៃនេះ យើងបានគាំទ្រ នូវការបង្កើតការងារ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

យើងចង់អោយភាពជាដៃគូនេះ បន្តដំណើរទៅមុខទៀត ដើម្បីបន្តផ្តល់ប្រយោជន៍ ដល់ប្រជាជនកម្ពុជា។ ប៉ុន្តែវាច្បាស់ណាស់ថា រដ្ឋាភិបាលកម្ពុជាត្រូវផ្លាស់ប្តូរ និន្នាការនយោបាយបច្ចុប្បន្នចេញ បើមិនដូច្នេះទេ វានឹងមិនអាចទៅរួចឡើយ។

«សូមឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំប្រឆាំង ចាប់ផ្ដើមកិច្ចពិភាក្សា…»

ការដោះលែងលោក កឹម សុខា ដែលជាមេដឹកនាំគណបក្សប្រឆាំង កាលពីពេលថ្មីៗនេះ គឺជាជំហានវិជ្ជមានដំបូងមួយ បើទោះបីលោក ត្រូវបានដោះលែងក្រោមលក្ខខណ្ឌ ដ៏តឹងតែងខ្លាំងក៏ដោយ។ ឥឡូវនេះ យើងរង់ចាំ ឲ្យមានការទម្លាក់ចោល នូវការចោទប្រកាន់ទាំងអស់ និងការដកចេញ នូវការរឹតត្បិតទាំងអស់ ដែលបានដាក់ លើរូបលោក កឹម សុខា ហើយយើងសូមឱ្យនាយករដ្ឋមន្រ្តី [នៃប្រទេសកម្ពុជា] និងមេដឹកនាំគណបក្សប្រឆាំង ចាប់ផ្តើមកិច្ចពិភាក្សាឆ្ពោះទៅមុខ។

យើងជំរុញឱ្យអាជ្ញាធរកម្ពុជា ទម្លាក់ការចោទប្រកាន់ ដែលមានចរិតនយោបាយ និងដែលនៅសេសសល់ ប្រឆាំងនឹងក្រុមសកម្មជន និងលប់ចោល នូវបម្រាមលើសកម្មភាពនយោបាយ របស់សមាជិកគណបក្សប្រឆាំងជាន់ខ្ពស់ ចំនួន ១១៨ រូប។ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលត្រូវបានជ្រើសតាំងកាលពីខែមិថុនា កាលពីឆ្នាំមុន គួរតែត្រូវបានប្រគល់ឱ្យវិញ។

យើងក៏សូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ដើម្បីធានា​ឱ្យមានការវិលត្រឡប់ ប្រកបដោយសុវត្តិភាព នៃអ្នកនយោបាយគណបក្សប្រឆាំង, សកម្មជនសង្គមស៊ីវិល និងអ្នកការពារសិទិ្ធមនុស្ស ដែលបានភៀសខ្លួន ចេញពីប្រទេស ដើម្បីគេចចេញ ពីការចាប់ខ្លួន។

ច្បាប់ និងបទបញ្ជា ដែលត្រូវបានប្រើ ដើម្បីដាក់កម្រិតគណបក្សប្រឆាំង និងសង្គមស៊ីវិល ត្រូវតែពិនិត្យឡើងវិញ និងធ្វើវិសោធនកម្ម។

«បើគ្មានការផ្លាស់ប្ដូរណាមួយទេនោះ…»

នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ ១៩៩១ រដ្ឋាភិបាលកម្ពុជាបានយល់ព្រម ចំពោះកាតព្វកិច្ចផ្លូវច្បាប់ ដើម្បីថែរក្សាប្រព័ន្ធពហុបក្ស និងប្រជាធិបតេយ្យ។ ឥឡូវនេះ យើងរង់ចាំមើលអាជ្ញាធរកម្ពុជា ក្នុងស្តារការជជែក​វែកញែក និងការប្រកួតប្រជែងនយោបាយ ដោយសេរី និងគោរពលំហ សម្រាប់ក្រុមសង្គមស៊ីវិលមួយ ដែលសេរី និងឯករាជ្យ។

ប្រសិនបើយើងបន្តមើលឃើញ ពីនិន្នាការអវិជ្ជមាននេះ នៅតែគ្មានការផ្លាស់ប្តូរ ណាមួយទេនោះ ដូចខ្ញុំបាននិយាយមុនហ្នឹងហើយ ថាយើងត្រៀមខ្លួនជាស្រេច ក្នុងក្រុមប្រឹក្សាដើម្បីចាត់វិធានការសមស្រប៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។