កម្ពុជា

ផែង វណ្ណៈ រង​បណ្ដឹង​មួយទៀត ទារ​ជំងឺចិត្តជាង​«១លានដុល្លារ»

បន្ទាប់ពីបណ្ដឹងចំនួនបីមុន នៅថ្ងៃនេះ មន្ត្រីយោធា និងជាម្ចាស់គណនីហ្វេសប៊ុក ដ៏ល្បីល្បាញ លោក ផែង វណ្ណៈ បានរងបណ្ដឹងមួយទៀត ពីអ្នកប្រើប្រាស់បណ្ដាញសង្គមដូចគ្នា។ នោះ គឺបណ្ដឹងរបស់លោក ខាន់ សុវណ្ណ ដែលត្រូវបានដាក់ទៅកាន់សាលាដំបូងរាជធានី ពីបទ «ជេរប្រមាថ គម្រាមថាសម្លាប់ និងបទបរិហារកេរ្តិ៍ជាសាធារណៈ» និងទារសំណងជំងឺចិត្ត ជាង«១លានដុល្លារ»។

ពាក្យបណ្ដឹងដ៏វែងអន្លាយ របស់លោក ខាន់ សុវណ្ណ បានប្ដឹងលោក ផែង វណ្ណៈ ជុំវិញពាក្យសំដីឆ្លើយឆ្លង ដែលបុរសទាំងពីរបានបង្ហោះដាក់គ្នា នៅលើបណ្ដាញសង្គម។ ពាក្យបណ្ដឹងនោះ ឲ្យដឹងថា លោក ខាន់ សុវណ្ណ បានសុំឲ្យតុលាការផ្តន្ទាទោស និងទារសំណងជំងឺចិត្ត ជាទឹកប្រាក់ចំនួនជាង «១លានដុល្លារ» ពីលោក ផែង វណ្ណៈ។



មន្ត្រីយោធា ស័ក្ដិ៤កន្លះ លោក ផែង វណ្ណៈ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នាំខ្លួនទៅដល់តុលាការក្រុងភ្នំពេញ ក្នុងរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩​ដដែលនេះ ដើម្បីប្រឈមនឹងការសាកសួរបន្ថែម ពីលោកព្រះរាជអាជ្ញា ជុំវិញបទចោទ ពីការញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ ជាសាធារណៈ។

បណ្ដឹងរបស់លោក ខាន់ សុវណ្ណ ជាបណ្តឹងទី៤ហើយ ដែលត្រូវបានដាក់ប្ដឹងប្រឆាំង លោក ផែង វណ្ណៈ។

បណ្ដឹងទីមួយ ជារបស់លោក ពេជ្រ ស្រស់ ទៅកាន់អង្គភាព​ប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹង​ករណីតំណាងឲ្យ​ក្រុម​គ្រួសារ​​ជនល្មើស បើកឡានបុកមនុស្សស្លាប់ យកលុយ ៥០០០ដុល្លារ ទៅចូលបុណ្យសព​ជនរងគ្រោះ​។ កាលពីព្រឹកម៉ិញ លោក ពេជ្រ ស្រស់ បានចូលទៅបំភ្លឺក្នុងអង្គភាពប្រឆាំងអំពើពុករលួយរួចហើយ។

បណ្ដឹងទីពីរ ជារបស់មេកាសែត «Fresh News» ទៅកាន់សាលាដំបូងរាជធានី ប្ដឹងលោក ផែង វណ្ណៈ ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ។

តាមរយៈបណ្ដឹងនេះ លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង និង​ជា​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កាលពីម្សិលម៉ិញ បង្គាប់​ឲ្យលោក ផែង វណ្ណៈ ចូល​បង្ហាញខ្លួន នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​បាន​មុន​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ ដើម្បី​សាកសួរ។

រីឯបណ្ដឹងទីបី ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើឡើងតាមរយៈលោក គី តិច មេធាវីតំណាងរបស់លោក ចោទលោក ផែង វណ្ណៈ មានចេតនាបរិហារកេរ្តិ៍លោក ហ៊ុន សែន ថាជាអ្នកនៅពីក្រោយឃាតកម្ម លើលោក កែម ឡី។

នាយករដ្ឋមន្ត្រី​ប្ដឹង​លោក ផែង វណ្ណៈ ទាក់ទង​​នឹងការបង្ហោះមួយ​ក្នុងថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ ដែលលោក វណ្ណៈ ប្រៀបធៀបការយកប្រាក់​ទៅចូលបុណ្យសព​យុវតីរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ថាមិនខុសគ្នា​ពីការចូលបុណ្យ​ធ្វើចេតិយ៍​សពលោក កែម ឡី ពីសំណាក់មេកាសែត «Fresh News» ដែលតំណាងឲ្យលោក ហ៊ុន សែន កាលពីពេលកន្លងមក​នោះទេ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។