កម្ពុជា

អាមេរិក​លើកពី​«សេរីភាព និង ចំណង​ទ្វេភាគី» ដើម្បី​ជូនពរ​ឆ្នាំថ្មី​ដល់​កម្ពុជា

សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ សហរដ្ឋអាមេរិកបានផ្ញើរសារ ជូនពរប្រជាជនកម្ពុជា ប្រកបដោយអត្ថន័យសង្កត់ធ្ងន់ ទៅលើ«សេរីភាព» និងលើកឡើង ពីក្ដីសង្ឃឹម នៃការពង្រឹង«ចំណងទ្វេភាគី» កាន់តែខ្លាំងឡើង ក្នុងឆ្នាំខាងមុខ។

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស របស់ប្រទេសមហាអំណាច អ្នកស្រី ម័រហ្គិន អ៊ថាហ្គឹះស៍ (Morgan Ortagus) ចេញ​សេចក្ដី​ថ្លែងការណ៍ កាលពី​ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ២០១៩ (ត្រូវនឹងថ្ងៃទី១៣ ខែមេសា ម្សិលម៉ិញ) ថាក្នុងនាមរដ្ឋាភិបាល នៃសហរដ្ឋអាមេរិក អ្នកស្រី សូមជូរពរបវរប្រសើ ដល់ប្រជាជនកម្ពុជា នៅក្នុងឱកាស នៃបុណ្យចូលឆ្នាំថ្មីខ្មែរ។

អ្នកស្រីបន្តថា៖

«ចំណងមេត្រីភាពដ៏​ល្អ ​រវាង​ប្រជាជននៃប្រទេស​ទាំងពីរ ឈរលើ​ស្មារតីជាមូលដ្ឋាន នៃការ​ខិតខំ​ប្រឹងប្រែងលើកស្ទួយ ​សន្តិភាព វិបុលភាព និងសេរី​ភាព។ សូមឲ្យទំនាក់ទំនងនេះ ទទួលបានភាពស៊ីជម្រៅ នៅក្នុងឆ្នាំខាងមុខ។»

ទំនាក់ទំនង​ រវាង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​របប​លោក ហ៊ុន សែន បានស្គាល់ភាព​រកាំរកូសខ្លាំងឡើងៗ នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយ។

សហរដ្ឋអាមេរិក បានបន្ទោសរបបក្រុងភ្នំពេញ អំពីការរិតត្បិតសេរីភាព ការដើរ​ថយក្រោយ នៃលទ្ធិប្រជាធិបតេ្យ តាមរយៈចំណាត់ការ ដ៏ប្រទាំងប្រទើស ពីសំណាក់​អាជ្ញាធរ​រដ្ឋាភិបាលកម្ពុជា ប្រឆាំងគណបក្សសង្គ្រោះជាតិ ដែលជា​គណបក្ស​ប្រឆាំងធំ​ជាងគេ – ទៅលើ​អង្គការ​សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាច្រើន។

តែរបបក្រុងភ្នំពេញ បានការពារវិធានការ របស់ផងខ្លួន ថានោះ ជាការអនុវត្តន៍ច្បាប់ និងជាចំណាត់ការ ដើម្បីទប់ទល់ ចំពោះការធ្វើ«បដិវត្តន៍ពណ៌» ដែលរបបនេះ​លើកឡើង​ថា ជាទង្វើរបស់ក្រុមប្រតិកិរិយា ញាក់ខ្សែដោយសហរដ្ឋអាមេរិក និងលោកសេរី​ដទៃ​ទៀត។

យ៉ាងណា អ្នកស្រី ម័រហ្គិន អ៊ថាហ្គឹះស៍ បានសំដែងការជូនពរឆ្នាំថ្មី តាមបែបទន់ភ្ល់ន់ នៅ​ចុង​បញ្ចប់ នៃសេចក្ដីថ្លែងការណ៍របស់អ្នកស្រី ដូចការដកស្រុងខាងក្រោម ដូច្នេះថា៖

«សូមទទួល នូវការជូនពររបស់យើង ដ៏ថ្លៃថ្លាបំផុត សម្រាប់ឆ្នាំថ្មី ដ៏សប្បាយរីករាយ។ សូមឱ្យ​ឆ្នាំថ្មី ឆ្នាំកុរ នាំមកនូវ សុខភាពល្អ សុភមង្គល និងវិបុលភាព សម្រាប់​ប្រជាជន​កម្ពុជាទាំងអស់គ្នា៕»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។