ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហើបឲ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០១៣ ពោលគឺក្រោយពេលលោក ប្រកាសវិលចូលស្រុកវិញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៣ លោក ហ៊ុន សែន បានទាក់ទង លោក ក្នុងរដ្ឋធានីប៉ារីស (បារាំង) ដើម្បីប្រាប់ថា លោកនាយករដ្ឋមន្ត្រី នឹងទូលស្នើព្រះមហាក្សត្រ សុំព្រះរាជទានលើកលែងទោស ជូនលោក នៅក្នុងស្មារតី «បង្រួបបង្រួមជាតិ»។
មេដឹកនាំប្រឆាំង បានបញ្ជាក់ពីបញ្ហានេះ ដោយសំណេរជាភាសាអង់គ្លេស នៅលើបណ្ដាញសង្កម កាលពីប៉ុន្មានម៉ោងមុន ជាមួយនឹងការអះអាងថា លោក សម រង្ស៊ី ចង់បំភ្លឺឡើងវិញ ពីព័ត៌មានដែលមិនត្រឹមត្រូវ ទាក់ទងនឹងការវិលត្រឡប់ ចូលប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៥។
លោក សម រង្ស៊ី បានសរសេរថា នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៣ លោកបានប្រកាសការសម្រេចវិលចូលស្រុកវិញ នៅមុនមានព្រះរាជសារលើកលែងទោស របស់ព្រះមហាក្សត្រ។
លោកបន្តថា តែលោកបានកំណត់ច្បាស់ ពីដំណើរត្រឡប់ចូលស្រុកវិញ ក្នុងនាមលោក ជាប្រធានគណបក្សសង្គ្រោះជាតិ «ដើម្បីនៅជិត ជាមួយប្រជាជនកម្ពុជា ជាពិសេសអ្នកគាំទ្រ នៅមុនការបោះឆ្នោតជាតិ ដែលនឹងមកដល់ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣»។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរឲ្យដឹងទៀតថា៖
«គឺនៅក្រោយការប្រកាសជាសាធារណៈ របស់ខ្ញុំប៉ុណ្ណោះ ដែលលោក ហ៊ុន សែន បានទាក់ទង ទៅខ្ញុំក្នុងរដ្ឋធានី ប៉ារីស ដើម្បីប្រាប់ខ្ញុំថា គាត់នឹងជួយសម្រួល ឲ្យខ្ញុំទទួលបានព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រ នៅក្នុងស្មារតី បង្រួបបង្រួមជាតិ។»
«ទាំងនេះ គឺជាអ្វីដែលបានកើតឡើង នៅខាងក្រោយ ការវិលត្រឡប់របស់ខ្ញុំ ចូលប្រទេសកម្ពុជាវិញ ក្នុងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ដែលកាលនោះ មានពោរពេញដោយសុខសន្តិភាព និងភាពសប្បាយរីករាយ នៅរាជធានីភ្នំពេញ ហើយជាអ្វី ដែលបណ្ដាអ្នកឃ្លាំមើលទាំងឡាយ មិនបានយកចិត្តទុកដាក់»៕