កម្ពុជា

សម រង្ស៊ី ប្រើពាក្យ​ខ្លាំងៗ​អំពាវនាវ​ឲ្យកងទ័ព​«កុំស្ដាប់បញ្ជា ហ៊ុន សែន»

«ចោរប្លន់អំណាច ជនផ្ដាច់ការ ក្បត់ជាតិ នាយករដ្ឋមន្ត្រីខុសច្បាប់ ក្លែងក្លាយ… ដែលចេញពីការបោះឆ្នោតក្លែងក្លាយ» ទាំងនេះ ជាខ្លឹមសារ ដែលដកស្រង់ចេញ ពីសេចក្ដីអំពាវនាវ​របស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ធ្វើទៅកាន់កងកម្លាំងប្រដាប់អាវុធ ដើម្បីស្នើឲ្យពួកគ «កុំស្ដាប់បញ្ជា» ពីលោក ហ៊ុនសែន។

សេចក្ដីអំពាវនាវរបស់មេដឹកនាំប្រឆាំង ធ្វើឡើងមួយថ្ងៃ ក្រោយការថ្លែងរបស់លោក ហ៊ុន សែន ក្នុងនាមជាអគ្គមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ នៃប្រទេសកម្ពុជា បញ្ជាឲ្យកម្ទេច​ចលនាណា​ក៏ដោយ ដែលមានបំណងធ្វើបដិវត្តន៍ពណ៌ ចង់ទម្លាក់រដ្ឋាភិបាលរបស់លោក តាម​បែប«មិនប្រជាធិបតេយ្យ»។

កាលពីព្រឹកថ្ងៃសុក្រ ទី២៥ ខែមករា ក្នុងពិធីជួបជាមួយកម្មករ-កម្មការិនី ក្នុងខេត្តកំពត លោក ហ៊ុន សែន បានថ្លែងព្រមាន ចាប់ខ្លួនលោក សម រង្ស៊ី និងក្រុមអ្នកគាំទ្រ ដាក់ពន្ធនាគារ ប្រសិណាជាមេដឹកនាំ ដែលកំពុងរស់នៅនិរទេសខ្លួន វិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ដោយមានវត្តមានហែហម ពីសំណាក់ក្រុមអ្នកគាំទ្រ។

សម្រាប់លោក សម រង្ស៊ី បានបញ្ជាក់ នៅក្នុងសេចក្ដីអំពាវនាវរបស់លោក ដែលចេញផ្សាយ នៅយប់ថ្ងៃសុក្រ​ដដែល​នេះថា៖

«ខ្ញុំ សម រង្ស៊ី ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ សូមអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធសូម កុំស្ដាប់បញ្ជា ពីនាយករដ្ឋមន្ត្រីខុសច្បាប់ ហ៊ុន សែន ដែលជាចោរប្លន់អំណាចពីប្រជារាស្ត្រ។»

«ថ្មីៗនេះ ជនផ្តាច់ការ ហ៊ុន សែន នេះបានណែនាំកងកម្លាំងប្រដាប់អាវុធ ឲ្យចាប់រូបខ្ញុំ នៅពេលដែលខ្ញុំវិលត្រឡប់ មកប្រទេសកម្ពុជាវិញ ក្នុងឆ្នាំ ២០១៩ នេះ ហើយឲ្យបង្ក្រាបអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិ ដែលនឹងងើបឈរឡើង ដើម្បីទាមទារ ឲ្យមានការផ្លាស់ប្តូរ ជាវិជ្ជមាន ដោយសន្តិវិធី តាមបែបបទប្រជាធិបតេយ្យ គឺតាមរយៈការបោះឆ្នោត។»

«កុំការពាររបបក្បត់ជាតិ»

មេដឹកនាំប្រឆាំង ដែលជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ជនរួមជាតិណាក៏ដោយ ដែលមានកាំភ្លើងក្នុងដៃ ត្រូវរក្សាទុកកាំភ្លើងនេះ ដើម្បីការពារខ្លួនឯង ការពារប្រជារាស្ត្រ និងការពារទឹកដី។ លោក សម រង្ស៊ី បន្តថា៖

«សូមកុំការពារ របបផ្តាច់ការ​ខុសច្បាប់​សព្វថ្ងៃ ដែលកើតចេញ មកពីការបោះឆ្នោតក្លែងក្លាយ ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅនេះ ដែលសកលលោក ចាត់ទុកថាជាការបោះឆ្នោត​ក្លែងក្លាយ ដែលបាននាំមក នូវរដ្ឋសភាក្លែងក្លាយ និងនាយករដ្ឋមន្ត្រីក្លែងក្លាយ ឈ្មោះ ហ៊ុន សែន នេះ។»

«សូមកងកម្លាំងប្រដាប់អាវុធ កុំការពាររបបក្បត់ជាតិសព្វថ្ងៃ តែសូមបែរមកការពារប្រជារាស្ត្រវិញ ដែលជាម្ចាស់ទឹកម្ចាស់ដីតែមួយគត់។»

ប្រធានស្ដីទីគណបក្សប្រឆាំង បានបន្តថា៖

«រាល់បញ្ជាណា ដែលបង្ខំឲ្យកងកម្លាំងប្រដាប់អាវុធ បាញ់ប្រហារ មកលើប្រជាពលរដ្ឋស្លូតត្រង់ ដែលធ្វើបាតុកម្ម​ដោយសន្តិវិធី គឺជាបញ្ជាខុសច្បាប់ និងអមនុស្សធម៌ ដែលកងកម្លាំងប្រដាប់អាវុធ មិនត្រូវធ្វើតាមដាច់ខាត។»

«សូមកងកម្លាំងប្រដាប់អាវុធ កុំឈរខាងរបបផ្តាច់ការក្បត់ជាតិ សព្វថ្ងៃ តែសូមបែរមកឈរខាងប្រជារាស្ត្រ ដែលទាមទារសេរីភាព និងយុត្តិធម៌ ហើយទាមទារ ឲ្យមានអ្នកដឹកនាំ​ថ្មី ដែលជាអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិ ប្រកបដោយទសពិធរាជធម៌»៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។