កម្ពុជា

សាលារាជធានី​ព្រមាន​ពី​«ភាពទ្រុឌទ្រោម»​នៃអាគារ​ចំណាស់​ពីឆ្នាំ១៩៥០

អាគារក្នុងរូបថតខាងលើនេះ អាចនឹងបាក់ស្រុត នៅក្នុងថ្ងៃណាមួយ ដោយសារតែ«ភាពទ្រុឌទ្រោម»របស់វា បណ្ដាលមកពីអាយុកាល ការប្រេះស្រាំ និងកង្វះការថែទាំ ក្នុងពេលកន្លងមក។ នេះបើតាមសេចក្ដីជូនដំណឹងមួយ របស់សាលារាជធានីភ្នំពេញ ដែលចេញផ្សាយ សម្រាប់បណ្ដាពលរដ្ឋដែលរស់នៅក្នុងអាគារ ឲ្យធ្វើការប្រុងប្រយ័ត្ន។

សេចក្ដីជូនដំណឹងរបស់សាលារាជធានី បានយោងតាមលិខិតចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានពន្យល់ថា ស្ថានភាពនៃអគារនេះ មានសភាពទ្រុឌទ្រោម គួរឲ្យព្រួយបារម្ភ ជាពិសេសគ្រឿងបង្គុំសំណង់ប្រមាណជា ៥០% រងការពុកផុយខូចអស់ហើយ ដែលអាចធ្វើឲ្យអាគាររលំបាក់ស្រុត។

នៅក្នុងលិខិតដដែល សាលារាជធានីបានណែនាំ ឲ្យពលរដ្ឋដែលរស់នៅក្នុងអាគារ ត្រូវបញ្ចៀសការផ្ទុកសម្ភារៈដែលធ្ងន់ហួស និងត្រូវរកក្រុមហ៊ុន ឬវិស្វករដែលមានជំនាញច្បាស់លាស់ មកជុសជុលកែលំអ ប្រសិនជាផ្ទះរបស់ពលរដ្ឋនោះ មានសភាពប្រេះស្រាំ ខូចខាតខ្លាំង។

សាលារាជធានីបានបញ្ជាក់ទៀតថា៖

«ក្នុងករណីដែលផ្ទះបងប្អូន មានសភាពទ្រុឌទ្រោមខ្លាំង មិនអាចជុសជុលបាន ត្រូវធ្វើការផ្លាស់ប្ដូរលំនៅដ្ឋានថ្មី ដែលមានសុវត្ថិភាពឲ្យបានឆាប់រហ័ស»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។

Tags: Phnom Penh