កម្ពុជា

បែកធ្លាយ ៖ ហ៊ុន សែន ឲ្យឆ្នៃសាលារៀន ធ្វើជា​មន្ទីរពេទ្យ​​«Covid-19»

បែកធ្លាយ ៖ នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលឯកបក្ស នៅកម្ពុជា លោក ហ៊ុន សែន បានបញ្ជា ទៅគណៈអភិបាលខេត្តក្រុងទាំងអស់ (លើកលែងតែរាជធានីភ្នំពេញ) ឲ្យជ្រើសរើសយកសាលារៀន ដើម្បីកែឆ្នៃធ្វើជាមន្ទីរពេទ្យ សម្រាប់ទទួលអ្នកជំងឺ «Covid-19» ដែលអាចនឹងរីករាលដាល ក្នុងពេលខាងមុខ។

សារសម្លេងចំនួនពីរ ដែលបានបែកធ្លាយ មកដល់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានឲ្យដឹងថា លោក ហ៊ុន សែន បានទទួលស្គាល់ថា កម្ពុជានៅខណៈនេះ មិនទាន់បានត្រៀមបម្រុងអ្វី ដើម្បីទប់ទល់នឹងគ្រោះអាសន្ន នៃមេរោគ «កូរូណា» ឬ «Covid-19» នោះនៅឡើយ។ លោកនាយករដ្ឋមន្ត្រី បានថ្លែងតាមរយៈ សារសម្លេងនោះថា៖

«អ្នកជំងឺរបស់យើង នៅកន្លែងខ្លះ មានការកើនឡើង ដូចជានៅខេត្តព្រះសីហនុជាដើម។  អញ្ចឹងបើកើនឡើងរបៀបនេះ ធ្វើឲ្យកន្លែងដែលយើងទទួល [អ្នកជំងឺ] គឺវាមិនគ្រប់គ្រាន់ទេ។ អញ្ចឹង ខ្ញុំបានពិភាក្សាជាមួយបង ម៉ម ប៊ុនហេង (រដ្ឋមន្ត្រីសុខាភិបាល) គឺយើងត្រូវប្រើប្រាស់សាលារៀន។»

សារឯកជនដែល«បែកធ្លាយ» មានចំនួនពីរ…

បុរសខ្លាំងកម្ពុជា បានឲ្យបញ្ជាបន្ថែមថា បើសិនជាចាំបាច់ ត្រូវប្រើកម្លាំងនគរបាល និងទាហាន ដើម្បីធ្វើកិច្ចការនេះ ជាពិសេសត្រូវដោះស្រាយ ឲ្យបានជាបន្ទាន់ នូវប្រព័ន្ធទឹក-ភ្លើង និងបង្គន់អានាម័យ។

សារជាសម្លេងនោះ ទំនងជាត្រូវលោក ហ៊ុន សែន ផ្ញើរចូលក្នុងក្រុមពិភាក្សា ជាលក្ខណៈឯកជនមួយ ដែលលោកហៅថា «Groupe ប្រឆាំង Covid-19)»។ នៅក្នុងសារសម្លេងទីពីរ បានឲ្យដឹងបន្តថា លោកនាយករដ្ឋមន្ត្រី បានបញ្ជា​ឲ្យបណ្ដា​អភិបាលខេត្ត ត្រូវស្ដាប់សារបញ្ជាទីមួយរបស់លោក ហើយត្រូវដឹកនាំកិច្ចការកែឆ្នៃសាលារៀននេះ ដោយផ្ទាល់ និងសហការជាមួយក្រសួងសុខាភិបាល តាមរយៈមន្ទីរសុខាភិបាល នៅតាមខេត្ត។

សូមទស្សនា និងស្ដាប់សារសម្លេង របស់លោក ហ៊ុន សែន នោះទាំងស្រុងដូចតទៅ៖

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។