សម្រាប់មេដឹកនាំប្រឆាំង បានពន្យល់ថា ការប្រកាសរបស់រដ្ឋាភិបាលក្រុងភ្នំពេញ ដែលថា កម្ពុជាមិនបានដាក់សមាជិកសភាអ៊ឺរ៉ុប ចូលក្នុងបញ្ជីខ្មៅ នៃជនហាមឃាត់ចូលទឹកដីកម្ពុជានោះ ជាការសម្រេចចិត្តបែប«ត្រឡប់ត្រឡិន» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងរងសម្ពាធ ពីសហគមន៍អន្តរជាតិ។
ដើម្បីយល់រឿងនេះ គេត្រូវត្រឡប់ទៅអានលិខិតមួយ របស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ដែលបានសរសេរ«ណែនាំ» ទៅដល់រាល់ឯកអគ្គរាជទូត និងអគ្គកុងស៊ុលរបស់កម្ពុជា ប្រចាំនៅបរទេសទាំងអស់ ឲ្យ«បដិសេធការផ្ដល់ទិដ្ឋាការ» ទៅជនណាក៏ដោយ ដែលមានបំណងចង់គាំទ្រ និងការពារទណ្ឌិត ដែលត្រូវបានតុលាការកម្ពុជាផ្ដន្ទាទោស។
លិខិតនោះ ដែលចុះលេខ ៥៩៨៧ និងចុះហត្ថលេខា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ បានអមមកជាមួយ នូវបញ្ជីឈ្មោះសមាជិកសភាអ៊ឺរ៉ុប ៦នាក់ ដែលធ្លាប់អះអាង កាលពីអំឡុងខែមិថុនា ថាពួកគេនឹងធ្វើដំណើរ មកប្រទេសកម្ពុជា ស្របគ្នានឹងការធ្វើមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី និងក្រុមមេដឹកនាំផ្សេងទៀត របស់គណបក្សសង្គ្រោះជាតិ។
លិខិត«ណែនាំ»របស់រដ្ឋមន្ត្រីការបរទេស ធ្វើឡើងប៉ុន្មានថ្ងៃ ក្រោយការថ្លែងរបស់លោក ហ៊ុន សែន នៅចំពោះអ្នកគាំទ្រ ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីដើមខែកក្កដា ដែលចេញបញ្ជា កុំឲ្យផ្ដល់ទិដ្ឋាការ ដល់សមាជិកសភាអ៊ឺរ៉ុប ទាំង៦រូបនោះ។
បុរសខ្លាំងកម្ពុជា បានថ្លែងនៅពេលនោះថា៖
«ហើយឥឡូវស្អី មានអ្នកណា តំណាងរាស្ត្រ ៦នាក់ អមដំណើរអាណាចូលស្រុក… ខ្ញុំបញ្ជាក់រឿងនេះបន្តិច ពលរដ្ឋកម្ពុជាចង់ទៅប្រទេស ជាសិទ្ធិរបស់ពលរដ្ឋកម្ពុជា គ្មានអ្នកណាហាមឃាត់ទេ។ សូមអញ្ជើញទៅ ពេលណាក៏បាន។ ចំពោះជនបរទេស ធម្មតា អ្នកឯងត្រូវសុំវីសា (ទិដ្ឋាការ)។ បើខ្ញុំមិនឱ្យអ្នកឯងចូលមើល? សាកលមើល? ឥឡូវសូមអញ្ជើញ តំណាងរាស្ត្រមកប៉ុន្មាន ជូនទៅ ខ្ញុំអត់ធ្វើអីតំណាងរាស្ត្រ តែសុំវៃវីសាឱ្យហើយ ចាំចូល។ បញ្ជូនឈ្មោះមក គឺស្រួលឱ្យយើងទេ។ ទូតនានានៅតាមប្រទេសនានា គេវៃឈ្មោះតំណាងរាស្ត្រនេះ នៅប្រទេសនេះ ស្រួលហើយ ឃើញឈ្មោះហ្នឹង កុំឱ្យវីសា»។
ផ្ទុយទៅវិញ លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានអះអាងតាមសារព័ត៌មានក្នុងស្រុកថា ដំណឹងនៃការដាក់សមាជិកសភាអ៊ឺរ៉ុប ទាំង៦នាក់ ចូលក្នុងបញ្ជីខ្មៅនោះ ជាព័ត៌មាន «ក្លែងក្លាយ»ទៅវិញ។ មន្ត្រីអ្នកនាំពាក្យរូបនេះ បានអះអាងថា ក្រសួងការបរទេស ពុំបានចេញបញ្ជា ឱ្យស្ថានទូតរបស់ខ្លួន នៅក្រៅប្រទេស បដិសេធការផ្ដល់ទិដ្ឋាការ ដល់សមាជិកសភាអឺរ៉ុប ទាំងនោះទេ។
សម្រាប់លោក សម រង្ស៊ី ការអះអាងជាថ្មីនេះ ជាភាសា«ត្រឡប់ត្រឡិន» របស់លោក ហ៊ុន សែន ដែលមេដឹកនាំប្រឆាំង ចាត់ទុកថា បានធ្វើឡើងព្រោះរងសម្ពាធ កាន់តែខ្លាំង ពីសំណាក់សហគមន៍អន្តរជាតិ។ ប្រធានស្ដីទីគណបក្សប្រឆាំង បានពន្យល់នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖
«បន្ទាប់ពីហាមឃាត់ តំណាងរាស្ត្រអឺរ៉ុប ៦រូប មិនឲ្យអមដំណើរលោក សម រង្ស៊ី ពេលលោកវិលត្រឡប់ មកកម្ពុជាវិញ ឥឡូវលោក ហ៊ុន សែន ថយក្រោយវិញ ដោយប្រកាសថា ការហាមឃាត់របស់គាត់ គឺជាព័ត៌មានមិនពិត។ ភាសាត្រឡប់ត្រឡិនបែបនេះ របស់លោក ហ៊ុន សែន សឲ្យឃើញថា គាត់កំពុងតែទទួលសម្ពាធអន្តរជាតិ កាន់តែខ្លាំងឡើង ហើយក៏ជាជោគជ័យមួយដ៏ធំធេង សម្រាប់អ្នកប្រជាធិបតេយ្យ ទូទាំងពិភពលោក។»
អង្គការសេរីនិយមអន្តរជាតិ (Liberal International) ដែលមានសមាជិក ជាគណបក្សនយោបាយ ចំនួន១០៦គណបក្ស នៅលើពិភពលោក បានចេញសេចក្ដីថ្លែងការណ៍ ហៅការបង្កើតបញ្ជីខ្មៅ របស់រដ្ឋាភិបាលក្រុងភ្នំពេញ ថាជា«ភស្ដុតាងកាន់តែច្បាស់» អំពីការដើរថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យពហុបក្ស និងអំពីការរំលោភសិទ្ធិមនុស្ស នៅកម្ពុជា៕