សហរដ្ឋអាមេរិកនឹងផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (Covid-19) ប្រភេទ«Johnson&Johnson» ប្រមាណជាង១លានដូស ជូនដល់ប្រជាជនកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះ បើតាមសំណេរជូនដំណឹង របស់ភ្នាក់ងាររដ្ឋាភិបាលអាមេរិក «USAID» នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។
ភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា «USAID» បានជូនដំណឹងជាខេមរភាសាដូច្នេះថា៖
«សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង “Johnson & Johnson” ចំនួនជាងមួយលានដូស ដល់ប្រជាជនកម្ពុជា។ យើងកំពុងតែធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា យន្តការ”COVAX” អង្គការសុខភាពពិភពលោក និងអង្គការ”UNICEF” ដើម្បីបញ្ជូនវ៉ាក់សាំងទាំងនោះមក ក្នុងពេលឆាប់ៗខាងមុខនេះ។»
វ៉ាក់សាំងរបស់សហរដ្ឋអាមេរិក ជាជំនួយថ្មីមួយទៀត ចេញពីពិភពលោកសេរី បន្ទាប់ពីជំនួយវ៉ាក់សាំងរបស់ប្រទេសជប៉ុន ប្រភេទ «AstraZeneca» ចំនួន១លានដូស តាមរយៈយន្តការ«COVAX» ដែលនឹងបញ្ជូនមកដល់កម្ពុជា ក្នុងល្ងាចថ្ងៃសុក្រទី២៣ ខែកក្កដានេះ។
វ៉ាក់សាំង«Johnson&Johnson» ឬហៅម្យ៉ាងទៀត «vaccin COVID-19 Janssen» ជាវ៉ាក់សាំងដែលប្រើបច្ចេកវិទ្យា «Viral vector» និងអាចត្រូវបានប្រើ ត្រឹមតែ«១ដូស»ប៉ុណ្ណោះ (ខុសពីវ៉ាក់សាំងដទៃទៀត ដែលតម្រូវឲ្យចាក់ ចាប់ពី២ដូសឡើង)។ ក្នុងការសាកល្បងជំហានទី៣ (ជំហានចុងក្រោយ) បានឲ្យដឹងថា វ៉ាក់សាំងនេះអាចបង្ការការចម្លងមេរោគ ក្នុងកម្រិត៦៧% និងបង្ការការធ្លាក់ខ្លួនឈឺក្នុងកម្រិតធ្ងន់ បានរហូតដល់៩៤%៕