សម្រាប់មេដឹកនាំប្រឆាំង របស់ប្រទេសកម្ពុជា បានសំដែងការជឿជាក់ថា ផែនការផ្ទេរអំណាច របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅឲ្យកូនប្រុសច្បងរបស់លោក នឹងទទួលបរាជ័យ ក្រោមហេតុផលច្រើនយ៉ាង ជាពិសេសហេតុផល ដែលផ្ទុះចេញពីផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជាតែម្ដង។
កាលពីថ្ងៃទី២២ ខែមិថុនា លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសជាសាធារណៈថា គណបក្សរបស់លោក មានបេក្ខជនជំនាន់ក្រោយជាច្រើន តែលោកគាំទ្របេក្ខភាពកូនប្រុសលោក គឺលោក ហ៊ុន ម៉ាណែត ឱ្យក្លាយជានាយករដ្ឋមន្ត្រី ទៅថ្ងៃអនាគត។
ការប្រកាសរបស់បុរសខ្លាំងកម្ពុជា ត្រូវបានក្រុមអ្នកឃ្លាំមើល ចាត់ទុកថា ជាផែនការកាន់តែច្បាស់ឡើង នៃការផ្ទេរអំណាច តាមរបៀបសន្តិវង្ស ដើម្បីរក្សាអំណាចឲ្យត្រកូល ហ៊ុន។
តែលោក សម រង្ស៊ី បានគិតថា ការលើកឡើងខាងលើរបស់លោក ហ៊ុន សែន គ្រាន់តែបង្ហាញពី«ការចង់រក្សាអំណាចមួយជីវិត» និង«ការភ័យខ្លាចរបស់គាត់ពីការបាត់បង់អំណាច» របស់នាយករដ្ឋមន្ត្រីរូបនេះប៉ុណ្ណោះ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិពន្យល់ថា សមត្ថភាព របស់លោក ហ៊ុន ម៉ាណែត ក្នុងពេលបច្ចុប្បន្ន នៅមិនមានបទពិសោធន៍ គ្មានគូកន និងគ្មានភាព«សាហាវព្រៃផ្សៃ» ដូចលោក ហ៊ុន សែន ជាឪពុកនៅឡើយ ទើបដំណាក់កាលនៃការផ្ទេរអំណាច មិនអាចធ្វើបាននៅក្នុងពេលនេះ និងកាន់តែមិនអាចធ្វើបានក្នុងពេលខាងមុខ។
មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្នុងប្រទេសបារាំង បានសរសេរ នៅលើបណ្ដាញសង្គមថា៖
«ហ៊ុន សែន ទន្ទេញពីការចង់ផ្ទេរអំណាច ទៅឲ្យកូនគាត់ ពីព្រោះគាត់ដឹងថា ពេលណាគាត់ចាស់ពេកទៅ ធ្វើការលែងកើត ហើយត្រូវបាត់បង់អំណាច ពេលនោះ គាត់នឹងត្រូវប្រឈម មុខតុលាការប្រជារាស្ត្រ ឬក៏តុលាការអន្តរជាតិ ដែលនឹងអូស ក គាត់យកទៅកាត់ទោស។»
លោក សម រង្ស៊ី បានយកករណីមរណភាព នៃអតីតមេដឹកនាំ នៅក្នុងប្រទេសមួយចំនួនមកបញ្ជាក់ ដូចជាលោក នីកូឡា ឆាវឆេស្គូ (Nicolae Ceaușescu) នៅប្រទេសរ៉ូម៉ានី ក្នុងឆ្នាំ១៩៨៩, លោក សាដាម ហ៊ូសេន (Saddam Hussein) នៅប្រទេសអ៊ីរ៉ាក់ ក្នុងឆ្នាំ២០០៣ និងលោក មូអាម៉ា ហ្គាដាហ្វី (Muammar Gaddafi) នៅប្រទេសលីប៊ី ក្នុងឆ្នាំ២០១១ជាដើម។
«ដោយសារតែ ហ៊ុន សែន ភ័យខ្លាចទទួលវាសនា ដូចជនផ្តាច់ការទាំង៣នាក់ខាងលើនេះ ទើបគាត់ទន្ទេញមិនចេះចប់មិនចេះហើយ ថាគាត់នឹងបន្តុបកូនបង្កើតរបស់គាត់ ឲ្យមកកាន់អំណាចបន្តពីគាត់។»
«តាមការពិត គាត់ព្រួយបារម្ភណាស់ថា កូនគាត់នេះមិនអាចកាន់អំណាចបន្តពីគាត់បានទេ ពីព្រោះមិនមានទាំងជំនាញ ទាំងបទពិសោធន៍ ទាំងគូកន និងទាំងចិត្តហ៊ានកាប់សម្លាប់ប្រជារាស្ត្រ និងបំផ្លាញជាតិ ដើម្បីរក្សាអំណាច ដូចខ្លួនគាត់ជាឪពុក បានធ្វើរយៈពេល៣៥ឆ្នាំកន្លងមក។»
ដៃគូបដិបក្ខដ៏ស្រួចស្រាវ ផ្នែកនយោបាយ របស់លោក ហ៊ុន សែន បានពន្យល់ថា៖
«តាមការពិត ហ៊ុន សែន យល់ច្បាស់ថា មិនអាចផ្ទេរអំណាច ឲ្យកូនគាត់យ៉ាងងាយៗអញ្ចឹងទេ ពីព្រោះការផ្ទេរអំណាចពីឪទៅកូន ពីកូនទៅចៅ តាមរបៀបផ្តាច់ការ ដូចនៅប្រទេសកូរ៉េខាងជើង មិនអាចធ្វើទៅរួចទេ នៅប្រទេសកម្ពុជា ហើយការផ្ទេរអំណាចពីឪទៅកូន តាមរបៀបប្រជាធិបតេយ្យ គឺតាមរយៈការបោះឆ្នោតត្រឹមត្រូវ ក៏មិនអាចទៅរួចដែរនៅប្រទេសកម្ពុជា ដោយសារតែប្រជារាស្ត្រខ្មែរ មិនចង់ឲ្យប្រទេសកម្ពុជា ក្លាយទៅជាកម្មសិទ្ធិឯកជនរបស់ត្រកូល ហ៊ុន សែន ទេ។»
លោក សម រង្ស៊ី អះអាងទៀតថា៖
«ការដែល ហ៊ុន សែន ទន្ទេញពីការចង់ផ្ទេរអំណាច ទៅឲ្យកូនគាត់ គ្រាន់តែជាការឆ្លុះបញ្ចាំងពីការភ័យខ្លាចរបស់គាត់ ថាគាត់នឹងត្រូវប្រឈមមុខការកាត់ទោសថ្ងៃណាមួយ ពីបទឧក្រិដ្ឋរាប់មិនអស់របស់គាត់ ពីព្រោះនៅពេលដែលគាត់បាត់បង់អំណាចភ្លាម គ្មាននរណាអាចការពារគាត់បានទេ សូម្បីតែកូនគាត់បង្កើតក៏មិនអាចដែរ។»
«ផែនការផ្ទេរអំណាចរបស់ ហ៊ុន សែន នឹងទទួលបរាជ័យដោយគេចមិនផុត ពីព្រោះសូម្បីតែនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ក៏គ្មាននរណាឆ្កួត ទៅគាំទ្រផែនការគ្រួសារនិយម ដ៏ឡឺកឺបែបនេះឡើយ៕»