ករណីមរណភាព របស់សកម្មជនគណបក្សសង្គ្រោះជាតិ ( CNRP ) លោក ទិត្យ រ៉ន ដែលពោរពេញដោយមន្ទិល រួមទាំងការកោះហៅ ចាប់ចងមន្ត្រី-សកម្មជនគណបក្សប្រឆាំង ជាច្រើននាក់ផ្សេងទៀត ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយ ទទួលរងប្រតិកម្មដោយផ្ទាល់ ពីសហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី១៧ ខែឧសភានេះ។
សេចក្ដីថ្លែងការណ៍មួយ របស់អ្នកស្រី «Morgan Ortagus» អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានលើកឡើង ពី«ការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ» របស់ផងខ្លួន ចំពោះមរណភាពរបស់លោក ទិត្យ រ៉ន សមាជិកគណបក្សសង្គ្រោះជាតិ នៅខណៈពេលដែលបុរសរូបនេះ ស្ថិតក្នុងការឃុំឃាំងរបស់អាជ្ញាធរ កាលពីខែមេសាកន្លងទៅ។
លោក ទិត្យ រ៉ន អាយុ៣៧ឆ្នាំ ត្រូវបានក្រុមនគរបាលប៉ុស្តិ៍ទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ហើយត្រូវបានមន្ត្រីពន្ធនាគារអះអាងថា បានស្លាប់នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ពោលគឺ៣ថ្ងៃក្រោយការចាប់ខ្លួន។
មេដឹកនាំគណបក្សប្រឆាំង រួមនឹងលោក សម រង្ស៊ី ផង បានចាត់ទុកការស្លាប់របស់លោក ទិត្យ រ៉ន គឺជាឃាតកម្មនយោបាយថ្មីមួយទៀត នៅកម្ពុជា។
លោក ហួត វុទ្ធី ព្រះរាជអាជ្ញាខេត្តកំពង់ចាម បានច្រានចោល នូវការចោទប្រកាន់នោះ ដោយអះអាងតបថា លោក ទិត្យ រ៉ន បានញ័រដៃ-ញ័រជើង ដូចមនុស្សញៀនស្រា រហូតដួលបោកក្បាល ទៅនឹងជ្រុងអាងទឹក ក្នុងបន្ទប់ឃុំខ្លួនបណ្តោះអាសន្ន និងបណ្ដាលឲ្យស្លាប់។
ផ្ទុយពីការអះអាងរបស់លោក ហួត វុទ្ធី ក្រសួងការបរទេសនៃប្រទេសមហាអំណាច បានអំពាវនាវ «ឱ្យមានការស៊ើបអង្កេត ដោយឯករាជ្យភ្លាមៗ ចំពោះហេតុការណ៍ ដែលនាំទៅដល់ការចាប់ខ្លួន និងការស្លាប់របស់លោក ទិត្យ រ៉ន»។
សេចក្ដីថ្លែងការណ៍ របស់អ្នកស្រី «Morgan Ortagus» បានបន្តថា៖
«យើងក៏មានការព្រួយបារម្ភផងដែរ អំពីដំណើរការនីតិវិធីច្បាប់ថ្មីៗ ដែលបានធ្វើឡើង ប្រឆាំងនឹងសមាជិកជាង ៦៥ រូប របស់គណបក្សសង្គ្រោះជាតិ។»
ក្រសួងការបរទេសបានបញ្ជាក់ជាថ្មីទៀត អំពាវនាវឲ្យរបបក្រុងភ្នំពេញ បញ្ឈប់ការរឹតត្បិតខាងនយោបាយ«ហួសហេតុ» និងស្នើឲ្យដោះលែងអ្នកទោសនយោបាយទាំងឡាយ រួមទាំងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានឃាត់ខ្លួន តាមអំពើចិត្តនោះផង។ សេចក្ដីថ្លែងការណ៍ បានសរសេរថា៖
«យើងសូមអំពាវនាវ ឱ្យរដ្ឋាភិបាលកម្ពុជា ដកចេញនូវការរឹតត្បិត ខាងនយោបាយហួសហេតុ លើមនុស្សគ្រប់រូបនៅក្នុងប្រទេសកម្ពុជា និងដោះលែងអ្នកទោសទាំងនោះ ដែលត្រូវបានឃាត់ខ្លួនតាមអំពើចិត្ត ឬខុសច្បាប់ រួមទាំងលោក កឹម សុខា។ យើងក៏ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា គាំទ្រលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដ ហើយធានាថា សកម្មភាព និងច្បាប់របស់ខ្លួន គោរពតាមកាតព្វកិច្ចសិទ្ធិមនុស្សរបស់កម្ពុជា ក្រោមច្បាប់អន្តរជាតិ៕»