ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានហៅការបង្កើត«រដ្ឋាភិបាលបង្រួបបង្រួមជាតិ» ដែលមានការចូលរួម ពីលោក ស ខេង ថា«ជាគំនិតមួយ ដ៏ត្រឹមត្រូវ»។ ការអះអាងរបស់មេដឹកនាំប្រឆាំង ធ្វើឡើងក្នុងខណៈលោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ និងជាបុរសខ្លាំងទី២ នៃរបបក្រុងភ្នំពេញ កំពុងស្ថិតក្នុងប្រទេសបារាំង ដើម្បី«ធុរៈផ្ទាល់ខ្លួន»។
លោក សម រង្ស៊ី បានលើកឡើង នៅលើបណ្ដាញសង្គមដូច្នេះ ជាមួយរូបថតដែលមានរូបលោកចាប់ដៃ ជាមួយលោក ស ខេង និងរូបថតមួយសន្លឹកទៀត ដែលមានលោក ស ខេង នៅកណ្ដាលរវាងរូបលោក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ មេដឹកនាំប្រឆាំងបានសរសេរថា៖
«ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលមានលោក ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយ ដ៏ត្រឹមត្រូវ។ លោក ស ខេង ជាមនុស្សកណ្តាល។»
ឧបនាយករដ្ឋមន្ត្រី លោក ស ខេង បានធ្វើដំណើរទៅកាន់ប្រទេសបារាំង ចាប់ពីថ្ងៃទី២២ ខែសីហា រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ។ ខុទ្ទកាល័យរបស់លោក ស ខេង បានអះអាង ក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ដំណើររបស់បុរសខ្លាំងទី២ ធ្វើឡើងដោយសារមាន«ធុរៈផ្ទាល់ខ្លួន» និងមានការអនុញ្ញាត ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេសបារាំង បានបង្ហើបប្រាប់វិទ្យុសម្លេងប្រជាធិបតេយ្យ«VOD»ថា ក្រុមខ្លួនមានគម្រោងជួប ជាមួយលោក ស ខេង។ តែក្រុមមន្ត្រីទាំងនោះ មិនបានបញ្ជាក់ឲ្យបានលំអិត អំពីព័ត៌មាននេះបន្ថែមទេ។
តែព័ត៌មានទម្លាយដោយក្រុមមន្ត្រីប្រឆាំងខាងលើ ត្រូវបានលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រកាសច្រានចោល ដោយអះអាងថា លោក ស ខេង គ្មានកម្មវិធីផ្សេងក្រៅពី«ធុរះផ្ទាល់ខ្លួន»ឡើយ។
កាលពីពាក់កណ្ដាលខែកក្កដា លោក សម រង្ស៊ី បានប្រកាសអំពីលទ្ធភាព បង្កើត«រដ្ឋាភិបាលបង្រួបបង្រួមជាតិ»ថ្មីមួយ នៅកម្ពុជា។ លោកបានលំអិតជុំវិញគម្រោងនោះ ថាគឺដើម្បីរំដោះប្រទេសកម្ពុជា ពី«របបផ្តាច់ការ ពុករលួយ និងក្បត់ជាតិ» ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ។
ជាប្រតិកម្មតបវិញ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ បានហៅគម្រោងរបស់លោក សម រង្ស៊ី ថាជាចលនាចង់ឲ្យមានសង្គ្រាមនៅកម្ពុជា៕