កម្ពុជា

សម រង្ស៊ី ពន្យល់​ពី​«ការ​បោកបញ្ឆោត»​របស់ ហ៊ុន សែន

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចេញលិខិតអំពាវនាវមួយ ទៅកាន់ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ត្រូវ «រក្សាជំហរឲ្យរឹងមាំ កុំចាញ់ការសម្លុត និងការបោកបញ្ឆោត» ពីលោក ហ៊ុន សែន។

លិខិតនោះ ដែលមានកម្រាស់ពីរទំព័រ ត្រូវបានលោក សម រង្ស៊ី សរសេររៀបរាប់ ពី«ភាពស្លន់ស្លោរ» របស់លោក ហ៊ុន សែន ដោយសារការគាបសង្កត ពីសហគមន៍អន្តរជាតិ ជាពិសេសសហភាពអ៊ឺរ៉ុប ដែលធ្វើឲ្យលោក ហ៊ុន សែន ងាកមកប្រើកលល្បិច ់ដើម្បី«បំបែកគណបក្សសង្គ្រោះជាតិ» មុននឹងលើកពី «ដំណោះស្រាយតែមួយជ្រុង ដែលក្លែងក្លាយ» ប្រាប់ទៅសហគមន៍អន្តរជាតិ។

កាលពីព្រឹកថ្ងៃពុធ ទី១២ ខែធ្នូនេះ លោក ហ៊ុន សែន បានថ្លែងអះអាង ពីការកែច្បាប់ជាថ្មីទៀត ទៅលើច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីអ្វីមួយ ដែលបុរសខ្លាំងកម្ពុជា ពន្យល់ថា ដើម្បីបើកផ្លូវឲ្យលោក អាចស្នើសុំទៅព្រះមហាក្សត្រ អាចលើកលែងទោស ឲ្យមន្ត្រីទាំងឡាយ មកពីគ្រប់គណបក្សនយោបាយទាំងអស់ ដែលត្រូវបានតុលាការហាមឃាត់ធ្វើសកម្មភាពនយោបាយ មានលទ្ធភាធ្វើនយោបាយឡើងវិញ។

ប៉ុន្តែនាយករដ្ឋមន្ត្រីអាណត្តិថ្មី របស់ប្រទេសកម្ពុជា បានលើកឡើងថា បន្ទាប់ពីច្បាប់កែថ្មីនេះ ចូលជាធរមាន នឹងគ្មានការលើកលែងទោស ឲ្យមន្ត្រីនយោបាយទាំងអស់ ពេញមួយគណបក្សនោះឡើយ។ លោកថា មន្ត្រីនយោបាយត្រូវធ្វើសំណើរ ម្នាក់ម្ដងៗ ស្នើទៅកាន់រូបលោក ដើម្បីឲ្យលោកពិនិត្យមើល ថាតើមន្ត្រីរូបនោះ មានលក្ខណៈសម្បត្តិ អាចត្រូវលោកទូលស្នើ ទៅព្រះមហាក្សត្រ ឲ្យលើកលែងបម្រាមនោះ ឬយ៉ាងណា។

សម្រាប់លោក សម រង្ស៊ី ទង្វើរបស់លោក ហ៊ុន សែន ក្នុងប៉ុន្មានថ្ងៃចុក្រោយ មានបំណងចង់គេសចេញ ពីដំណោះស្រាយជាកញ្ចប់ មាន៥ចំណុច លើកឡើងដោយលោក សម រង្ស៊ី ខ្លួនលោក និងដែលមានការជំរុញ ពីសំណាក់សហគមន៍អន្តរជាតិ។ មេដឹកនាំប្រឆាំង បានសរសេរ នៅក្នុងលិខិតអំពាវនាវខាងលើថា៖

«បំណងរបស់ជនផ្តាច់ការ ហ៊ុន សែន គឺចង់បំបែកគណបក្សសង្គ្រោះជាតិ ដើម្បីទៅប្រាប់​សហគមន៍អន្តរជាតិ ថាមានថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ មួយចំនួន បានមកចុះចូលគាត់ ដូច្នេះ មិនចាំបាច់តម្រូវឲ្យគាត់ បើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញទេ តាមសំណើរ​របស់សហគមន៍​អន្តរជាតិ»។

ប្រធានស្ដីទីគណបក្សប្រឆាំង បន្តថា៖

«បើថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិ​ទាំងអស់ នៅរួបរួមគ្នាជាធ្លុងមួយ ហើយមិនចាញ់ការសម្លុត និងការបោកបញ្ឆោត របស់ជនផ្តាច់ការ ហ៊ុន សែន នោះយើងនឹងទទួលបានដំណោះស្រាយរួម ទាំង ៥ ចំណុច ដូចបានបញ្ជាក់ខាងលើ តាមការជម្រុញ ពីសហគមន៍អន្តរជាតិ។ តែបើគណបក្សសង្គ្រោះជាតិ បែកបាក់គ្នា នោះ ហ៊ុន សែន នឹងទទួលជ័យជំនះ​លើយើង ដោយគាត់ប្រើ​ដំណោះស្រាយ​ តែមួយជ្រុង គឺគ្រាន់តែផ្តល់សិទ្ធិធ្វើនយោបាយ ឲ្យអតីត​ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ​មួយចំនួន តែប៉ុណ្ណោះ។»

លោក សម រង្ស៊ី ពន្យល់បន្ថែមថា៖

«អ្នកដែលទទួលសិទ្ធិពី ហ៊ុន សែន ឲ្យធ្វើនយោបាយតទៅទៀត ក៏មិនដឹងជាធ្វើនយោបាយ​​យ៉ាង​ម៉េចដែរ ក្នុងគ្រាដែលគណបក្សសង្គ្រោះជាតិ ត្រូវគេរំលាយ ហើយប្រធានគណបក្ស​សង្គ្រោះជាតិ គឺលោក កឹម សុខា ត្រូវគេចាប់ឃុំឃាំង។ ដូច្នេះ សម្រាប់អ្នកដែលទទួលសិទ្ធិពី ហ៊ុន សែន គ្មានផ្លូវណាធ្វើនយោបាយតទៅទៀត ក្រៅពីទៅបម្រើនយោបាយ ហ៊ុន សែន ដោយផ្ទាល់ ឬដោយប្រយោល។»៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។