កម្ពុជា

ស ខេង បដិសេធ​បាននៅ​ពីក្រោយ​គម្រោង​ឲ្យ សម រង្ស៊ី និរទេស​ខ្លួន

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក​ ស ខេង បានចេញមុខក្នុងថ្ងៃអាទិត្យនេះ មកបដិសេធ​ការលើកឡើង របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលអះអាងតាមវិទ្យុអាស៊ីសេរី ថាអនុប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ ជាអ្នករៀបចំគម្រោង ឲ្យលោកនិរទេសខ្លួន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។

លោក ស ខេង បានហៅការបង្ហើបរបស់មេដឹកនាំប្រឆាំង ថាជា«ការចោទប្រកាន់​មួលបង្កាច់» និងដើម្បី «បិតបាំងភាពកំសាក រត់គេចចេញពីសំណាញ់ច្បាប់របស់ខ្លួន តែប៉ុណ្ណោះ»។

ក្នុងរាត្រីថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨ម្សិលម្ងៃ លោក សម រង្ស៊ី បានទម្លាយ ការសម្ងាត់មួយអះអាងថា លោក ស ខេង បានរៀបចំគម្រោង ឲ្យរូបលោក និរទេសខ្លួន​នៅក្រៅប្រទេស ដោយធ្វើឡើងតាមរយៈ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា។ ប្រធានស្ដីទី​​គណបក្សប្រឆាំង នៅបង្ហើបទៀតថា រូបលោក និងលោក ស ខេង ធ្លាប់មានគម្រោង​រួមសម្លេងគ្នា នៅក្នុងរដ្ឋសភា ដើម្បីទម្លាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន ហើយអះអាងបន្ថែមថា លោក ស ខេង បានខ្សិបប្រាប់លោក ពីភាពពិបាកធ្វើការ ជាមួយលោក ហ៊ុន សែន។

តបនឹងការលើកឡើងនេះ ឧបនាយករដ្ឋមន្ត្រី ដែលជាបុរសខ្លាំងទីពីរ ក្នុងរដ្ឋាភិបាលលោក ហ៊ុន សែន បានចេញមកបញ្ជាក់ថា រូបលោក ដែលជាអ្នកចូលរួមក្នុងនយោបាយដែរនោះ «ដូចជាមិនដល់ថ្នាក់ឆោតល្ងង់ ប្រាប់ សម រង្ស៊ី មិនឲ្យវិលចូលស្រុកនោះទេ»។

លោក ស ខេង ពន្យល់ថា៖

«ប្រការនេះខុសទាំងស្រុង ពីច្បាប់រដ្ឋធម្មនុញ្ញ និងអាចផ្តល់ឱកាសគ្រប់ពេលវេលា ឲ្យ សម រង្ស៊ី មានលេសវាយប្រហារ មកលើរូបខ្ញុំវិញ នៅពេលដែលសមត្ថកិច្ច បានទទួលដីកា ដើម្បីចាប់ខ្លួន សម រង្ស៊ី រួចហើយ។»

លោកបញ្ជាក់ថា លោកសម រង្ស៊ី បានប្រព្រឹត្តបទល្មើសជាច្រើន និងត្រូវបានតុលាការផ្តន្ទាទោសរួចហើយ ហើយការណ៍​ដែល «ទណ្ឌិតរូបនេះ សម្រេចរត់គេចខ្លួន មិនចូលប្រទេសដោយខ្លួនឯង ហើយការត្រឡប់ចូលប្រទេសវិញ ឬយ៉ាងណានោះ វាស្ថិតនៅលើបុគ្គល សម រង្ស៊ី ខ្លួនឯងតែប៉ុណ្ណោះ គ្មានអ្នកណាហាមឃាត់ឡើយ»។

«ការចេញដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី គឺត្រូវបានប្រកាសជាសាធារណៈ ហើយការបញ្ជាក់របស់ខ្ញុំ ចំពោះសារព័ត៌មាន និងសាធារណៈមតិជាតិ និងអន្តរជាតិ អំពីដីកាចាប់ខ្លួននេះ គឺធ្វើឡើងជាសាធារណៈ ដែលមិនមានអ្វី ជាអាថ៍កំបាំងឡើយ។»

