កម្ពុជា

«ដំណើរក្តី​របស់តុលាការកម្ពុជា ទំនង​ជាការបំភិតបំភ័យ ​និង​បំបាក់គូប្រជែង»

ដំណើរក្តី​របស់តុលាការកម្ពុជា ទំនងជាផ្នែកមួយ នៃយុទ្ធសាស្ត្របំភិតបំភ័យ និងបំបាក់មុខ​គូប្រជែង របស់រដ្ឋាភិបាលលោក ហ៊ុន សែន។ នេះ ជាការអះអាងឡើង របស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំកម្ពុជា នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ផ្សាយចេញពីក្រុងហ្សឺណែវ ប្រទេសស្វីស។

នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលអ្នកសារព័ត៌មាន ទទួលបានក្នុងយប់ថ្ងៃពុធទី២៥ ខែវិច្ឆិកានេះ អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានសម្តែង កង្វល់យ៉ាងខ្លាំង អំពីការជំនុំជម្រះក្តីទ្រង់ទ្រាយធំមួយ ដែលនឹងកើតមានទៅលើបុគ្គលមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិកម្ពុជា (CNRP)។

អ្នកស្រីបានមាន​ប្រសាសន៍ថា ព័ត៌មានគួរឲ្យទុកចិត្តបាន ចង្អុលបង្ហាញអំពី​ការជំនុំ​ជម្រះក្តី​ជាច្រើន ដែលនឹងចាប់ផ្តើមធ្វើ នៅថ្ងៃព្រហស្បត្តិ៍ទី២៦ ខែវិច្ឆិកា ដែលយ៉ាង​ហោចណាស់ ក៏មាន​មនុស្ស​ចំនួន ១១៣ នាក់ ដែរ ដែលត្រូវបានកោះហៅ​ដោយសាលា​ដំបូង​រាជធានីភ្នំពេញ។ មនុស្សជាច្រើននាក់​ទៀត ត្រូវបានកោះហៅ សម្រាប់ការជំនុំជម្រះក្តីមួយ​ នៅក្នុងខែធ្នូ។

អ្នកទាំងនោះភាគច្រើនប្រឈមនឹងការចោទប្រកាន់ពីបទសមគំនិត និងញុះញង់ បង្ករឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាបទឧក្រិដ្ឋដែលត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ រហូតដល់ ១០ ឆ្នាំ។

«ដំណើរក្តី​របស់តុលាការកម្ពុជា ទំនងជាកើតចេញពី…»

អ្នកស្រី ស្មីត បានមានប្រសាសន៍ថា៖

«ការជំនុំជម្រះក្តីទ្រង់ទ្រាយធំ ទៅលើសកម្មជនគណបក្សសង្គ្រោះជាតិ ទំនងជាកើតចេញ ពីហេតុផលនយោបាយ ខ្វះមូលដ្ឋានច្បាប់ច្បាស់លាស់ និងជាការរំលោភ យ៉ាងធ្ងន់ធ្ងរ ទៅលើសិទ្ធិនីតិវិធីត្រឹមត្រូវ ដែលបានបង្កើតឡើង​ យ៉ាងរឹងមាំ ដោយច្បាប់សិទ្ធិមនុស្ស​អន្តរជាតិ។»

«នេះមិនមែនជាភាគមួយ ដាច់ដោយឡែកទេ។ លំហប្រជាពលរដ្ឋ និងប្រជាធិបតេយ្យ នៅកម្ពុជា បានបន្តធ្លាក់ចុះ ហើយមានភ័ស្តុតាងតិចតួច ដែលបង្ហាញពី​ការបង្រួបបង្រួម និងការផ្សះផ្សានយោបាយ។»

អ្នកជំនាញ អ.ស.ប បានរៀបរាប់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធរបាន​ចាត់វិធានការ បង្ក្រាបអ្នកទាំងឡាយណា ដែលមានទំនាក់ទំនង ជាមួយ​គណបក្សសង្គ្រោះ​ជាតិ។ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩ មក មានមនុស្សជាង ១៥០ នាក់ ដែលមាន​ទំនាក់ទំនង ជាមួយគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន និងឃុំខ្លួន ដែលអ្នក​ទាំងនោះ ភាគច្រើន ប្រឈមនឹងការចោទប្រកាន់ ពីបទរៀបចំ​ផែនការផ្តួលរំលំ​រដ្ឋាភិបាល និង​ញុះញង់។

អ្នកស្រី ស្មីត មានប្រសាន៍ទៀតថា៖

«មនុស្សគ្រប់រូប ត្រូវមានសិទ្ធិមានពេលវេលា និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីរៀបចំ​រឿងក្តីរបស់ខ្លួន។»

«ដោយសារបច្ចុប្បន្ន បុគ្គលមួយចំនួន ដែលត្រូវបានតុលាការកោះហៅ កំពុងរស់នៅ​ក្រៅប្រទេសកម្ពុជា មានមូលដ្ឋានសមហេតុផល ដែលអាចជឿថា ជនជាប់ចោទ​មិនមានលទ្ធភាព​ទទួលបានឯកសារពាក់ព័ន្ធ រួមទាំងសម្ភារភ័ស្តុតាង​ដោះបន្ទុក ដើម្បីត្រៀមរៀបចំការពារខ្លួនឡើយ។»

រៀងរាល់ការលើកឡើងកន្លងមក របស់ក្រុមមន្ត្រីផ្លូវការ របស់អង្គការសហប្រជាជាតិ តែងរង​ប្រតិកម្ម ពីមន្ត្រីរដ្ឋាភិបាលកម្ពុជា ដោយអះអាងថា ការអះអាង​របស់មន្ត្រី​ទាំងនោះ ធ្វើឡើង ដោយមិនឆ្លុះបញ្ចាំងការពិត មិនបានស្វែងយល់​ពីច្បាប់កម្ពុជា ឬមាននិន្នាការ គាំទ្រគណបក្សប្រឆាំងជាដើម។

នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល អ្នកស្រី ស្មីត បានបន្តអំពាវនាវ ឲ្យអាជ្ញាធរបើកឲ្យមានលំហរពលរដ្ឋ ការពារ និងលើកស្ទួយសេរីភាពមូលដ្ឋាន រួមទាំងសិទ្ធិក្នុងការជួបប្រជុំ និងការបញ្ចេញមតិ និងដើម្បីធានាសិទ្ធិ ទទួលបានការជំនុំជម្រះ ប្រកបដោយយុត្តិធម៌ សម្រាប់មនុស្សគ្រប់រូប ដូចដែលបានធានា ការពារដោយបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់កម្ពុជា៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។