ការជំនុំជម្រះក្ដីលើ ជនជាប់ចោទទាំង៦០នាក់ ដែលនឹងត្រូវធ្វើឡើង ក្នុងថ្ងៃតែមួយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ខាងមុខ នឹងធ្វើឲ្យ«សិទ្ធិបុគ្គលរបស់ពួកគេ ក្នុងការទទួលបានការជំនុំជម្រះក្តី ប្រកបដោយយុត្តិធម៌ ត្រូវប្រឈមនឹងហានិភ័យ»។ នេះ ជាការអះអាងឡើង របស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលអះអាងថា អ្នកស្រីបាន និងកំពុងតាមដានករណីនេះ«យ៉ាងដិតដល់»។
តាមរយៈសេចក្ដីថ្លែងការណ៍មួយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន ក្នុងល្ងាចថ្ងៃទី១៣ ខែមករា អ្នកជំនាញផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានសរសេរឲ្យដឹងថា៖
«ខ្ញុំនៅតែមានកង្វល់ អំពីការជំនុំជម្រះក្តី ដែលមានលក្ខណៈទ្រង់ទ្រាយធំ ដែលបានធ្វើឡើង នៅថ្ងៃស្អែក (ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១)។ មានជនជាប់ចោទចំនួន៦០នាក់ ត្រូវបានជំនុំជម្រះរួមគ្នា នៅថ្ងៃនេះ ដែលធ្វើឱ្យសិទ្ធិបុគ្គលរបស់ពួកគេ ក្នុងការទទួលបានការជំនុំជម្រះក្តី ប្រកបដោយយុត្តិធម៌ ត្រូវប្រឈមនឹងហានិភ័យ។»
ថ្នាក់ដឹកនាំ និងសកម្មជនបក្សសង្គ្រោះជាតិ សរុបចំនួន១៣៦នាក់ ដែលភាគច្រើនកំពុងនិទ្ទេសខ្លួន នៅក្រៅប្រទេស ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កោះហៅជាបន្តបន្ទាប់ ឲ្យចូលខ្លួន ទៅបំភ្លឺសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ការកោះហៅមនុស្ស ដ៏សន្ធឹកសន្ធាប់ខាងលើ ត្រូវបានអ្នកស្រី ស្មីត ប្រតិកម្មម្ដងហើយ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយចាត់ទុកព្រឹត្តិការណ៍ ដែលមិនធ្លាប់កើតមាននេះ ថាទំនងជា«ផ្នែកមួយ នៃយុទ្ធសាស្ត្របំភិតបំភ័យ និងបំបាក់មុខគូប្រជែង» របស់រដ្ឋាភិបាលលោក ហ៊ុន សែន។
អ្នកស្រី រ៉ូណា ស្មីត បន្តលើកឡើងអំពីកង្វល់ របស់ជនជាប់ចោទមួយចំនួន ពីក្នុងចំណោមមនុស្ស៦០នាក់ ដែលនឹងត្រូវកាត់ទោស ដោយកំបាំងមុខ បើទោះជាពួកគេបានព្យាយាមវិលត្រឡប់ មកប្រទេសកម្ពុជា ដើម្បីចូលរួម ក្នុងការជំនុំជម្រះក្ដីនេះក៏ដោយ។
ការលើកឡើងនេះ ទំនងជាអ្នកស្រី ស្មីត ចង់សំដៅលើថ្នាក់ដឹកនាំមួយចំនួន របស់គណបក្សនេះ ដែលបានបង្ហាញ ពីការប៉ុនប៉ងរបស់ផងខ្លួន ក្នុងការវិលចូលប្រទេសកម្ពុជាវិញ តែត្រូវបានរបបក្រុងភ្នំពេញ បដិសេធផ្ដល់លិខិតឆ្លងដែន ឬទិដ្ឋាការឲ្យពួកគេ។
យ៉ាងណា អ្នករាយការណ៍ពិសេស បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ ល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ អំពីអនុសាសន៍ចំនួនបីចំណុច សម្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន ក៏ដូចជាតុលាការកម្ពុជា ដូចការដកស្រង់ទាំងស្រុង ខាងក្រោម៖
«ខ្ញុំសូមស្នើយ៉ាងទទូច ឱ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិទទួលបាន ការជំនុំជម្រះក្តីប្រកបដោយយុត្តិធម៌ ដល់បុគ្គលទាំងនេះ ដូចដែលមានចែង ក្នុងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ដែលប្រទេសកម្ពុជាជារដ្ឋភាគី។»
«ខ្ញុំសូមលើកទឹកចិត្ត ដោយស្មើភាពគ្នា ឱ្យអាជ្ញាធរជួយសម្រួល ដល់ការវិលត្រឡប់ របស់បុគ្គលទាំងនេះ ដោយសុវត្ថិភាព និងអនុញ្ញាតឱ្យពួកគេ ចូលរួមសវនាការ និងការពារក្តីរបស់ខ្លួន នៅក្នុងតុលាការ។»
«ក្នុងករណីការបង្ហាញខ្លួន របស់ពួកគេ មិនអាចចាត់ចែងបានទេនោះ ខ្ញុំសូមលើកទឹកចិត្តអាជ្ញាធរ ជួយសម្រួល ឲ្យមានការចូលរួមសវនាការ ពីចម្ងាយពីបុគ្គលទាំងនោះ ឬពន្យាការជំនុំជម្រះ រហូតដល់ជនជាប់ចោទ អាចធ្វើដំណើរបាន។»
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ ធ្លាប់ត្រូវបានសារព័ត៌មានស្រង់សំដី មកបញ្ជាក់ថា ករណីខាងលើជារឿងរបស់តុលាការ មិនទាក់ទងនឹងរដ្ឋាភិបាលនោះទេ។ រីឯសេចក្ដីថ្លែងការណ៍មុនៗ របស់អ្នកស្រី រ៉ូណា ស្មីត និងក្រុមអ្នកជំនាញ របស់អង្គការសហប្រជាជាតិ តែងទទួលបានការឆ្លើយតប ពីរដ្ឋាភិបាលកម្ពុជាវិញថា ជាការលើកឡើង ដែលមិនស្គាល់«ច្បាប់»កម្ពុជា៕