អនុប្រធានគណបក្សកាន់អំណាច ដែលគេស្គាល់ថា ធ្លាប់ជាមនុស្សស្និត នឹងលោក ជា ស៊ីម អតីតប្រធានគណបក្ស ជាជាងលោក ហ៊ុន សែន ប្រធានគណបក្សបច្ចុប្បន្ននោះ បានបន្តបដិសេធ ការអះអាងរបស់លោក សម រង្ស៊ី ដែលនិយាយថា លោកមានការលំបាកធ្វើការ ជាមួយនិងលោក ហ៊ុន សែន ដោយហៅការលើកឡើងនេះ គឺជា«រឿងភូតកុហកបោកប្រាស់សុទ្ធសាធ» និងមានបំណង «ចង់ឲ្យសាធារណៈមតិ មានការភ័ន្តច្រលំ» ទៅលើរូបលោក។ លោក ស ខេង បានពន្យល់ទៀតថា៖

«ធាតុពិតគឺ សម រង្ស៊ី ទេ ដែលខ្ញុំពិបាកធ្វើការជាមួយ។ ជាក់ស្តែង នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ខ្ញុំដែលតំណាងឲ្យគណបក្សប្រជាជនកម្ពុជា រីឯលោក សម រង្សី តំណាងឲ្យគណបក្សសង្គ្រោះជាតិ។ ខ្ញុំនិងសម រង្ស៊ី បានជជែកគ្នាតាមទូរសព្ទ័ អំពីសេចក្តីព្រាងកិច្ចព្រមព្រៀងមួយ រវាងគណបក្សទាំងពីរ។ ខ្ញុំបានសុំយោបល់ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ខ្ញុំ និង សម រង្ស៊ី បានឯកភាពទាំងស្រុង ហើយសង្ឃឹមថា នៅព្រឹកថ្ងែទី១៧ ខែកញ្ញា ឆ្នាំ២០១៣ នឹងបានចុះហត្ថលេខា ទៅលើកិច្ចព្រមព្រាងនោះនៅក្នុងកិច្ចប្រជុំ នៅមន្ទីររដ្ឋសភា។ ប៉ុន្តែផ្ទុយពីការរំពឹងទុក ពេលចាប់ផ្តើមភ្លាម កឹម សុខា បានជំទាស់នឹង សេចក្តីព្រាងនោះទាំងស្រុង ដែលនាំឲ្យកិច្ចចរចា ត្រូវបរាជ័យ ហើយពួកគេងាក ទៅរកប្រមូលកម្លាំងប្រជាជនធ្វើបាតុកម្ម ប្រឆាំងលទ្ធផលបោះឆ្នោត និងធ្វើបដិវត្តន៍ពណ៌ ជាបន្តទៀត។ បញ្ហានេះទេ ដែលបញ្ជាក់ថា សម រង្សី ជាមនុស្សពិបាកធ្វើការ និយាយបាតដៃជាខ្នងដៃ មិនទៀងត្រង់ ក្រឡិចក្រឡុច មិនទទួលខុសត្រូវ និងអាចនិយាយបានថា គឺ សម រង្ស៊ី ទេជាអ្នកបោកខ្ញុំ។»

«ខ្ញុំសូមបញ្ជាក់ថា ខ្លួនខ្ញុំផ្ទាល់បានរួមការងារ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គ្រប់កាលៈទេសៈ ដើម្បីដោះស្រាយបញ្ហាជាតិ ជាង៤០ឆ្នាំកន្លងមកហើយ។ ជោគជ័យ នៃការបោះឆ្នោតអាណ្តិតទី៦ កន្លងទៅនេះបានបញ្ជាក់យ៉ាងច្បាស់ តាមរយៈនូវការឯកភាពខ្ពស់ និងភាពកាន់តែរឹងមាំ នៃគណបក្សប្រជាជនកម្ពុជា។»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។