កម្ពុជា

សម រង្ស៊ី ថ្លែង​បន្ថែម​ឲ្យ​ជនមាន​កាំភ្លើង ត្រៀម​ការពារ​ខ្លួន​និង​ពលរដ្ឋ

នៅចំពោះគម្រោងបើកសវនាការ របស់សាលាដំបូងរាជធានីភ្នំពេញ ពីបទចោទ «ញុះញង់កុំឲ្យយោធិន ស្តាប់បង្គាប់ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព» លោក សម រង្ស៊ី បានបញ្ជាក់ជំហរថា លោកមិនខ្វល់អ្វីឡើយ។ ផ្ទុយទៅវិញ លោកបានអំពាវនាវបន្ថែម ទៅកាន់ជនណាក៏ដោយ ដែលប្រដាប់ដោយអាវុធ ឲ្យរក្សាអាវុធនេះ ដើម្បី«ត្រៀម​ការពារ​ខ្លួន​និង​ពលរដ្ឋ»។

សារព័ត៌មានក្នុងស្រុកបាន ផ្សាយឲ្យដឹងថា ព្រះ​រាជ​អាជ្ញា​រង​ នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី លោក ប្លង់​ សុផល​ បាន​ចេញ​​ដីកាកាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ ​​កោះ​ហៅ​លោក ​សម រង្ស៊ី​ ឲ្យ​ចូល​រួម​សវនាការ​ នៅ​ថ្ងៃទី​ ២២ ​ខែ​មេសា​ខាង​មុខ​ ពាក់​ព័ន្ធ​នឹង​បទ​ចោទ​​ទាំងពីរខាងលើ ​តាម​មាត្រា​ ៤៧១ និង​៤៧២ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។

អះអាងតាមបណ្ដាញសង្គម កាលពីមុននេះបន្តិច មេដឹកនាំប្រឆាំងបានសរសេរថា៖

«ថ្ងៃនេះ ខ្ញុំបានទទួលដំណឹងថា តុលាការអាយ៉ង នៅទីក្រុងភ្នំពេញ កោះហៅខ្ញុំ ឲ្យទៅបង្ហាញមុខ នៅថ្ងៃ ២២ មេសា ខាងមុខនេះ ពីបទចោទប្រកាន់ “ញុះញង់កុំឲ្យយោធិន ស្តាប់បង្គាប់ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព”។»

«តែខ្ញុំមិនខ្វល់ ពីការកោះហៅរបស់តុលាការអាយ៉ងនេះទេ ហើយខ្ញុំនៅតែអំពាវនាវកាន់តែខ្លាំងឡើងៗ ហើយកាន់តែញឹកញាប់ទៅៗ៖ “សូមកងកម្លាំងប្រដាប់អាវុធ នាយទាហាន ពលទាហាន និងកងនគរបាល កុំធ្វើតាមបញ្ជា ពីមេដឹកនាំផ្តាច់ការ បើគេបញ្ជាឲ្យបាញ់ប្រហារ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់”។»

តាម​មាត្រា​ទាំង​២​ខាងលើ ​លោក​ សម រង្ស៊ី អាចប្រឈម​​​នឹងការ​ផ្តន្ទា​ទោស​ ដាក់​ពន្ធនា​គារ​ចន្លោះ​ពី​ ២​ឆ្នាំ​ ទៅ​ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ​ពី​៤លាន​រៀល ​ទៅ ​១០ លាន​រៀល។ ការ​ចោទ​ប្រកាន់នោះ ធ្វើឡើងដោយឈរ លើការអំពាវ​នាវមួយរបស់លោក កាលពី​ថ្ងៃទី ​៩ ខែធ្នូ ​ឆ្នាំ ២០១៧ អះអាង​ថា​៖

«​សូម​​កងកម្លាំង​ប្រដាប់​អាវុធ​ ពល​ទាហាន ​និង​នគរបាល​កុំ​ធ្វើ​តាម​បញ្ជា ​ពី​មេដឹកនាំ​ផ្តាច់ការ ​បើ​គេ​បញ្ជា​ឲ្យ​បាញ់​ប្រហារ ​និង​សម្លាប់​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់។»។

«ត្រៀម​ការពារ​ខ្លួន​និង​ពលរដ្ឋ»

នៅក្នុងការថ្លែងរបស់លោក នៅថ្ងៃនេះ មេដឹកនាំប្រឆាំងបានបន្ថែមការអំពាវនាវមួយទៀតថា៖ 

«សូមបងប្អូនជនរួមជាតិ និងកូនក្មួយម្នាក់ៗ ដែលមានកាំភ្លើងមួយដើមក្នុងដៃ ត្រៀមខ្លួនឈប់ស្តាប់បញ្ជា ពីរបបតិរច្ឆាន ហ៊ុន សែន ហើយរក្សាកាំភ្លើងនោះ ដើម្បីការពារខ្លួនឯង និងការពារប្រជាពលរដ្ឋ ដែលមានសាច់ឈាមជាខ្មែរដូចគ្នា”។ ក្រោម​របប​តិរច្ឆាន​នេះ យើងក៏ត្រូវរក្សាអាវុធផងដែរ ដើម្បីការពារដីធ្លី និងផ្ទះសម្បែងរបស់យើង ពេលណាគេមករឹបអូសដីធ្លី និងផ្ទះសម្បែងរបស់យើង ថែមទាំងបាញ់ប្រហារមកលើយើងថែមទៀត។»

ប្រធានស្ដីទីគណបក្សប្រឆាំង បានបន្តថា៖

«ការការពារអាយុជីវិតរបស់យើងម្នាក់ៗ ពេលប្រឈមមុខ ការគំរាមកំហែងដល់ជីវិត ពីសំណាក់ជនណាមួយ ឬក្រុមណាមួយដ៏សាហាវ មិនមានទោសអ្វីទេ ចំពោះមុខច្បាប់ ពីព្រោះបើយើងមិនការពារ អាយុជីវិតរបស់យើងទេ គេច្បាស់ជា នឹងសម្លាប់យើងតែម្តង៕»

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។