បណ្ដឹងទាមទារឲ្យស៊ើរើឡើងវិញ នូវការសម្រេចរបស់ក្រសួងអប់រំ យុវជន និងកីឡា ជុំវិញការលុបឈ្មោះលោក រ៉ុង ឈុន និងគ្រូបង្រៀនច្រើននាក់ ចេញពីក្របខណ្ឌគ្រូបង្រៀននោះ នឹងមិនត្រូវបានតុលាការចាត់ការទេ បើសិនជាដើមបណ្ដឹងទាំងនេះ មិន«បង់ពន្ធថ្លៃបណ្ដឹង» ឲ្យទាល់ពេល និងគ្រប់ចំនួនទេនោះ។
ដីការមួយរបស់លោកចៅក្រម រស់ ពិសិដ្ឋ ដែលចុះហត្ថលេខា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ និងដែលត្រូវបានចែកចាយ ជាសាធារណៈក្នុងថ្ងៃនេះ បានអះអាងថា លោក រ៉ុង ឈុន និងដើមបណ្ដឹងដទៃទៀត នៅ«ពុំទាន់បង់ពន្ធ លើកម្មវត្ថុបណ្ដឹងនៅឡើយ»។ ដីកានោះ បានសរសេរសំអាងហេតុទៀតថា ដើម្បីអាចឲ្យបណ្ដឹងមានដំណើការនីតិវិធីទៅបាន លុះត្រាតែដើមបណ្ដឹងបង់ប្រាក់ពន្ធ តាមមាត្រា៦០ និងមាត្រា៦១ នៃក្រមនីតិវិធីរដ្ឋប្បវេណីនោះសិន។
ដោយហេតុនេះ លោក រស់ ពិសិដ្ឋ បានសម្រេចបង្គាប់ឲ្យដើមបណ្ដឹង ទាំង១១នាក់ ត្រូវយកប្រាក់ ៥ម៉ឺន៥ពាន់រៀល នៃការ«បង់ពន្ធថ្លៃបណ្ដឹង» ទៅបង់នៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងអំឡុងពេល២សប្ដាហ៍ គិតពីថ្ងៃទទួលដំណឹងនេះ។
ការសម្រេចរបស់ចៅក្រមខាងលើ ទទួលបានប្រតិកម្មពីមនុស្សមួយចំនួន ដែលស្និតលោក រ៉ុង ឈុន ដោយហៅទង្វើរបស់ចៅក្រមរូបនេះ ថាធ្វើអ្វីប្លែកៗ និងថា មិនគួរយករឿងកំប៉ិចកំប៉ុករបៀបនេះ មករារាំងបណ្ដឹង របស់ពលរដ្ឋនោះទេ។ ពួកគេបានលើកឡើងទៀតថា នៅពេលលោក រ៉ុង ឈុន យកបណ្ដឹងទៅដាក់នៅសាលាដំបូង មន្ត្រីទទួលពាក្យបណ្ដឹង បានប្រាប់ដើមបណ្ដឹងថា មិនចាំបាច់បង់ប្រាក់ទេ។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩ លោក រ៉ុង ឈុន និងសមាជិកនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចំនួន១០នាក់ផ្សេងទៀត បានដាក់ពាក្យបណ្ដឹងរួមគ្នាមួយ ទៅតុលាការរាជធានី ក្នុងសំណុំរឿងបញ្ឈប់ពួកគេ ពីក្របខណ្ឌអប់រំកាលពីមួយឆ្នាំមុន។
ក្នុងបណ្ដឹងនោះ ដើមបណ្ដឹងទាមទារឲ្យតុលាការ (១)ផ្ដល់ក្របខណ្ឌក្រសួងអប់រំឡើងវិញ និង(២)បដិសេធចោល នូវប្រកាសស្ដីពីការលុបឈ្មោះបុគ្គលិកអប់រំ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។ សម្រាប់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឆ្លើយតបថា ក្រសួងបញ្ឈប់គ្រូៗទាំងនោះ គឺធ្វើឡើងស្របទៅតាមច្បាប់អប់រំ៕