កម្ពុជា

ព្រះរាជអាជ្ញា​ចោទប្រកាន់ ផែង វណ្ណៈ តែ​មិនទាន់​សម្រេច​ឲ្យ​ឃុំខ្លួន

លោក ផែង វណ្ណៈ ត្រូវបានព្រះរាជអាជ្ញារង លោក វង្ស ប៊ុនវិសុទ្ធ សម្រេចនៅល្ងាចថ្ងៃអង្គារនេះ ចោទប្រកាន់​ពីបទ​«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ» តែនៅមិនទាន់សម្រេច ថាឲ្យឃុំខ្លួនឬយ៉ាងណានៅឡើយ ដោយបញ្ជូនលោក វណ្ណៈ ឲ្យត្រឡប់ទៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ លើផ្ទៃប្រទេសវិញ។

តុលាការនឹងបន្តការសាកសួរ មន្ត្រីយោធាស័ក្ដិ៤កន្លះរូបនេះ នៅថ្ងៃពុធទី៣ ខែមេសា ឆ្នាំ២០១៩ស្អែកបន្ថែមទៀត។ ការសម្រេចចោទប្រកាន់នោះ ធ្វើឡើងដោយយោង តាមមាត្រា ៣០៥ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

លោក ផែង វណ្ណៈ មន្ត្រីយោធាដ៏ល្បីល្បាញ នៅលើបណ្ដាញសង្គម ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចាប់ខ្លួនពីពេលព្រឹក និងនាំខ្លួនទៅដល់តុលាការក្រុងភ្នំពេញ ក្នុងពេលរសៀល ថ្ងៃអង្គារដដែលនេះ ដើម្បីប្រឈមនឹងការសាកសួរ ពីលោកព្រះរាជអាជ្ញា ជុំវិញបទចោទ ពីការញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ ជាសាធារណៈ។

មកដល់ម៉ោងនេះ លោក ផែង វណ្ណៈ រងបណ្ដឹងចំនួន៤ ពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា – ពីស្ថាប័នសារព័ត៌មាន «Fresh News» – ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងពីលោក ខាន់ សុវណ្ណ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូប។

គ្រប់បណ្ដឹងទាំងអស់ មានស្ថានបទចោទប្រហាក់ប្រហែលគ្នា គឺបទ«ជេរប្រមាថ បរិហារកេរ្តិ៍ ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ឬគម្រាមថាសម្លាប់»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។