កម្ពុជា

មន្ត្រី​ការទូត របស់​បស្ចឹមលោក «គាំទ្រ​ជំនួប​ ហ៊ុន សែន-កឹម សុខា»

យ៉ាងហោចណាស់ មន្ត្រី​ការទូត របស់សហភាពអ៊ឺរ៉ុប និងរបស់ប្រទេសអាល្លឺម៉ង់ ប្រចាំនៅ​ប្រទេសកម្ពុជា បានចូលសួរសុខទុក្ខលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងបាន​សម្ដែង​ការគាំទ្រ​របស់ផងខ្លួន ចំពោះ​«ជំនួប»​រវាងលោក ហ៊ុន សែន និងលោក កឹម សុខា ដែលបានធ្វើឡើង​កាលពីសប្ដាហ៍កន្លងទៅ ក្នុង​ពិធីបុណ្យសព​ម្ដាយក្មេក​របស់លោក ហ៊ុន សែន។

លោក កឹម សុខា ខ្លួនលោក បានអះអាងពីជំនួបទាំងនោះ ដោយសរសេរគូសបញ្ជាក់ នៅលើទំព័រហ្វេសប៊ុក​​របស់លោកថា ក្នុងជំនួបនាព្រឹកថ្ងៃចន្ទ លោក «Christian Berger» ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ប្រចាំកម្ពុជា បានចាត់ទុកការជជែក​រវាងលោក ហ៊ុន សែន និងរូបលោក (កឹម សុខា) ថាជារឿងវិជ្ជមាន។

រីឯក្នុងជំនួប ជាមួយមេដឹកនាំប្រឆាំង ក្នុងពេលរសៀល ថ្ងៃចន្ទដដែល អ្នកស្រី «Carmen Moreno» ឯកអង្គទូត​នៃគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា ក៏មានប្រសាសន៍ ប្រហាក់ប្រហែលគ្នាដែរ។ លោក កឹម សុខា បានបញ្ជាក់នៅក្រោយជំនួបថា អ្នកស្រីឯក​អង្គទូត បានសាទរចំពោះជំនួប  ហ៊ុន សែន – កឹម សុខា ដោយយល់ថា នោះគឺជា ជំហានវិជ្ជមានទី១។

លោក ហ៊ុន សែន និងលោក កឹម សុខា បានជួបជជែក​គ្នា ប្រមាណជិតមួយម៉ោង នៅក្នុង​​គេហដ្ឋាន​លោក ហ៊ុន សែន នៅខណៈមេដឹកនាំគណបក្សប្រឆាំង បាន​ដឹកនាំ​គណៈប្រតិភូ ចូលគោរពសពម្ដាយក្មេក របស់លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៥ ខែឧសភា កន្លងទៅ។

ក្រុមអ្នកវិភាគ និងអ្នកឃ្លាំមើលភាគច្រើន ក៏បានសាទរ ចំពោះកាយវិការនេះ ដូច«មន្ត្រី​ការទូត»ទាំងនេះដែរ។ លោក អ៊ូ វីរៈ នាយកវេទិកាអនាគត ដែលជាមជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ បាននិយាយ​ថា មេដឹកនាំខ្មែរទាំងពីរនាក់ ពិតជា​មានរឿង​ច្រើនណាស់ ដែលត្រូវ​​និយាយ​ជាមួយគ្នា។

រីឯលោក គឹម សុខ អ្នកវិភាគឯករាជ្យវិញ បើទោះជាលោក មិនសូវមានសុទិដ្ឋិនិយម ចំពោះផ្លៃផ្កា ដែលចេញពីជំនួបនេះក្ដី ក៏លោកបានចាត់ទុកជំនួបនេះ ថាជាការបង្ហាញ នូវ«ប្រពៃណី​វប្បធម៌​នយោបាយ​ល្អមួយ»។

សម្រាប់លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលផ្សព្វផ្សាយឯករាជ្យ (CCIM) បាន​លើក​ឡើងថា សពលោកយាយ ប៊ុន ស៊ាងលី ដែលជាម្ដាយក្មេកលោក ហ៊ុន សែន ទទួលបាន​នូវ​កិត្តិយស​ដ៏អស្ចារ្យ បើសិនជាពិធីបុណ្យ​សពលោកយាយ បានក្លាយជា«ស្ពាន» នៃ​ការផ្សះផ្សារ​ជាតិ និងដំណោះស្រាយ​​នយោបាយ នៅកម្ពុជា​មែននោះ។

លោក ងួនទៀង សរសេរថា៖

«ប្រសិនបើជំនួប របស់លោក ហ៊ុន សែន និងលោក កឹម សុខា ក្នុងពិធីបុណ្យសពរបស់​គាត់ ក្លាយជាស្ពាន នៃការផ្សះផ្សារជាតិ និងដណោះស្រាយនយោបាយ នៅកម្ពុជា។ នោះវា​មានន័យថា សពរបស់គាត់ បានកសាងរឿង ដ៏អស្ចារ្យមួយ ជូនសង្គមជាតិ ជាចុងក្រោយ​បំផុត!»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។